ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​​កីឡាប្រដាល់​​កម្ពុជា​​​និង​​សហព័ន្ធ​កីឡា​​​ប្រដាល់​​​ក្បាច់​​​បុរាណខ្មែរនៅ​​បារាំងហាម​​មិន​​ឱ្យ​កីឡាករ​​ចេញទៅ​​ប្រកួត​​នៅក្រៅដោយគ្មាន​​ច្បាប់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​មៀម ស៊ីសារ៉ា ​ប្រធាន​​សហព័ន្ធ​កីឡា​​​ប្រដាល់​​ក្បាច់​​បុរាណ​​ខ្មែរ​​​​​ប្រចាំ​ប្រទេស​បារាំង បានធ្វើ​​​ការអំពាវ​​នាវ​ដល់​កីឡាករ​​ប្រដាល់​​​កម្ពុជា​ទាំងអស់​​​​​ដែល​​ទៅប្រកួត​នៅ​ក្រៅ​​ប្រទេស ​ត្រូវតែ​​​​មានការអនុញ្ញាត​​ពី​សហព័ន្ធ​​​កីឡា​​​ប្រដាល់​​​កម្ពុជា​​​​សិន និយាយ​រួម​ទាល់តែ​​​មានការ​ដឹងឮ​​ពីសហព័ន្ធ​​កីឡា​​ប្រដាល់​កម្ពុជា​ បើពុំ​​នោះទេ ​អាច​នឹង​ចាញ់​​បោក​គេ​មិន​ខាន​ឡើយ ព្រោះ​ថា​​ក្នុង​​ពេល​ថ្មីៗ​នេះ​មាន​កីឡាករ​​​បឺត ខាំ​​ម្នាក់​​ហើយ​ដែល​​គេនាំយក​ទៅ​ប្រកួត​នៅ​ប្រទេស​​​​បារាំង​ហើយត្រូវ​គេ​ក្បត់​​​​កិច្ច​សន្យា​​ប្រគល់​ប្រាក់​ឱ្យ​​​មិន​គ្រប់​​ចំនួន ។​

​លោក​មៀម ស៊ីសារ៉ា បាន​​​ឱ្យ​​ដឹងថា ​កីឡា​ករ​​​បឺត ខាំ ​នៅ​ក្លិប​​សាលវ័ន្ត​​​កីឡា​​​​ ​ត្រូវ​បាន​​​​​មេ​ខ្យល់​​ម្នាក់​ជា​ជន​ជាតិ​​បារាំង​ឈ្មោះ​​ PHILIPE  SEBIR ដែល​មាន​ប្រពន្ធ​ខ្មែរ​​​នាំ​ទៅ​​ប្រកួត​នៅទីក្រុង​​ប៉ារីស​ប្រទេស​បារាំង​​​កាលពី​ខែ​​មីនាកន្លង​ម​ក ហើយ​​​គេ​បាន​​សន្យា​​​ថា ​ប្រកួត​​ម្តង​​​ទទួល​បាន​​តម្លៃ​ខ្លួន​៨០០​​ដុល្លារ​​សហរដ្ឋអាមេរិក​ ​ហើយ​​បឺតខាំ​ជួប​ប្រកួត​បាន​២​លើក​ ។ ប៉ុន្តែ​​ទីបំផុត​គេ​មិនត្រឹម​តែ​​​ប្រគល់​​ប្រាក់​ឱ្យ​​តែ​​ពាក់​កណ្តាល​​​​​(៨០០​ដុល្លារ)ប៉ុណ្ណោះ​​​ទេ ថែមទាំង​​​មិន​​រវល់​​អើពើ​​​ចំពោះ​​​ការ​​ហូប​​​ចុកទៀត​ផង​​ មុន​នឹង​​គេ​បញ្ជូន​ បឺត ខាំ ត្រឡប់​​មក​ស្រុក​​ខ្មែរ​វិញ​ ។ ​លោក​​បាន​បន្ថែម​​​​ទៀត​ថា មូល​ហេតុ​ដែល​​​​​គេ​ធ្វើ​​បែប​នេះ​គឺ​​ដោយ​​​សារតែ​​​គេ​ខឹង​បឺត ខាំ ប្រកួត​ចាញ់​​​​​គេ​ទាំង២​លើក​​ ។​

លោក​​មៀម ស៊ីសារ៉ា​ ​បាន​បញ្ជាក់​​​ថា ​មូល​ហេតុ​ដែល​​​បឺតខាំ​​ប្រកួត​ចាញ់​​គេ​​នេះ​គឺដោយសារ​​មិនមែន​ប្រកួត​ជា​លក្ខណៈ​​​ក្បាច់​ខ្មែរ​​​បុរាណ​​​នោះ​​ឡើយ តែជា​ការ​ប្រកួត​​លក្ខណៈ​​ Kick  Boxing ​ប្រើ​ដៃ​និងប្រើ​​ជើង​ ប៉ុន្តែ​មិន​ឱ្យ​​​ប្រើ​​ជង្គង់​​ទេ ។ ការ​ប្រកួត​បែបនេះ​​តាម​ពិត​​​​​​យើង​​​​មិន​អាច​ឈ្នះ​គេ​បាន​​ឡើយ ព្រោះថា​​​ក្បាច់​​​បុរាណ​ខ្មែរ​​​យើង​មាន​ប្រើ​​​កែង​និង​ជង្គង់​​​ទើប​ជា​ក្បាច់​​បុរាណ​​ខ្មែរ​ពិត​ប្រាកដ ។ លោក​​គិត​ថា​ ការ​បញ្ជូន​​កីឡាករ​​ខ្មែរ​ គ្រូ​ប្រដាល់ខ្មែរទៅ​ក្រៅ​ប្រទេស​​​​​គឺជា​រឿង​ល្អ​បំផុត ​ព្រោះ​​​យើង​មាន​​ឱកាស​​បានធ្វើ​​ការ​ផ្សព្វ​ផ្សាយ​សិល្បៈ​​​​វប្បធម៌​ជាតិ​ខ្មែរ​ ជាពិសេស​​ក្បាច់​គុន​បុរាណ​ខ្មែរ​ឱ្យ​​គេ​បាន​ស្គាល់​នៅពាសពេញ​​​ពិភព​លោក​ ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​កីឡាករ​​បឺត ខាំ ដែល​ទៅតាម​​គេ​លើក​​នេះ​​មិន​បាន​​​ផ្សព្វ​ផ្សាយ​​ក្បាច់​​​គុន​​បុរាណ​​​ខ្មែរ​​ឡើយ ​បាន​ន័យ​ថា គឺ​ជា​ការ​ប្រកួតដើម្បី​​​​បំពេញ​​​ផល​ប្រយោជន៍​​​របស់​​គេ​ប៉ុណ្ណោះ​​ ។

លោក​​​​មៀម ​ស៊ីសារ៉ា ​បាន​ឱ្យ​ដឹងទៀត​ថា សហព័ន្ធ​​​កីឡា​​ប្រដាល់​​កម្ពុជា​ និង​​សហព័ន្ធ​កីឡា​ប្រដាល់​​​​ក្បាច់​បុរាណ​ខ្មែរ​​​​​​ប្រចាំ​ប្រទេស​បារាំង​​បាន​​ចុះ​​កិច្ចសន្យា​​ព្រមព្រៀង​​​គ្នា​រួច​​ហើយ​ ក្នុង​​​នោះគឺមានការ​ឯក​​ភាព​គ្នា​ជាច្រើន​​​​​ចំណុច​​​ ក្នុង​​​ន័យ​ថា​​​ កីឡាករ​​ខ្មែរ​​​នៅ​ប្រទេស​​​កម្ពុជា​ និង​កីឡា​ករ​​​ខ្មែរ​​នៅ​ប្រទេស​បារាំង​ខាងណា​ទៅ​ប្រកួត​​នៅ​​ខាងណាទាល់​តែ​​មាន​ការ​ដឹង​ឮ​​​​ពីសហព័ន្ធ​ទាំង២​ ទើប​បាន​ បូក​រួមទាំងការ​​​ផ្តល់​​តម្លៃ​ខ្លួន​​​​​ផងដែរ គឺ​មាន​ការ​​កំណត់​​​ច្បាស់​​លាស់​ ។ ម្យ៉ាង​ទៀត​​​​សហព័ន្ធ​​កីឡា​ប្រដាល់​​​ក្បាច់​​​បុរាណ​ខ្មែរ​​​នៅបារាំង​មាន​​តួនាទី​​​​យ៉ាង​សំខាន់​ក្នុង​ការ​​​​ចូល​រួម​​ចំណែក​​​ផ្សព្វ​ផ្សាយ​​​​​សិល្បៈ​​វប្បធម៌​​​ក្បាច់​គុន​​បុរាណ​ខ្មែរ​ឱ្យ​​​បាន​​​ទូលំទូលាយ​​បំផុត​ និង​ចូលរួម​​​ការ​ពារ​​​ថែរក្សា​វប្ប​​​ធម៌​​​ដ៏ល្អ​ផូរផង់​របស់​ខ្មែរ​យើង​ឱ្យ​បាន​​​​គង់​វង្ស​​មិន​ត្រូវ​​យក​​ក្បាច់​គុន​​របស់​​គេ​មក​​លាយឡំ​​​​​នោះ​ឡើយ ។​

លោក​​​​ឧត្តម​សេនីយ៍​​តែម ម៉ឺន ប្រធាន​​​សហព័ន្ធ​​​​កីឡា​ប្រដាល់​​កម្ពុជា​បាន​មាន​​​ប្រសាសន៍​​ដែរថា ​ចំពោះ​កីឡាករ​​​បឺត ខាំ​​​ លោក​បាន​ហៅ​គេឱ្យ​មក​ចុះ​កិច្ចសន្យា​​​រួច​ហើយ និង​ថែមទាំង​ព្រមាន​ខ្លាំងៗ​​ទៀតថា​មិន​ឱ្យ​មាន​លើក​​​ក្រោយ​ទៀតទេ ​ហើយ​បើសិន​​ជាមាន​ម្តង​ទៀត​លោក​នឹង​លុប​ឈ្មោះ​ចេញពី​បញ្ជី​កីឡា​ប្រដាល់​​​​មិន​ខាន​​ឡើយ ។ ​ការ​​ដែល​លោក​និយាយ​​​បែប​នេះ​​​​មិន​សំដៅ​​តែបឺត ខាំ​​នោះទេ​  គឺ​គ្រប់​​កីឡា​​​ករ​ប្រដាល់​​ទាំងអស់​​តែម្តង ៕