ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ចុះពិនិត្យទីតាំង ត្រៀមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានឆ្នាំ២០២៨
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន(ASEAN Unisersity Sport Council delegate-AUSC)លើកទី២៣ ឆ្នាំ២០២៨ ដែលកម្ពុជាធ្វើជាម្ចាស់ គ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ។
ជាក់ស្ដែង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានកីឡាសិស្សនិសិតកម្ពុជា បានដឹកនាំប្រតិភូក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន ចុះពិនិត្យ និងវាយតម្លៃទីតាំងប្រកួតនានា នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ត្រៀមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ឆ្នាំ២០២៨។
ឯកឧត្តមព្រំ ប៊ុនយី បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យនិងវាយតម្លៃនេះ គឺដើម្បីមើលស្ថានភាពជាក់ស្ដែងនៃទីតាំងប្រកួត សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធកីឡានិងលក្ខណៈចាំបាច់នានា ដែលគាំទ្រដល់ការរៀបចំការប្រកួតឱ្យស្របតាមស្តង់បច្ចេកទេស និងតម្រូវការរបស់ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន ។ ទន្ទឹមជាមួយគ្នានេះដែរ ការចុះត្រួតពិនិត្យនេះ ក៏ជាឱកាសសម្រាប់ក្រុមប្រតិភូនិងក្រុមការងារពាក់ព័ន្ធផ្លាស់ប្ដូរយោបល់និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ទីតាំងប្រកួតឱ្យមានប្រសិទ្ធភាព ដើម្បីធានាថាការត្រៀមរៀបចំមានភាពច្បាស់លាស់និងឆ្លើយតបតម្រូវការជាក់ស្ដែង។
ទន្ទឹមជាមួយគ្នានេះ ទៀតការត្រួតពិនិត្យនិងវាយតម្លៃទីតាំងប្រកួតជាមុន គឺជាជំហានសំខាន់មួយក្នុងការរៀបចំផែនការបច្ចេកទេស ការគ្រប់គ្រងទីតាំងនិងការសម្របសម្រួលរវៀងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ឆ្នាំ២០២៨ ប្រព្រឹត្តិទៅដោយរលូន មានសុវត្ថិភាពនិងមានគុណភាពស្របតាមគោលការណ៍និងបទដ្ឋានដែលបានកំណត់ ៕






ចែករំលែកព័តមាននេះ