រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ៅង៩និង៣០នាទីយប់ថ្ងៃទី២៥ កក្កដា តាមបណ្តោយផ្លូវលេខ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កងរាជអាវុធហត្ថខណ្ឌចំការមន បង្ក្រាបបានជនសង្ស័យ២នាក់ ខណៈពេលកំពុងបណ្តើរម៉ូតូដែលលួចបានពីកន្លែងផ្ញើម៉ូតូនៅសួនកម្សាន្តឌ្រីមលែន មុខសណ្ឋាគារណាហ្គាវើរ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកងរាជអាវុធហត្ថខណ្ឌចំការមនបានឱ្យដឹងថា យោងតាមបទបញ្ជាពីលោកវរសេនីយ៍ត្រី ឃួន សំអុល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន បានចេញបទបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថដើរល្បាតតាមផ្លូវ និងប្រចាំការតាមគោលដៅសំខាន់ៗ ។
ស្របពេលនោះមុនពេលកើតហេតុកាលពីវេលាម៉ោង៨យប់ មានសមត្ថកិច្ចស្រែកតាមវិទ្យុទាក់ទងថា មានជនសង្ស័យម្នាក់ប្រើល្បិចលបបន្លំចូលទៅក្នុងកន្លែងផ្ញើម៉ូតូ ដឹកម៉ូតូចេញហើយសុំសោម៉ូតូភ្ញៀវបញ្ឆេះជិះម៉ូតូចេញដោយសុវត្ថិភាព ធ្វើឱ្យអ្នកផ្ញើម៉ូតូស្រែកថា ចោរហើយជិះម៉ូតូដេញតាមដែរ តែតាមមិនទាន់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ចតុមុខ ។
ប្រភពព័ត៌មានបន្តទៀតថា បន្ទាប់ពីលួចយកម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ បានហើយជនសង្ស័យឈ្មោះយិន ធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅមុខរោងចក្រគង់ហុង សង្កាត់បឹងត្របែក ខណ្ឌចំការមន បានជិះម៉ូតូដែលលួចបាននោះទៅម្តុំបឹងត្របែកឌុបមិត្តភក្តិម្នាក់ទៀតឈ្មោះដែន ភេទប្រុស ដើម្បីយកម៉ូតូនោះទៅលក់ ហើយបានដោះស្លាកលេខម៉ូតូចេញ តែចៃដន្យម៉ូតូធាក់អត់ឆេះជនសង្ស័យស្មានតែម៉ូតូអស់សាំងបានបណ្តើរម៉ូតូចូលទៅចាក់សាំងនៅស្ថានីយប្រេងឥន្ទនៈសូគីមិចក្បាលថ្នល់ក៏ចូលអន្ទាក់ប៉េអឹមតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ