រាជធានីភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធមួយក្រុម ដែលតែងតែធ្វើសកម្មភាពប្លន់ម៉ូតូស្គូពីយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញនោះ ពេលនេះត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍កាកាបនិងប៉ូលិសខណ្ឌពោធិ៍សែនជ័យ ដឹកនាំនិងបញ្ជាដោយផ្ទាល់ពីសំណាក់លោកអធិការប៊ន សំអាត ចុះទៅធ្វើការបង្រ្កាបចាប់ខ្លួនបានក្នុងខណៈពួកគេកំពុងដេកនៅផ្ទះសំណាក់ជុំគ្នា ព្រមទាំងបានដកហូតនូវវត្ថុតាងមួយចំនួនផងដែរ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១២ នៅក្នុងផ្ទះសំណាក់នីតា ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ក្រុមចោរប្លន់ដែលត្រូវចាប់ខ្លួនបាននោះមាន៣នាក់គឺ ១-ឈ្មោះ ឯក តុលា អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ភន កងសុគុណ អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធី៍សែនជ័យ ៣-ឈ្មោះ អាន តូរ៉ុង ហៅស៊ិន ស៊ីចាន់ អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃជីសាក់សង្កាត់ចោមចៅ ជាយោធា និងប្រើប្រាស់អាវុធខ្លីម៉ាកកា៥៩មួយដើមលេខ០៣៤២ មានគ្រាប់៦គ្រាប់ ។ ក្រោយពេលចាប់ខ្លួន ប៉ូលិសដកហូតបានអាវុធខ្លីខាងលើ១ដើម រួមទាំងម៉ូតូ២គ្រឿងគឺម៉ាកស្គូពីស៊េរីឆ្នាំ២០១៣ ពណ៌ផ្កាឈូកលាយសមួយគ្រឿង និង ម៉ាកស្គូពីស៊េរីឆ្នាំ២០១១ ពណ៌ផ្កាឈូកលាយសដែរពាក់ស្លាកលេខនគរបាល ដែលសមត្ថកិច្ចអះអាងថាជាម៉ូតូដែលប្លន់យកពីជនរងគ្រោះនៅរាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសប៉ុស្តិ៍កាកាប ឲ្យដឹងថា នៅមុនពេលចាប់ខ្លួនមានប្រជា ពលរដ្ឋរាយការណ៍ប្រាប់ថាបានឃើញក្រុមជនសង្ស័យខាងលើចូលទៅដេកនៅក្នុងផ្ទះសំណាក់នីតាដោយមានប្រដាប់អាវុធខ្លី១ដើមនិងម៉ូតូម៉ាកស្គូពីមានពាក់ស្លាកលេខនគរបាលផង ។ ខណៈនោះលោកវរសេនីយ៍ទោ ប៊ន សំអាត អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យកម្លាំងប៉ូលិសប៉ុស្តិ៍កាកាបសហការជាមួយកម្លាំងប៉ូលិសខណ្ឌចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ។ ប្រភពដដែលបានបន្តថា ពេលចុះទៅដល់ផ្ទះសំណាក់នីតា បានឃើញក្រុមជននេះកំពុងស្ថិតនៅជួបជុំគ្នាក្នុងបន្ទប់តែមួយក៏បានឃាត់ខ្លួនធ្វើការសួររកឯកសារម៉ូតូដែលពាក់ស្លាកលេខនគរបាលនោះ ។
ពេលនោះអត់មានអ្វីទាំងអស់ ហើយជនសង្ស័យឈ្មោះ អាន តូរ៉ុង ហៅ ស៊ិន ស៊ីចាន់ បានប្រាប់ថា ម៉ូតូនោះខ្លួនបានទិញពីគេ លុះសួររកអ្នកដែលលក់ឲ្យ ជននោះប្រាប់ថា ទិញពីមិត្តភក្តិឈ្មោះ ណាក់ ។ ដោយសារការឆ្លើយមានភាពរដិបរដុបមិនច្បាស់លាស់ កាន់តែធ្វើឲ្យមានការសង្ស័យថែមទៀតនោះ ទើបលោកអធិការ ប៊ន សំអាត បញ្ជាឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់នោះនាំទៅកាន់ប៉ុស្តិ៍ធ្វើការសួរនាំតាមជំនាញតែម្តង ។ ប្រភពដដែលបានបន្តទៀតថា ក្រុមចោរប្លន់ខាងលើនេះតែងតែចេញធ្វើសកម្មភាពប្លន់ម៉ូតូនៅក្នុងរាជធានីភ្នំពេញជាញឹកញាប់ជាពិសេសនៅវេលាជិតភ្លឺ ហើយក្រោយពេលធ្វើការសាកសួរពួកគេសារភាពថា បានធ្វើសកម្មភាពប្លន់យកម៉ូតូស្គូពីបានសម្រេចចំនួន៥លើករួចមកហើយនៅក្នុងរាជធានីភ្នំពេញដូចជានៅក្នុងខណ្ឌសែនសុខ និងខណ្ឌ៧មករាជាដើម ។
លោកវរសេនីយ៍ទោ ប៊ន សំអាត បានឲ្យដឹងថា ជនទាំង៣នាក់ខាងលើនេះគឺជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ ហើយការចាប់ខ្លួនទាំងសម្បុកនេះគឺតាមរយៈការស្រាវជ្រាវ និងមានការសហការពីប្រជាពលរដ្ឋផងដែរ ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីការចាប់ខ្លួនក្រុមចោរប្លន់នេះបាន មានជនរងគ្រោះជាច្រើនបានទៅចង្អុលមុខចោរប្លន់ដោយអះអាងថា គឺក្រុមចោរទាំងនោះហើយដែលបានប្លន់ពួកគាត់នោះនិងបានសំណូមពរឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ជនទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងស្រាវជ្រាវរកចាប់ខ្លួនបក្សពួកបន្តទៀត ៕
ចែករំលែកព័តមាននេះ