រាជធានីភ្នំពេញ ៖ ជនសង្ស័យជាភេទទី៣ ម្នាក់ត្រូវគេចោទប្រកាន់ពីបទលួចទូរស័ព្ទដៃមួយគ្រឿង និងវិទ្យុទាក់ទងមួយគ្រឿង ខណៈពេលសន្តិសុខកំពុងតែសម្រាក ហើយលបទៅស្ទាបប្រដាប់ភេទរបស់គេបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោរត់ដេញតាមវាយទ្រមខ្លួន កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២២ កក្កដា នៅមុខវត្តទួលទំពូង តាមមហាវិថីម៉ៅសេទុងកែងផ្លូវលេខ១៥៥ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីសន្តិសុខយាមនៅជិតកន្លែងកើតហេតុឈ្មោះសៀក ទីន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់បឹងត្របែក ខណ្ឌចំការមន ឱ្យដឹងថា កាលពីថ្ងៃទី៨ កក្កដា កន្លងមក ជនសង្ស័យភេទទី៣ឈ្មោះតែង ណាត អាយុ២៩ឆ្នាំ ជាចុងភៅ ស្នាក់នៅម្តុំទួលទំពូង បានមកលេងជាមួយរូបគេ ហើយលួចយកទូរស័ព្ទដៃមួយគ្រឿង និងវិទ្យុទាក់ទងមួយគ្រឿងយកទៅបាត់ ។
ប្រភពដដែលបន្តទៀតថា នៅយប់កើតហេតុ ស្រាប់តែជនសង្ស័យលេចមុខមកនិយាយលេងជាមួយរូបគេទៀត ព្រមទាំងចាក់វីដេអូអាសអាភាសតាមទូរស័ព្ទដៃឱ្យមើល ។ បន្ទាប់ពីមើលហើយស្រាប់តែជនសង្ស័យបន្លំលូកស្ទាបប្រដាប់ភេទរបស់គេ ធ្វើឱ្យគេខឹង និងគុំរឿងលួចរបស់របរកាលពីថ្ងៃមុនផង ក៏ស្រែកថា ចោរ បណ្តាលឱ្យអ្នកឃើញហេតុការណ៍នាំគ្នាជួយដេញ វាយរហូតទ្រមខ្លួន ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកង៣ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ ៕
ចែករំលែកព័តមាននេះ