អាចោរជើង១ ជួបជុំគ្នាឡើងវិញនៅផ្ទះគ្រូម៉ៅ ក្រោយបង្ក្រាបបាន២ខែ
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:៣៨

បូព៌ា
អាចោរជើង១ ជួបជុំគ្នាឡើងវិញនៅផ្ទះគ្រូម៉ៅ
ខេត្តបាត់ដំបង ៖ ការបង្ក្រាបបនល្បែងស៊ីសងនៅក្នុងក្រុងបាត់ដំបងនាពេលកន្លងមកត្រូវគេសង្កេតឃើញថា ហាក់ដូចជាគ្មានប្រសិទ្ធភាពទេគឺស្ងប់ស្ងាត់តែមួយរយៈពេលខ្លីប៉ុណ្ណោះ ទីបំផុតគេតែងឃើញបនល្បែងស៊ីសងទាំងនោះមានសកម្មភាពរស់រវើកឡើងវិញដដែលដោយគ្រាន់តែកន្លែងខ្លះដូរទីតាំង ឯកន្លែងខ្លះនៅជុំគ្នាដដែល តែដូរអ្នកគ្រប់គ្រងដើម្បីងាយស្រួលដោះស្រាយជាមួយសមត្ថកិច្ច ។ ជាក់ស្តែង ដូចជាបនល្បែងដុះស្លែមួយវង់នៅចំណុចននោងក្រអូបដែលម្ចាស់ផ្ទះជាគ្រូបង្រៀនម្នាក់ឈ្មោះម៉ៅ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបងជាដើម ។ ផ្ទះគ្រូបង្រៀនម្នាក់នេះត្រូវបានកំលាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តបង្ក្រាបម្តងហើយកាលពីរសៀលថ្ងៃទី៣ កក្កដា កន្លងទៅ ប៉ុន្តែទីបំផុតម្ចាស់ផ្ទះនេះនៅតែអាចបើកលេងល្បែងអាប៉ោងយ៉ាងចំហដដែលរហូតមកដល់ពេលនេះគឺប្រហែល២ខែហើយគ្មានការបង្ក្រាបជាថ្មីទេ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរនោះនិយាយថា ផ្ទះលោកគ្រូម៉ៅនេះបើកដំណើរការលេងល្បែងវិញតាំងពីកំលាំងស្នងការដ្ឋានបង្ក្រាបបានប្រហែលកន្លះខែម៉្លេះ ប៉ុន្តែលោកគ្រូម៉ៅបានប្រគល់សិទ្ធិគ្រប់គ្រងល្បែងនេះទៅឱ្យប្រធានល្បែងម្នាក់ឈ្មោះរ៉ា ព្រោះបុរសនោះជាអ្នកពូកែខាងដោះស្រាយជាមួយស្ថាប័នសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ។ បុរសឈ្មោះរ៉ានេះកាលពីមុនជាអ្នកគ្រប់គ្រងបនល្បែងដុះស្លែនៅក្បែរប្រឡាយទឹកស្អុយ ក្នុងសង្កាត់ចំការសំរោង ប៉ុន្តែវង់ល្បែងនោះបានបិទហើយ ឯបុរសនេះនៅតែបន្តគ្រប់គ្រងបនល្បែងកន្លែងផ្សេងទៀត ព្រោះគាត់ពូកែអែបអបសមត្ថកិច្ចបំផុត ។
លោកគ្រូវី ម៉ៅ ពេលមិនទាន់ត្រូវបានបង្ក្រាបកាលពីខែកក្កដាកន្លងទៅ គាត់ធ្លាប់អួតប្រាប់គេឯងថា បើមិនត្រូវរ៉ូវជាមួយសមត្ថកិច្ចមិនអាចបើកលេងល្បែងបានទេ ។ ចំណែកអ្នកលេងល្បែងជាច្រើននាក់ដែលធ្លាប់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តសុទ្ធតែឆ្លើយថា ពួកអ្នកញៀនល្បែងទាំងអស់សុទ្ធតែត្រូវបានការធានាពីម្ចាស់ផ្ទះថា អត់បញ្ហាទេ ចំពោះការបង្ក្រាបពីសំណាក់សមត្ថកិច្ច ព្រោះគេសែនព្រេនគ្រប់អារក្សអ្នកតាអស់ហើយមុនពេលចាប់ផ្តើមសំដែងរឿង ។
ទាក់ទិននឹងបនល្បែងនៅផ្ទះលោកគ្រូម៉ៅនេះ លោកធុច រ៉ា អធិការនគរបាលក្រុងបាត់ដំបងបានប្រាប់កោះសន្តិភាពថា លោកអត់ដឹងទេ ព្រោះក្តាប់មិនបានសព្វគ្រប់ ដូច្នេះចាំលោកបញ្ជាកូនចៅឱ្យទៅពិនិត្យសិន ។ ចំពោះបទល្មើសកំប៉ិកកំប៉ុកនេះ សម្តេចហ៊ុន សែន បានប្រកាសច្រើនលើកហើយថា កុំចាំនាយករដ្ឋមន្ត្រីស្រែកបានធ្វើ គឺត្រូវធ្វើឱ្យដូចភ្លៀងរលឹម ៕