រាជធានីភ្នំពេញ ៖ បុរសម្នាក់មានមុខរបរជាកម្មករសំណង់ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត បន្ទាប់ពីបុរសនោះត្រូវអ្នកភូមិជាមួយគ្នាយកកាំបិតសាមូរ៉ៃកាប់ចំកញ្ចឹង.កមួយកាំបិតយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២ថ្ងៃទី១២ កក្កដា ២០១២ ខណៈពេលកំពុងឈរមើលគេលេងបុកប៊ីយ៉ា ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សិកែវ បណ្តាលឱ្យរងរបួសជាទម្ងន់ ហើយរយៈពេល២ម៉ោងក្រោយមកបានស្លាប់ ។
ជនរងគ្រោះដែលត្រូវគេកាប់មួយកាំបិតស្ទើរតែដាច់.កនេះមានឈ្មោះញឹម សុវណ្ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ឈ្មោះញ៉ែម វិច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជាមួយជនរងគ្រោះខាងលើ ហើយជននេះបានគេចខ្លួនបាត់ទៅហើយ។
ប្រភពព័ត៌មានមិនទាន់ច្បាស់ការបានឱ្យដឹងថា ជនដៃដល់ឈ្មោះញ៉ែម វិច បានយកកាំបិតសាមូរ៉ៃមកកាប់ចំកញ្ចឹង.កមួយកាំបិតវិះនឹងដាច់.កចេញពីស្មាជនរងគ្រោះ ខណៈពេលបុរសរងគ្រោះឈរលេងនៅផ្ទះបុកប៊ីយ៉ាក្នុងភូមិខាងលើ ហើយមូលហេតុឈានដល់ការចងអាឃាតនឹងគ្នានេះមិនទាន់ដឹងច្បាស់លាស់នោះទេ ខ្លះថា មកពីលេងបុកប៊ីយ៉ាកាច់កុងគ្នា ខ្លះទៀតថា ទំនាស់ក្នុងការងារសំណង់ ចំណែកការសន្និដ្ឋានរបស់នគរបាលជំនាញមិនហ៊ានថា អ្វីនៅឡើយទេ រង់ចាំក្រុមគ្រួសារជនរងគ្រោះដាច់ពាក្យបណ្តឹងសិន ៕
ចែករំលែកព័តមាននេះ