ឥណ្ឌាចំណាយទុន75លានដុល្លារ ប្រើប្រព័ន្ធ «ម៉ូលដែលកុំព្យូទ័រ»
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី៥ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៧:២៨

គេហទំព័របរទេស
ឥណ្ឌាបានប្រកាសពីគម្រោងការស្រាវជ្រាវនៅក្នុងតម្លៃ៧៥លានដុល្លារ ដោយប្រើប្រព័ន្ធ «ម៉ូដែលកុំព្យូទ័រ» ឬ«គំរូកុំព្យូទ័រ» សម្រាប់សិក្សាស្រាវជ្រាវពីព្យុះដែលបោកបក់ចូលប្រទេសក្នុងអំឡុងរដូវភ្លៀង និងដើម្បីគណនាបរិមាណ ទឹកភ្លៀងឱ្យមានលក្ខណៈច្បាស់លាស់ និងមានភាពសុក្រឹត ។
រដូវវស្សាស្ថិតក្នុងអំឡុងពីខែមិថុនា ដល់ខែកញ្ញា ខណៈពេលឥណ្ឌាមានបរិមាណភ្លៀងធ្លាក់ជាមធ្យម៨០% នៃភ្លៀងធ្លាក់ប្រចាំឆ្នាំ។ ការខ្វះខាតទឹកភ្លៀង ទោះបីជាស្ថិតក្នុងអំឡុងពេលខ្លីក៏ដោយ ក៏អាចបង្កឱ្យមានផលប៉ះពាល់ដល់កសិករជាង២៣៥លាននាក់ ខណៈពេលមុននេះមានរបាយការណ៍បញ្ជាក់ថា ភ្លៀងក្នុងឆ្នាំនេះនឹងធ្លាក់តិចជាងប្រក្រតី ។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រឱ្យដឹងថា ការសិក្សា និងការស្វែងយល់ពីមូសុង គឺជាផ្នែកមួយក្នុងកម្មវត្ថុដំបូង ដែលរដ្ឋាភិបាលផ្តោតសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ។ «កិច្ចការមូសុង» នឹងជួយឱ្យមានការយល់ថា «មានភ្លៀង» ឆ្លងកាត់ប្រព័ន្ធ «ម៉ូដែលកុំព្យូទ័រ» ដែលអភិវឌ្ឍដោយអង់គ្លេស និងសហរដ្ឋអាមេរិក ដោយបានប្រមែប្រមូលទិន្នន័យជាចុងក្រោយ ។នាយកដ្ឋានឧតុនិយមវិទ្យារបស់ឥណ្ឌាតែងតែជួបបញ្ហាក្នុងការទស្សន៍ទាយពីស្ថានភាពអាកាសធាតុជាច្រើនលើកកាលពីឆ្នាំមុនដូចជាបានទស្សន៍ទាយថានឹងកើតព្យុះដ៏ធំ ប៉ុន្តែបែរជាតិចជាងការព្យាករទុក និងបានចេញមុខទទួលស្គាល់នៅពេលក្រោយថា ការព្យាករមិនសូវត្រឹមត្រូវ ។
ក្នុងអំឡុងពេលប្រហែល១៣៧ឆ្នាំ នៃការបង្កើតនាយកដ្ឋានឧតុនិយមវិទ្យា គឺមិនអាចទស្សន៍ទាយបានថា នឹងកើតមានគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួត ឬកើតមានព្យុះដ៏ធំនៅឡើយ និងអ្នកជំនាញនៅទូទាំងពិភពលោកតែងជួបនឹងបញ្ហាព្យាករអាកាសធាតុ ។
ចំណែកអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានឥណ្ឌាឱ្យដឹងថា ការព្យាករលើគ្រោះរាំងស្ងួត ឬទឹកជំនន់តាមរដូវរបស់ក្រុមប្រទេសក្នុងតំបន់វាលខ្សាច់សាហារ៉ា នៃទ្វីអាហ្វ្រិក គឺទទួលបានលទ្ធផលប្រាកដប្រជាខ្ពស់ ប៉ុន្តែបែរជាមិនធ្លាប់មានស្នាដៃព្យាករណាមួយនៅលើពិភពលោកក្នុងការទស្សន៍ទាយពីគ្រោះរាំងស្ងួត និងទឹកជំនន់ក្នុងប្រទេសឥណ្ឌាបានជោគជ័យ ៕