ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​សុំ​ទោស​ប៉ាគីស្ថាន​ដែល​បើក​ផ្លូវ​ផ្គត់​ផ្គង់​​អូតង់​​វិញ​

13 ឆ្នាំ មុន

ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​៣កក្កដា​​បាន​ទទួល​យក​ការ​សុំ​ទោស​របស់​សហរដ្ឋអាមេរិក​ លើការ​​វាយ​ប្រហារ​តាម​អាកាស​ចុង​ក្រោយ​របស់​អូតង់​​កាលពី​ខែ​វិច្ឆិកា លើ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​២កន្លែង​នៅ​តាម​ព្រំដែន​ជា​មួយ​អាហ្វហ្គា​នីស្ថាន​​ បណ្តាល​ឱ្យ​ស្លាប់​​ទាហាន​​ប៉ាគីស្ថាន​២៤នាក់​​ដែល​ញ៉ាំង​ឱ្យ​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២​ធ្លាក់​ចុះ​​ទាប​​បំផុត ។​

សារព័ត៌​មាន​​ក្នុងស្រុក DUNYA រាយ​ការណ៍​​ថា ការ​សុំទោស​ធ្វើ​ដោយ​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​អាមេរិក​លោកស្រី​ហុីលឡា​រី​គ្លីនតុន​​ចំពោះ​​រដ្ឋ​មន្ត្រី​ការ​បរទេសប៉ាគីស្ថាន​ពេល​ជួប​សន្ទនា​គ្នា​តាម​​ទូរស័ព្ទ​ត្រូវ​បាន​ទទួល​​យកក​្នុង​​ឱកាស​នៃ​កិច្ច​ប្រជុំ​របស់​គណៈ​​កម្មាធិការ​ការពារ​​​នៃ​គណៈ​រដ្ឋមន្ត្រី​​​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​​យប់​ថ្ងៃទី​៣កក្កដា ។ ​

ក្រោយ​ការ​សុំ​ទោស​​នេះ ប៉ាគីស្ថាន​​ប្រកាស​​ប្រាប់​​សហរដ្ឋអាមេរិក​ពីការ​សម្រេច​​របស់​ខ្លួន​​បើក​ផ្លូវ​ផ្គត់​ផ្គង់​​តាម​ជើង​គោក​កាត់​ប្រទេស​​ខ្លួន​ឱ្យ​​ដល់​កង​ទ័ពអូតង់​​នៅអាហ្វហ្គា​នីស្ថាន​​វិញ ។ ពួក​​​តាលី​បង់​ប៉ាគីស្ថាន​បានគំរាម​ភ្លាមៗ​ថា​នឹង​វាយ​​ប្រហារ​​លើ​ក្បួន​​ដឹក​ជញ្ជូន​ទាំងឡាយ​​របស់​អូតង់។​

​ផ្លូវ​​ផ្គត់​ផ្គង់​​ទាំងឡាយ​​​ត្រូវ​បិទ​ដោយ​ប៉ាគី​ស្ថាន​​​​ជាការ​សង​សឹក​ចំពោះការ​ស្លាប់​ទាហាន​​របស់​ខ្លួន​២៤នាក់​ដោយ​សារ​ការ​វាយ​ប្រហារ​​ច្រឡំ​របស់​អូតង់​កាលពី​ខែ​វិច្ឆិកា ។​​លោក​ស្រី​គ្លីនតុន​​ ពេល​​ជួប​សន្ទនា​​ជាមួយ​​រដ្ឋមន្ត្រី​ការ​បរទេស​​ប៉ាគីស្ថាន​លោក​ស្រីហុីណា រ៉ាប​បានី​ខា បាន​ថ្លែង​​ពីការ​សុំ​ទោសនេះ​ ។​​​ ​លោក​ស្រី​​​មាន​ប្រសាសន៍​​​ថា លោកស្រី​ខា​និងរូប​ខ្ញុំ​ទទួល​ស្គាល់​​ពីការ​​​ច្រឡំ​​ដែល​នាំ​ឱ្យ​​ស្លាប់​ទាហាន​​ប៉ាគី​​ស្ថាន​​ច្រើន​នាក់​ ។

​យើង​​មានការ​​​ស្រងាក​ចិត្ត​​ចំពោះ​ការ​បាត់​បង់​របស់​កងទ័ព​បា៉គី​ស្ថាន​ហើយ​​យើង​​សន្យា​​​រួម​សហការ​គ្នា​​យ៉ាង​​ជិតស្និទ្ធ​​ជាមួយ​ប៉ាគី​ស្ថាន​​​និងអាហ្វហ្គា​នីស្ថានដើម្បីកុំ​ឱ្យ​​ការ​​ច្រឡំ​​បែបនេះ​​កើត​​មាន​ជា​ថ្មី​ទៀត ។
​លោក​ស្រី​ខា​ថ្លែង​​ទៅ​កាន់​​លោក​ស្រី​គ្លីន​តុន​ ថា​ផ្លូវទាំងឡាយ​​​កំពុង​បើក​ឡើង​វិញ ៕