ខេត្តកំពង់ឆ្នាំង ៖ បុរសជាឪពុកនិងកូនស្រី អាយុ១៣ឆ្នាំ បានលង់ទឹកស្លាប់ ខណៈពេលជិះទូកម៉ាស៊ីនត្រឡប់ពីចម្ការវិញជួបនឹងខ្យល់ព្យុះ កាលពីរសៀលថ្ងៃទី៣០ មិថុនា និងមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១ កក្កដា ខណៈក្រុមអ្នកច្រូតស្មៅប្រទះឃើញទូកជនរងគ្រោះអណ្តែតកណ្តាលទន្លេ ។
ដោយមានការសង្ស័យក៏នាំគ្នាតាមរក ទើបប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកនៅចម្ងាយប្រមាណ៥០ម៉ែត្រពីគ្នា នៅចំណុកក្បាលកោះក្របី មាត់បឹងទន្លេសាប ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ។ ជនរងគ្រោះមានទីលំនៅក្នុងភូមិ ត្រពាំងចាន់ ឃុំត្រពាំងចាន់ ។
តាមស្ត្រីឈ្មោះ ទិត្យ មុំ អាយុ៣១ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះនិយាយថា ប្តីគាត់ឈ្មោះ ភួន ភន អាយុ៣៣ឆ្នាំ ចំណែកកូនស្រីដែលលង់ទឹកស្លាប់ជាមួយឪពុកនោះឈ្មោះ ភួន សុភ័ក្រ្ត អាយុ១៣ឆ្នាំ ជាកូនទី៣ ក្នុងចំណោមកូន៦នាក់ ។ កាលពីព្រឹកថ្ងៃទី៣០ មិថុនា ប្តីគាត់និងកូនស្រីបានជិះទូកម៉ាស៊ីនទៅចម្ការដូចសព្វដង ដើម្បីបេះផ្លែល្ពៅ ប៉ុន្តែនៅល្ងាចថ្ងៃដដែលនោះ មិនបានត្រឡប់មកផ្ទះវិញទេ ឯគាត់ក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះជាទម្លាប់ជួនកាលប្តីគាត់ធ្លាប់ដេកនៅចម្ការមួយយប់ ឬពីរយប់ក៏មាន។
លុះស្អែកឡើងថ្ងៃទី១ កក្កដា ស្រាប់តែមានក្រុមអ្នកភូមិជាមួយគ្នា ដែលចេញទៅច្រូតស្មៅប្រទះឃើញទូករបស់ប្តីគាត់អណ្តែតទឹកនៅចុងក្បាលកោះក្របី ក៏មានការសង្ស័យនិងបានទូរស័ព្ទមកប្រាប់គាត់ ។ ភ្លាមនោះក៏បានប្រកាសឱ្យអ្នកភូមិជាមួយគ្នា ដែលមានទូកកាណូតចេញជួយតាមរកប្តីគាត់ ហើយក៏បានប្រទះឃើញសពប្តីនិងកូនស្រីគាត់អណ្តែតទឹកនៅចម្ងាយប្រមាណ៥០ម៉ែត្រពីគ្នាទើបនាំសពទាំងពីរនាក់ឪពុកនិងកូនមកលំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
មន្ត្រីប៉ូលិសស្រុកដែលចុះធ្វើកោសល្យវិច័យសពនិយាយថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដែមន និងធ្វើការសន្និដ្ឋានថា នៅល្ងាចថ្ងៃទី៣០ មិថុនា មានភ្លៀង និងខ្យល់ព្យុះខ្លាំង ហើយស្របពេលដែលជនរងគ្រោះ២នាក់ឪពុកនិងកូនជិះទូកម៉ាស៊ីនត្រឡប់មកផ្ទះវិញក៏ជួបភ្លៀងនិងខ្យល់ព្យុះ ។ ពេលនោះកូនស្រីដែលអង្គុយនៅក្បាលទូកត្រូវខ្យល់បោកធ្លាក់ពីលើទូក ឯឪពុកឃើញកូនស្រីធ្លាក់ទឹកក៏ហក់ទៅតាមស្រង់ ប៉ុន្តែខណៈនោះទូកមិនបាននៅនឹងមួយកន្លែងទេ គឺវាអណ្តែតតាមទឹកដែលហូរតាមកម្លាំងខ្យល់ ម៉្លោះហើយនៅពេលដែលស្រង់កូនបានពិតមែន ប៉ុន្តែទូកអណ្តែតទៅឆ្ងាយ ធ្វើឱ្យការហែលទឹករបស់ឪពុកអស់កម្លាំងមិនអាចទៅរួចក៏លង់ស្លាប់ទាំងពីរនាក់ឪពុកនិងកូនតែម្តងទៅ ។
លោក មែន យីន ប្រធានភូមិត្រពាំងចាន់ និយាយថា គ្រួសារនេះក្រីក្រខ្លាំងណាស់ ចាប់តាំងពីរៀបការមកបានកូនដល់ទៅ៦នាក់ គ្មានផ្ទះសម្បែងនៅទេ នៅតែជាមួយម្តាយខាងស្រី សូម្បីតែលុយ១រៀលធ្វើបុណ្យក៏គ្មានដែរ ។ អ្នកភូមិបានរៃប្រាក់គ្នាមកជួយទិញក្តារធ្វើមឈូសបានពីរដាក់សព២នាក់ឪពុកនិងកូនធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ