រាជធានីភ្នំពេញ ៖ នារីម្នាក់ជួបវិបត្តិធ្ងន់ធ្ងរមិនមាននរណាជួយដោះស្រាយ ក៏សម្រេចចិត្តយកការបញ្ចប់ជីវិតមកដោះស្រាយបញ្ហា ដោយធ្វើដំណើរជិះម៉ូតូឌុបទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាចូលទៅក្នុងទន្លេសាបបាត់ខ្លួននៅទីនោះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៥ មិថុនា ២០១២ ។
ពេលភ្លាមៗនោះប៉ូលិសកំពុងចេញអ៊ូប័រឆ្វែលចុះឆ្វែលឡើងលើផ្ទៃទន្លេក្រែងឃើញនារីលោតទឹកនោះអណ្តែត… ការរុករកប្រើពេលប្រមាណ១៥នាទី ទើបរកឃើញនារីដែលលិចបាត់ទៅក្នុងទឹកនោះ ដោយក្រុមនេសាទខ្មែរអ៊ិស្លាមជាមួយប៉ូលិសគោលដៅយាមស្ពានជ្រោយចង្វា ហើយអ្នកនេសាទខ្មែរអ៊ិស្លាមបានស្រង់នារីនោះមកដាក់ច្រាំងគល់ស្ពាន ដើម្បីជួយសង្គ្រោះជីវិត។ ពេលស្រង់ចេញពីទឹកនារីរងគ្រោះដោយអំពើប៉ុនប៉ងអត្តឃាតនេះបានសន្លប់ស្តូកស្តឹង ហើយបន្តិចក្រោយមកក៏ដឹងខ្លួនវិញ ប៉ុន្តែមានស្មារតីវង្វេងវង្វាន់នៅឡើយ នាងឈ្មោះឈឿង ភី អាយុ១៨ឆ្នាំ ហើយពេលនេះប៉ូលិសកំពុងទាក់ទងស្វែងរកសាច់ញាតិដើម្បីមកមើលថែទាំនាង ។
នារីរងគ្រោះនិយាយហាក់វង្វេងថា មូលហេតុដែលនាងលោតទឹកប៉ុនប៉ងសម្លាប់ខ្លួននេះ គឺនាងឯកោចិត្តចំពោះសង្សាររបស់នាងដែលស្លាប់ដោយសារលោតទឹកនេះដែរ ដូច្នេះធ្វើឱ្យនាងឈឺចិត្តចង់ស្លាប់តាមសង្សាររបស់នាង…។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ