ស្លៀកឈុតគ្របក្បាលបែបអ៊ិស្លាមតែខើចខ្លីខាងក្រោមរិះគន់បារាំង
ដោយ ៖ អប្សរា
ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០១០ ម៉ោង ១៦:២១

គេហទំព័របរទេស
នារីនិស្សិតជនជាតិបារាំងចំនួន២នាក់ដើរនៅតាមដងផ្លូវមួយក្នុងទីក្រុងប៉ារីស
នារីនិស្សិតជនជាតិបារាំងចំនួន២នាក់ដើរនៅតាមដងផ្លូវមួយក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឈុតគ្របកំណាត់ខ្មៅលើរាងកាយរបស់ស្ត្រីមូស្ល៊ឹម ប៉ុន្តែស្លៀកខោខ្លីបង្ហាញឱ្យឃើញសាច់ភ្លៅដើម្បីប្រឆាំងនឹងច្បាប់ចុងក្រោយរបស់រដ្ឋាភិបាលបារាំង។ និស្សិតទាំង២នាក់នេះបានហៅខ្លួនឯងថា «នីកាប៊ីតឆេស» ហើយបានដើរបង្ហាញខ្លួននៅតាមអគារធ្វើការរបស់ក្រសួងផ្សេងៗធ្វើឱ្យមនុស្សនៅតាមដងផ្លូវចាប់អារម្មណ៍ និងនាំគ្នាថតរូបពួកនាង។ ពួកនាងព្យាយាមដើរចូលទៅក្រសួងជនភៀសខ្លួន ប៉ុន្តែត្រូវប៉ូលិសបុរសដែលការពារសុវត្ថិភាពនៅទីនោះមិនឱ្យចូលទេ ដោយឱ្យពួកនាងដើរទៅកន្លែងផ្សេងវិញ។ ទោះជាយ៉ាងណាក៏ដោយ មានស្ត្រីប៉ូលិសម្នាក់ដែលនៅប្រចាំការនៅទីនោះពេញចិត្តការតុបតែងកាយរបស់ពួកនាង ហើយនិយាយថា«ខ្ញុំស្រលាញ់សំលៀកបំពាក់របស់ពួកនាងយ៉ាងខ្លាំង។ អ្នកតុបតែងខ្លួនក្នុងឈុតបែបនេះដើម្បីប្រឆាំងនឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលបារាំងមែនឬទេ?»។
នារីនិស្សិតម្នាក់ឆ្លើយថា «មែនយើងបដិសេធនឹងច្បាប់ហួសហេតុរបស់រដ្ឋាភិបាលដែលហាមឃាត់ការស្លៀកពាក់ឈុតឃ្លុំដល់ក្បាល»។ ស្ត្រីជាប៉ូលិសនិយាយទៅកាន់ពួកនាងទៀតថា «ជារឿងមួយដ៏អស្ចារ្យ ដូច្នេះខ្ញុំសុំថតរូបពួកនាងទុកធ្វើជាអនុស្សាវរីយ៍»។ នារីនិស្សិតទាំង២នាក់នោះមិនបានបង្ហាញឈ្មោះពិតរបស់ពួកនាងឡើយ ដោយគ្រាន់តែបញ្ជាក់ថា ពួកនាងមិនគាំទ្រច្បាប់ហាមស្លៀកពាក់ឈុតឃ្លុំដល់ក្បាល ឬឈុត«នីកាប» របស់រដ្ឋាភិបាលបារាំងដែលទទួលការយល់ស្របពីព្រឹទ្ធសភាកាលពីខែមុន ហើយនឹងត្រូវចូលជាធរមាននៅដើមឆ្នាំក្រោយ៕