សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារបើកសិក្ខាសាលាស្តីពីជំងឺរលាកថ្លើមរ៉ាំរ៉ៃ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១០:១៩
កោះសន្តិភាព
ទិដ្ឋភាពក្នុងពិធីសិក្ឋាសាលា
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៦ មិថុនា សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារបានប្រារព្ធធ្វើសិក្ខាសាលាមួយនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដោយមានការចូលរួមពីគ្រូពេទ្យមកពីខេត្តចំនួន៨គឺខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ ព្រះសីហនុ កំពត និងខេត្តកណ្តាល សរុបប្រមាណ១៥០នាក់ ។
លោកសាស្ត្រាចារ្យតាន់ តឹកស្រេង ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បានមានប្រសាសន៍ថា ជំងឺរលាកថ្លើមរ៉ាំរ៉ៃដែលបង្កឡើងដោយវីរុសBនិងC មានការឆ្លងវិវឌ្ឍន៍ច្រើនពីស្ត្រីជាម្តាយទៅកូនដែលនេះជាការប្រឈមមុខរួមរបស់ពិភពលោក ។ ហើយការព្យាបាលជំងឺនេះឱ្យបានជាសះស្បឿយនៅតែជាបញ្ហាស្មុគស្មាញនៅឡើយ ដូច្នេះលោកគ្រូពេទ្យត្រូវប្រើថ្នាំឱ្យត្រូវទិសដៅ ។
ចំណែកវេជ្ជបណ្ឌិតឱម សេរីវិចិត្រ អ្នកឯកទេសជំងឺរលាកថ្លើមមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ៩០រហូតដល់បច្ចុប្បន្ននេះ ឱសថ ព្យាបាលជំងឺរលាកថ្លើម ត្រូវបានអភិវឌ្ឍុយ៉ាងលឿនក្នុងទិសដៅលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺនិងលុបបំបាត់ជំងឺនេះទាំងស្រុងចេញពីខ្លួនអ្នកជំងឺ ។ លោកវេជ្ជបណ្ឌិតបន្តថា ឱសថថ្មីនិងវិធីព្យាបាលជំងឺរលាកថ្លើមរាំុរ៉ៃ ដែលបង្កឡើងដោយវីរុសBនិងC ត្រូវបានសមាគមអន្តរជាតិសិក្សាពីជំងឺថ្លើមនេះដូចជា ១-AASLD សមាគមសិក្សាពីជំងឺថ្លើមសហរដ្ឋអាមេរិក ២-EASL សមាគមសិក្សាពីជំងឺថ្លើមសហគមន៍អឺរ៉ុប ៣-APASL សមាគមសិក្សាជំងឺថ្លើមអាស៊ីប៉ាស៊ីហ្វិក ។ ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យឯកទេសជំងឺថ្លើមរបស់កម្ពុជា វៀតណាម ថៃ ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមខាងលើផងដែរ ។
លោកវេជ្ជបណ្ឌិតឱម សេរីវិចិត្រ បន្តថា Unipeg គឺជាឱសថ ដែលត្រូវបានអភិវឌ្ឍឡើងតាមបច្ចេកវិទ្យាថ្មីនោះកំពុងមានវត្តមាននៅកម្ពុជាហើយ ប្រជាជនក៏ដូចជាក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺថ្លើម បានអនុវត្តការព្យាបាលជំងឺរលាកថ្លើមរាំុរ៉ៃ ដែលបង្កឡើងដោយវីរុសBនិងC ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រោយពីបញ្ចប់សិក្ខាសាលានេះអ្នកយកព័ត៌មានយើងបានសួរលោកសាស្ត្រាចារ្យតាន់ តឹកស្រេង ចំនួន៤សំណួរ គឺ៖
ទី១. តើនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទB និង Cប៉ុន្មាននាក់?
ចម្លើយ ៖ បើតាមការស្រាវជ្រាវត្រួសៗមិនទូទាំងប្រទេសទេ គឺអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទB មានប្រមាណជាង១២ភាគរយ ឯប្រភេទCមានប្រហែលជា៥ភាគរយប៉ុណ្ណោះ។
ទី២.តើក្នុងមួយឆ្នាំអ្នកស្លាប់ដោយរោគរលាកថ្លើមប៉ុន្មាននាក់ដែរ ?
ចម្លើយ ៖ យើងមិនអាចដឹងបាននោះទេ ព្រោះយើងមិនបានស្រាវជ្រាវ ។
ទី៣.តើមានវិធីសាស្ត្រអ្វីដើម្បីទប់ស្កាត់ការពារកុំឱ្យមេរោគរលាកថ្លើមវីរុសB ឬCឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត?
ចម្លើយ ៖ ដើម្បីទប់ស្កាត់ការពារមេរោគរលាកថ្លើមនេះយើងត្រូវធ្វើឱ្យបរិស្ថានជុំវិញកន្លែងរស់នៅឱ្យបានស្អាត ហូបចុកត្រូវមានអនាម័យ ។ នៅពេលដែលយើងដឹងថាមនុស្សណាម្នាក់មានផ្ទុក យើងត្រូវការពារទប់ស្កាត់ ព្រោះមេរោគរលាកថ្លើមប្រភេទB ឬC ងាយស្រួលនឹងឆ្លងតាមការរួមរ័ក ហូបចុក គ្មានអនាម័យ និងឆ្លងតាមការរស់នៅជាមួយគ្នាគ្មានអនាម័យ ។ ការឆ្លងងាយបំផុតនោះ គឺស្ត្រីជាម្តាយផ្ទុកមេរោគរលាកថ្លើមងាយនឹងចម្លងទៅកូនតាំងពីនៅក្នុងផ្ទៃពោះមកម៉្លេះ ដូច្នេះយើងគួរតែការពារតាមការណែនាំរបស់គ្រូពេទ្យនិងប្រើប្រាស់ថ្នាំឱ្យត្រូវទៅតាមទិសដៅនោះយើងនឹងការពារបាន ។
ទី៤.តើមេរោគរលាកថ្លើមកើតឡើងទៅលើមនុស្សចាស់ចាប់ពីអាយុប៉ុន្មាន? ហើយឱ្យសញ្ញាបែបណាដែរ ?
ចម្លើយ ៖ ដូចខ្ញុំបានជម្រាបហើយថា គឺមានការឆ្លងតាំងពីកុមារនៅក្នុងពោះនិងចាប់ពីកុមារអាយុ៥ឆ្នាំឡើងទៅ ។ ក្មេងមានផ្ទុកមេរោគរលាកថ្លើមងាយស្រួលមើលណាស់គឺមានសាច់ ភ្នែក ស្បែក ពណ៌លឿង ស្លេកស្លាំង តែបើមនុស្សចាស់ពិបាកនឹងមើលឃើញសញ្ញាណាស់ តែមនុស្សខ្លះអាចដឹងតាមភ្នែកពណ៌លឿងនិងឈឺសន្លាក់ដៃជើង ៕