ក្រុងប៉ោយប៉ែត ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ចាញ់ល្បិចកលស្រីស្នេហ៍លួងលោមលួចយកម៉ូតូទៅបាត់ស្រមោលកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ មិថុនា ២០១២ ។
តាមការបំភ្លឺពីបុរសម្ចាស់ម៉ូតូឈ្មោះតៃ ហេង អាយុ៣១ឆ្នាំ ជាជាងជួសជុលរថយន្តនៅក្រុងប៉ោយប៉ែត បានអះអាងថា កាលពីវេលាម៉ោងខាងលើ រូបគេបានជួបអតីតសង្សារចាស់ម្នាក់មានឈ្មោះហៃ សីហា (ហៅពៅ) អាយុ១៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ។ បន្ទាប់មកបានជិះម៉ូតូដឹកគ្នាដើរលេងជុំវិញផ្សារអគ្គថ្មី និងបន្តរហូតមកដល់ចំណុចផ្លូវដើមពុទ្រា ស្រាប់តែស្រីស្នេហ៍អតីតសង្សារចាស់នោះបានប្រាប់ថា ចង់ផឹកទឹកដោះគោក្រហម។ លុះឮដូច្នេះបុរសជាងជួសជុលរថយន្តក៏បានឈប់ម៉ូតូចូលទៅទិញ ដោយពុំបានដកយកកូនសោម៉ូតូចេញនោះទេ ស្រាប់តែក្រឡេកមើលមកក្រោយឃើញអតីតសង្សារចាស់របស់ខ្លួនបានលួចជិះម៉ូតូទៅបាត់ស្រមោលតែម្តងទៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ