ការចេញលក់ឆ្នោតណាហ្គាដែលមានរង្វាន់គួរឱ្យភ្ញាក់ផ្អើលបំផុត
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃសៅរ៏ ទី៩ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៥:៣០
រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារណាហ្គាវើលកាលពីថ្ងៃទី៦ មិថុនា មានរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីការចេញលក់ឆ្នោតណាហ្គាជាឆ្នោតថ្មីមួយទើបនឹងចេញលក់មួយសន្លឹកតម្លៃមួយដុល្លារ ប៉ុន្តែរង្វាន់ធំបំផុតគឺមានតម្លៃរហូតដល់២១៨.០០០ដុល្លារ ។
នៅក្នុងសន្និសីទសារព័ត៌មាន លោកវីន ប៉ នាយកប្រតិបត្តិឆ្នោតណាហ្គាបានឱ្យដឹងថា ក្រុមហ៊ុនបានបង្កើតនូវគម្រោងមួយដែលហៅថា ការងារទំនួលខុសត្រូវសង្គម (CSR) ហើយឆ្នោតណាហ្គាបានប្តេជ្ញាថានឹងឧបត្ថម្ភ៣០% នៃផលចំណេញសុទ្ធរបស់ក្រុមហ៊ុនដល់កាកបាទក្រហមកម្ពុជា នគរបាលជាតិកម្ពុជា និងបញ្ជាការកងទ័ពនៅតំបន់ប្រាសាទព្រះវិហារ។
លើសពីនេះទៅទៀត ឆ្នោតណាហ្គាក៏នឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសាធារណៈដើម្បីធ្វើឱ្យផ្ទះរបស់យើងនេះប្រកបដោយបរិស្ថានរស់នៅប្រសើរ និងកាន់តែមានសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នា សម្រាប់ខ្លួនខ្ញុំ និងក្មេងៗជំនាន់ក្រោយទាំងអស់របស់យើង ។ យើងបាននិងកំពុងរៀបចំផែនការដែលនឹងរួចរាល់ក្នុងពេលឆាប់ៗនេះដើម្បីជួយ និងសហការជាមួយក្រសួងនានារបស់រដ្ឋាភិបាលលើកម្មវិធីការងារបរិស្ថានដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍ និងប្រជាជនកម្ពុជាបង្កើតបាននូវការផ្លាស់ប្តូរវិជ្ជមានដល់មនុស្សគ្រប់វ័យ ។
ចំណុចសំខាន់មួយទៀតរបស់ CSR គឺការប្តេជ្ញាចិត្តរបស់យើងខ្ញុំដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងភ្នាល់ខុសច្បាប់ ការចាក់ភ្នាល់ច្រើនជ្រុលហួសហេតុ និងការហាមអ្នកមិនទាន់គ្រប់អាយុភ្នាល់ និងជំរុញការលេងប្រកបដោយការទទួលខុសត្រូវក្នុងបរិយាកាសមួយប្រកបដោយសុវត្ថិភាព ភាពសប្បាយរីករាយ និងមិត្តភាព ។ ឆ្នោតគឺជាល្បែងលេងដើម្បីកម្សាន្តសប្បាយ ហើយការចំណាយប្រាក់តិចតួចដើម្បីចូលរួមលេង ទំនងជាមិនមែនជាមូលហេតុដែលបណ្តាលឱ្យកើតមានបញ្ហាឡើយ ។
សន្លឹកឆ្នោតត្រូវបានបោះពុម្ពនៅក្នុងប្រទេសកាណាដា ដោយក្រុមហ៊ុនបោះពុម្ពសន្លឹកឆ្នោតថ្នាក់អន្តរជាតិដែលមានជំនាញពិសេស និងការបោះពុម្ពសន្លឹកឆ្នោតសុវត្ថិភាពដែលផ្តល់ជូននូវសេវា និងការទ្រទ្រង់ដោយជំនាញ ។ ជាមួយនឹងបទពិសោធន៍ជាង២៥ឆ្នាំក្នុងសហគ្រាស និងបម្រើសេវាជូនជាង៥០ប្រទេស យើងអាចធានាបានថា ការបោះពុម្ពសន្លឹកឆ្នោតនេះនឹងការពារការក្លែងក្លាយ និងសន្លឹកឆ្នោតក្លែងក្លាយនៃសន្លឹកឆ្នោតណាហ្គា ។ ការលក់ក្នុងតម្លៃ១ដុល្លារ ក្នុងមួយសន្លឹក ហ្គេមនេះផ្តល់ឱកាសដល់អតិថិជនឈ្នះនូវរង្វាន់ជាសាច់ប្រាក់ច្រើនជាង១៥.០០០រង្វាន់ ចំនួន៨ប្រភេទរង្វាន់ផ្សេងៗគ្នា ។ អ្នកឈ្នះរង្វាន់ធំបំផុតនឹងអាចឈ្នះបានរង្វាន់រហូតដល់២១៨.០០០ដុល្លារអាមេរិក ។ រង្វាន់ធំទី២ ឈ្នះទឹកប្រាក់៥០.០០០ដុល្លារអាមេរិក និងរង្វាន់ធំទី៣ ឈ្នះទឹកប្រាក់២៥.០០០ដុល្លារអាមេរិក។
សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីរង្វាន់ លោកអ្នកអាចមើលខិត្តប័ណ្ណផ្សាយពាណិជ្ជកម្មដែលមានក្នុងកញ្ចប់ផ្សព្វផ្សាយរបស់ក្រុមហ៊ុន ។ នៅក្នុងថ្ងៃប្រារព្ធពិធីបើកដំណើរការផងដែរ ក៏នឹងមានចាប់ឆ្នោតឈ្នះរង្វាន់ផ្សេងៗរបស់ឆ្នោតណាហ្គាដូចជាប៊ិច សៀវភៅ កែវជាដើម និងសម្ភារអេឡិចត្រូនិករបស់របរប្រើប្រាស់ក្នុងផ្ទះផងដែរ ។ សន្លឹកឆ្នោតដែលបានជាវនីមួយៗនឹងផ្តល់សិទ្ធិឱ្យអតិថិជនទទួលបានការបញ្ចុះតម្លៃនៅភោជនីយដ្ឋាននៅណាហ្គាវើលផងដែរ ។
លោកវីន ប៉ បញ្ជាក់ថា ក្នុងមួយខែនឹងមានការចេញឆ្នោតចំនួន២ដង គឺនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ទី២ និងទី៥ នៃខែនីមួយៗ ។ ការចេញឆ្នោតដែលនឹងឈានចូលមកដល់ខាងមុខនេះគឺនៅថ្ងៃទី១២ ខែកក្កដា ។ សន្លឹកឆ្នោតនឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី៨ ខែមិថុនា តទៅ នៅកន្លែងអ្នកទទួលសិទ្ធិលក់ទាំង១.៥០០របស់ក្រុមហ៊ុននៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ កណ្តាល ស្វាយរៀង និងខេត្តកោះកុង ។ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុននឹងពង្រីកទីតាំងលក់របស់ខ្លួនទៅកាន់កន្លែងផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការចេញឆ្នោតនឹងធ្វើឡើងនៅលើឆាកនៅបរិវេណទទួលភ្ញៀវ (Lobby) នៅណាហ្គាវើល។ ម៉ាស៊ីនចេញលទ្ធផលឆ្នោតគឺមានសារសំខាន់ណាស់ចំពោះជំនួញឆ្នោត ដូច្នេះក្រុមហ៊ុនយើងខ្ញុំបានជាវម៉ាស៊ីនស្តង់ដាអន្តរជាតិពីសហរដ្ឋអាមេរិក ។ ដើម្បីដឹងលទ្ធផលឆ្នោតភ្លាមៗ គ្រប់គ្នាអញ្ជើញមកមើលការចេញឆ្នោតដោយផ្ទាល់នៅពេលក្រុមហ៊ុនចេញឆ្នោត ។ ការចាប់ និងចេញលទ្ធផលឆ្នោត នឹងត្រូវបានធ្វើសវនកម្មដោយសវនកររបស់ណាហ្គាវើល និងសវនករឯករាជ្យផងដែរ។ លទ្ធផលឆ្នោតនឹងបង្ហាញជូនតាមរយៈវេបសាយរបស់ក្រុមហ៊ុន២ម៉ោងបន្ទាប់ពីចេញឆ្នោត បង្ហាញជូនតាមកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃសុក្រ កាសែតកោះសន្តិភាព និងកាសែត Cambodia Sin Chew Daily នៅថ្ងៃសៅរ៍ ។
សូមអញ្ជើញអ្នកទាំងអស់គ្នាចូលទៅកាន់ទំព័រហ្វេសប៊ុក(FacebookPage)របស់ក្រុមហ៊ុនwww.facebook.com/NagaLotteryOfficial ដើម្បីបង្ហាញពីការចូលចិត្ត និងតាមដានព័ត៌មាន។ យើងខ្ញុំដឹងថា អតិថិជនរបស់យើងចង់ឱ្យក្រុមហ៊ុនផ្សព្វផ្សាយនូវព័ត៌មានថ្មីៗចុងក្រោយអំពីឆ្នោតណាហ្គាដល់ពួកគេ ហើយទំព័រហ្វេសប៊ុកនឹងអាចឱ្យពួកគេទទួលបាននូវព័ត៌មានថ្មីៗទាំងនោះអំពីព្រឹត្តិការណ៍ និងការផ្សព្វផ្សាយផ្សេងៗ និងកិច្ចសហការគ្នាជាមួយនឹងដៃគូរបស់ក្រុមហ៊ុន ។ យើងខ្ញុំមានកិត្តិយសណាស់ដែលបានលោកព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែលជាសិល្បករមានប្រជាប្រិយភាពបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើជាអ្នកផ្សព្វផ្សាយរបស់ក្រុមហ៊ុន ។ ការជឿជាក់របស់ពួកគាត់ចំពោះបុព្វហេតុកិច្ចការងាររបស់ក្រុមហ៊ុននឹងបង្ហាញឱ្យឃើញតាមរយៈពាក្យពេចន៍សកម្មភាពរបស់ពួកគាត់នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងសម្ភារបរិក្ខារផ្សព្វផ្សាយរបស់ក្រុមហ៊ុន ។
សិល្បករទាំង២ក៏ជាអ្នកច្រៀងបទចម្រៀងឆ្នោតណាហ្គាដែលលោកអ្នកបានស្តាប់នៅពេលចាប់ផ្តើមសន្និសីទសារព័ត៌មាននេះផងដែរ ។ បទចម្រៀងឆ្នោតណាហ្គា និពន្ធបទភ្លេងដោយលោកឃួន សិទ្ធិស័ក្តិ ដែលជាអ្នកនិពន្ធក្នុងស្រុកមានទេពកោសល្យខាងតន្ត្រី និពន្ធទំនុកច្រៀងដោយឪពុករបស់លោក និងលោកឃួន ថន ដែលជាអ្នកនិពន្ធល្បីទទួលបានការកោតសរសើរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីប្រគំតន្ត្រីឆ្នោតណាហ្គានៅថ្ងៃទី១៦ ខែមិថុនា នៅសួនសម្តេចតេជោ ហ៊ុន សែន ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅម៉ោង៣រសៀល ដោយមានលេងហ្គេមកម្សាន្ត ការសម្តែងតន្ត្រី និងការបង្ហាញក្បាច់រាំ ។
មិនត្រឹមតែប៉ុណ្ណោះក៏នឹងមានផ្សព្វផ្សាយលក់សន្លឹកឆ្នោត និងចាប់ឆ្នោតរៀងរាល់មួយម៉ោងម្តងដើម្បីឈ្នះរង្វាន់ជាសាច់ប្រាក់ផងដែរ ។ ការប្រគំតន្ត្រីនឹងចាប់ផ្តើមនៅម៉ោង៧យប់ រហូតដល់ម៉ោង១០យប់ និងបន្ទាប់ទៀតគឺពិធីជប់លៀងរាំលេងជាមួយនឹងឌីជេ IIIest ។ ក្រុមហ៊ុនក៏បានអញ្ជើញអ្នកផ្សព្វផ្សាយដ៏ល្បីល្បាញ២រូបរបស់ក្រុមហ៊ុន គឺលោកព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ចូលរួមសម្តែងជាមួយនឹងលោកវណ្ណា ពិសិដ្ឋ កញ្ញា សុគន្ធ នីសា កញ្ញាទេព បូព្រឹក្ស លោកឃួន សិទ្ធិស័ក្តិ Buth Kanya, Tiny Toones, ឌីជេ IIIest និងសិល្បករអន្តរជាតិ Joanna Jeoh និងអ្នកលេងស្គរល្បីឈ្មោះលើពិភពលោក Lewis Pragasam មកពីប្រទេសម៉ាឡេស៊ី Go Fly Kite និង Urban Drum Crew មកពីប្រទេសសិង្ហបូរី ផងដែរ ៕