ខេត្តកំពង់ឆ្នាំង ៖ ពលការិនីទៅធ្វើការនៅប្រទេសម៉ាឡេស៊ីម្នាក់ បានក្លាយជាមនុស្សនិយាយមិនដឹងខុសត្រូវ ប្រៀបបានទៅនឹងមនុស្សឡប់សតិ ខណៈពេលនាងទើបត្រឡប់ពីប្រទេសម៉ាឡេស៊ីបានតែ១ថ្ងៃ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ឧសភា ហើយត្រូវក្រុមគ្រួសារនាំមកព្យាបាលនៅមន្ទីរពេទ្យខេត្តនៅព្រឹកថ្ងៃទី២៥ ឧសភា ។
តាមការរៀបរាប់របស់បុរសឈ្មោះ សុខ ផាត អាយុ៥៤ឆ្នាំ ដែលជាឪពុកពលការិនីរូបនោះបាននិយាយថា កូនស្រីគាត់ឈ្មោះ ផាត សុធា អាយុ២៣ឆ្នាំ មានទីលំនៅភូមិទួលសំរោង ក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ។ កូនស្រីគាត់បានចេញទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១០ តាមរយៈក្រុមហ៊ុន NCN ។ នៅព្រឹកថ្ងៃទី២៣ ឧសភា កូនស្រីគាត់បានត្រឡប់មកវិញដោយចុះពីយន្តហោះ ហើយគេយកទៅដាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ទើបទូរស័ព្ទឱ្យគាត់ និងប្អូនប្រុសទៅទទួល ដើម្បីនាំនាងត្រឡប់មកផ្ទះវិញនៅម៉ោង៣រសៀល។ ពេលនោះ នាងមិនមានអ្វីកើតឡើងនោះទេ ជាមនុស្សធម្មតានិងដឹងខុសត្រូវ ហើយនាងបានប្រគល់ប្រាក់ដែលនាងទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឱ្យមកគាត់ទុកចំនួន៣.២៤០ដុល្លារ ទៀតផង ។
បុរសជាឪពុកបានបន្តថា នៅល្ងាចនោះនាង បានជួបជុំគ្រួសារមិត្តភក្តិនិយាយលេង និងសូរសុខទុក្ខជាធម្មតា រហូតព្រឹកថ្ងៃទី២៤ ឧសភា ក៏នាងមិនទាន់កើតអ្វីដែរ ស្រាប់តែដល់ល្ងាចថ្ងៃទី២៤ ឧសភា នាងចាប់ផ្តើមនិយាយច្រើនរហូតបែកពពុះមាត់ និងគ្មានដឹងខុសត្រូវប្រៀបបានជាមនុស្សឡប់សតិ ។ នៅយប់នោះ នាងនិយាយផ្តេសផ្តាសមួយយប់ទល់ភ្លឺ ដោយឃើញសភាពកូនមិនប្រក្រតីបែបនេះ ទើបគាត់នាំកូនមកមន្ទីរពេទ្យ ។
តាមការមើលរូបភាពពីខាងក្រៅនាងប្រហែលជាប៉ះទង្គិចផ្លូវចិត្តអ្វីមួយ ឬអាចថា នៅប្រទេសម៉ាឡេស៊ី នាងត្រូវគេធ្វើបាបធ្ងន់ធ្ងរ ។ ប៉ុន្តែតាមគ្រូពេទ្យវិញ និយាយថា នាងបានជួបព្រឹត្តិការណ៍រន្ធត់ ឬរំភើបអ្វីមួយខ្លាំងពេក ទើបធ្វើឱ្យនាងមានអាការៈបែបនេះ ។ ទោះជាយ៉ាងណាគ្រូពេទ្យថា អាចព្យាបាលបានគ្រាន់តែប្រើពេលយូរបន្តិច និងហាមមិនឱ្យមានគេទៅជួបរំខាននាងច្រើន ។
ទិដ្ឋភាពនៅឯមន្ទីរពេទ្យព្រឹកនោះ នាងស្រែក ផ្តេសផ្តាសខ្លាំងៗនិយាយមិនដឹងខុសត្រូវ ឯគ្រូពេទ្យចូលចាក់ថ្នាំក៏មិនបានធ្វើឱ្យមនុស្សម្នាចោមរោមមើលជាច្រើន ។ ដោយអស់វិធីគ្រូពេទ្យបានឱ្យក្រុមគ្រួសារចូលចាប់ទើបបានចាក់ថ្នាំឱ្យនាងដេកលក់ដើម្បីស្ងប់អារម្មណ៍ ៕
ចែករំលែកព័តមាននេះ