រាជធានីភ្នំពេញ ៖ ពេញ១ថ្ងៃទី២៤ ឧសភា សមត្ថកិច្ចរាជធានីភ្នំពេញបានបិទផ្លូវព្រះមុនីរ៉េត ចាប់ពីរង្វង់មូលអាងទឹកអូឡាពិកដល់រង្វង់មូលនាងគង្ហីង សង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីរារាំងដល់អ្នកតវ៉ា និងទុកពេលឱ្យសាលាដំបូងជំនុំជម្រះក្តីលើអ្នកបឹងកក់ចំនួន១៣នាក់ ដែលជាប់ពាក់ព័ន្ធដោយជេរប្រមាថយ៉ាងអាក្រក់ដល់មន្ត្រីរាជការដែលកំពុងបំពេញភារកិច្ច និងរំលោភបំពានលើដីទ្រព្យសម្បត្តិឯកជន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ឧសភា វេលាម៉ោង៧ និង៣០នាទីព្រឹក មានអ្នកបឹងកក់ពូកែខាងបះបោរមួយក្រុមចំនួន១៥នាក់ បាននាំគ្នាទៅធ្វើសកម្មភាពរំលោភបំពានកាន់កាប់ដីដែលជាទ្រព្យសម្បត្តិឯកជន មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងភូមិ១ សង្កាត់ស្រះច្រក ខណ្ឌដូនពេញ ។ ក្នុងសកម្មភាពនោះក្រុមអនាធិ បតេយ្យប្រមាណ១៥នាក់ បានប្រើប្រាស់ឧបករណ៍ និងសម្ភារមានរណា ញញួរ ពូថៅ ដែកគោល ដែកគាស់ ម៉ែត្រវាស់សម្រាប់ចែកដីគ្នា និងឈើមូល បន្ទះជាច្រើនដើមសម្រាប់សាងសង់ផ្ទះ អនាធិបតេយ្យ ។ ពេលមានសកម្មភាពកើតឡើងយ៉ាងដូច្នេះ សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យសាលាខណ្ឌដូនពេញបង្កើតគណៈកម្មការចម្រុះមួយចុះទៅធ្វើការហាមឃាត់ ព្រមទាំងបានណែនាំដោយសន្តិវិធីដើម្បីបញ្ឈប់ការចូលរំលោភកាន់កាប់ និងរុះរើសម្ភារនោះចេញពីដីដែលជាទ្រព្យសម្បត្តិឯកជន ។
ប៉ុន្តែផ្ទុយទៅវិញមនុស្សទាំង១៥នាក់នេះនៅតែចចេសរឹងរុះមិនព្រមបញ្ឈប់សកម្មភាពនោះឡើយ ព្រមទាំងបានធ្វើការប្រឆាំងតបតវិញដោយជេរប្រមាថត្មះតិះដៀល និងគប់ដំថ្ម បាចដីខ្សាច់ទៅលើគណៈកម្មការចម្រុះដែលចុះទៅធ្វើកិច្ចការងារនេះទៀតផង ។ ដោយឃើញសកម្មភាពរារាំងស្របច្បាប់របស់អាជ្ញាធរ ធ្វើឱ្យជនទាំង១៥នាក់កាន់តែមានកំហឹងពុះពោរខ្លាំងឡើងទៅលើសមត្ថកិច្ច ទើបគណៈកម្មការចម្រុះបានសម្រេចចាត់វិធានការរដ្ឋបាលជាបន្ទាន់ ដោយបានឃាត់ខ្លួនមនុស្សចំនួន១៣នាក់ សុទ្ធតែស្ត្រីរឹងរុះនាំទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដោយឡែកមនុស្ស២នាក់ដែលគេចាត់ទុកថាជាអ្នកផ្តើមគំនិត គឺឈ្មោះសៅ សារឿន ភេទប្រុស និងឈ្មោះលី ចាន់ណារី ភេទស្រី ឆ្លៀតឱកាសរត់គេចខ្លួនផុត។
គួរបញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនស្ត្រីអ្នកប្រឆាំងតវ៉ាមន្ត្រីរាជការសាធារណៈរួចមក លោកសួង សុផល ដែលគេស្គាល់ថាជាមេធាវីការពារឱ្យដើមបណ្តឹងសាលារាជធានីភ្នំពេញបានធ្វើពាក្យបណ្តឹងជាផ្លូវការ ប្តឹងចោទប្រកាន់ស្ត្រីទាំង១៣នាក់ទៅសមត្ថកិច្ចពីបទប៉ុនប៉ងរំលោភកាន់កាប់ដីដែលជាទ្រព្យសម្បត្តិឯកជន និងជេរប្រមាថមន្ត្រីរាជការសាធារណៈ ។ យោងលើពាក្យបណ្តឹងរបស់លោកមេធាវី សួង សុផល ដែលស្ត្រី១៣នាក់បានប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ធ្វើសំណុំរឿងបញ្ជូនជនជាប់សង្ស័យ១៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៤ ឧសភា ។ ពេញ១ថ្ងៃទី២៤ ឧសភា ខណៈពេលសមត្ថកិច្ចបញ្ជូនក្រុមស្ត្រី១៣នាក់ទៅតុលាការ គេបានសង្កេតឃើញសាច់ញាតិ និងក្រុមគ្រួសារ ព្រមទាំងអ្នកជួយឈឺឆ្អាលរាប់សិបនាក់ទៅឈរនៅមុខសាលាដំបូងដោយមានទាំងលើកបដា៤ទៅ១០ផ្ទាំងផង យំស្រែកតវ៉ាទាមទារសុំឱ្យតុលាការដោះលែងក្រុមដែលត្រូវចាប់ខ្លួននោះវិញ ព្រោះទង្វើបែបនេះត្រូវបានឱ្យរួចខ្លួនរាប់មិនអស់មកហើយ ។
អ្នកសង្កេតការបានមើលឃើញទៀតថា អង្គសវនាការ មានលោកភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកលី សុផាណា ព្រះរាជអាជ្ញារងជាតំណាងអយ្យការ ហើយក្នុងនោះមានវត្តមានមេធាវី៣នាក់ការពារក្នុងរឿងក្តីនេះ ។ ប៉ុន្តែនៅពេលសវនាការ មេធាវីទាំង៣នាក់នោះបានធ្វើពហិការមិនចូលរួមទេ ។ ដូច្នេះមានតែជនត្រូវចោទទាំង១៣នាក់ និងសាក្សី ។ នៅចំពោះមុខអង្គសវនាការជនដែលត្រូវចោទ ១-ឈ្មោះទេព វណ្ណី ភេទស្រី អាយុ៣១ឆ្នាំ ២-ឈ្មោះហេង មុំ ភេទស្រី អាយុ៤២ឆ្នាំ ៣-ឈ្មោះសួង សម័យ ភេទស្រី អាយុ៥៤ឆ្នាំ ៤-ឈ្មោះឆេង លៀប ភេទស្រី អាយុ៥០ឆ្នាំ ៥-ឈ្មោះថូ ដាវី ភេទស្រី អាយុ២៥ឆ្នាំ ៦-ឈ្មោះបូវ សោភា ភេទស្រី អាយុ៣៥ឆ្នាំ ៧-ឈ្មោះគង់ ចន្ថា ភេទស្រី អាយុ៤៥ឆ្នាំ ៨-ឈ្មោះងួន គឹមឡាង ភេទស្រី អាយុ៥៥ឆ្នាំ ៩-ឈ្មោះសុង ស្រីលៀប ភេទស្រី អាយុ២៥ឆ្នាំ ១០-ឈ្មោះចាន់ ណារី ភេទស្រី អាយុ៥៧ឆ្នាំ ១១ឈ្មោះផាន់ ឈុនរ៉េត ភេទស្រី អាយុ៥៥ឆ្នាំ ១២-ឈ្មោះតុល ស្រីពៅ ភេទស្រី អាយុ៣៦ឆ្នាំ ១៣-ឈ្មោះង៉ែត ឃុន ភេទស្រី អាយុ៧២ឆ្នាំ ។
ជនត្រូវចោទទាំង១៣នាក់ត្រូវបានសាលក្រមប្រកាសផ្តន្ទាទោសក្នុងម្នាក់២ឆ្នាំ ៦ខែ ប៉ុន្តែឈ្មោះសួង សម័យ ឈ្មោះថូ ដាវី ឈ្មោះងួន គឹមឡាង ឈ្មោះសុង ស្រីលៀប ឈ្មោះចាន់ ណារី ៥នាក់នេះតម្រូវឱ្យអនុវត្តក្នុងពន្ធនាគារក្នុងម្នាក់រយៈពេល២ឆ្នាំ ហើយឈ្មោះង៉ែត ឃុន តម្រូវឱ្យអនុវត្តក្នុងពន្ធគាររយពេលតែ១ឆ្នាំ នៅសល់ប៉ុន្មានព្យួរទាំងអស់ ។បន្ទាប់ពីសាលក្រមត្រូវបានប្រកាសចប់យើងសង្កេតឃើញចៅក្រម ប្រធានក្រុមប្រឹក្សា និងព្រះរាជអាជ្ញាតំណាងអយ្យការបានស្ទុះចេញពីបន្ទប់សវនាការយ៉ាងប្រញាប់ប្រញាល់ដោយសារឃើញអកប្បកិរិយាជនជាប់ចោទទាំង១៣នាក់ទ្រហោយំ និងស្រែកជេរដៀលស្ថាប័នតុលាការ សមត្ថកិច្ចពិសេសសាលារាជធានីភ្នំពេញដែលជាដើមចមលើករណីនេះ គឺស្ត្រីទាំងអស់នេះស្រែកជំទាលជេរប្រមាថដាក់បណ្តាសារម៉ាសេរី លាន់ទ្រហ៊ឹង ។ ទាំង១៣នាក់ជេរប្រទិចស្ថាប័នទាំង៣កប់ៗម៉ាត់អត់អាណិត ដោយគ្មានញញើតឡើយ ទោះបីនៅពេលនោះពួកគេត្រូវប៉ូលិសចាប់ដាក់ខ្នោះដៃគ្រឹបៗនាំបញ្ចូលក្នុងរថយន្តទៅកាន់ពន្ធនាគារព្រៃសក៏ដោយ ។ ម៉ោងប្រមាណ៦ល្ងាចរថយន្តទួរីស១២កៅអី២គ្រឿងដឹកអ្នកទោសស្ត្រីប្រមាថមន្ត្រីរាជការសាធារណៈទៅកាន់ពន្ធនាគារអមដំណើរដោយរថយន្ត និងម៉ូតូច្រើនគ្រឿងរបស់សមត្ថកិច្ច ។
គួរកត់សម្គាល់ទៀតថា នៅវេលាព្រឹកក្នុងដំណាក់កាលតំណាងអយ្យការអមសាលាដំបូង កំពុងសាកសួរជនត្រូវចោទ គេបានឃើញវត្តមានព្រះសង្ឃ១អង្គនាម លួន សាវ៉ាត ដែលពុំដឹងថាគង់នៅវត្តណានោះទេ បានចូលប្រលូកក្នុងហ្វូងអ្នកតវ៉ាដោយយកទូរស័ព្ទដៃធុនទំនើប១គ្រឿងគិតតែពីថតរាល់សកម្មភាពទាំងអស់ ដែលមិនដឹងថា សង្ឃអង្គនេះថតយកទៅធ្វើថ្នាំអី ទេ ។ ដោយឃើញសកម្មភាពសង្ឃអង្គនោះនៅត្រេងត្រាងបញ្ចេញសកម្មភាពបែបនោះ សមត្ថកិច្ចបានសុំយោបល់ទៅក្រសួងធម្មការ សុំនិមន្តព្រះសង្ឃ លួន សាវ៉ាត ចេញចៀសវាងមិនសមរម្យភ្នែកមហាជន ដែលធ្វើខុសវិន័យសង្ឃ ។ ដោយបានការអនុញ្ញាតពីក្រសួងធម្មការ និងគណៈសង្ឃ សមត្ថកិច្ចបានឱ្យព្រះសង្ឃអង្គនោះនិមន្តចេញដោយខ្លួនឯង ប៉ុន្តែសង្ឃ លួន សាវ៉ាត ប្រកែករឹងរុះក៏ត្រូវបានសមត្ថកិច្ចចាប់ក្រៀកបញ្ចូលរថយន្តដឹកទៅកាន់វត្តបទុមវតី ដើម្បីចាត់ការតាមផ្លូវព្រះពុទ្ធសាសនាបាត់ទៅ ។
ហេតុការណ៍មួយទៀត នៅល្ងាចបន្តិចទៅហើយ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនមនុស្ស២នាក់បញ្ជូនទៅសាលាដំបូងបន្ថែម ទៀត ។មនុស្ស២នាក់នោះ គឺ ១-ឈ្មោះ សៅ សារឿន ភេទប្រុស អាយុ៦៤ឆ្នាំ និង២-ឈ្មោះ លី ចាន់ណាវី ភេទស្រី អាយុ៣៧ឆ្នាំ ។ អ្នកទាំងពីរនេះត្រូវសមត្ថកិច្ចអះអាងថាជាមេខ្យល់ដឹកនាំស្ត្រី១៣នាក់ខាងលើធ្វើចលនាចាប់យកដីធ្លី និងត្រូវជាប់ចោទពីបទជេរប្រមាថមន្ត្រីរាជការសាធារណៈ ដែលភ្លាមៗនោះពួកគេបានគេច
ខ្លួន ។
លោកសៅ សារឿន និងអ្នកស្រី លី ចាន់ណាវី ត្រូវសមត្ថកិច្ចនាំខ្លួនទៅតំណាងអយ្យការ បន្ទាប់មកពួកគាត់ត្រូវបានចោទប្រកាន់ជាផ្លូវការដាក់ជូនលោកស្រីសែម សកិ្តកូឡា ចៅក្រមសើុបសួរ ។ ប៉ុន្តែការសើុបសួរឈានដល់ផុតម៉ោងមន្ត្រីរាជការ លោកស្រីចៅក្រមបានសម្រេចឃុំខ្លួនជនសង្ស័យទាំង២នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំសវនាការផ្តន្ទាទោសដូចក្រុម១៣នាក់នោះដែរ ៕




ចែករំលែកព័តមាននេះ