រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវ២ខ្សែប្រវែង២៦៧ម៉ែត្រស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ត្រូវបានធ្វើពិធីបើកការដ្ឋានស្ថាបនាកាលពីព្រឹកថ្ងៃទី២៥ឧសភា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកពេជ្រ កែវមុនី អភិបាលរងខណ្ឌទួលគោក ដោយមានការចូលរួមពីមន្រ្តីរាជការជុំវិញសង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកច័ន្ទ ហៃ ចៅសង្កាត់ទឹកល្អក់ទី៣ បានឱ្យដឹងថា កំណាត់ផ្លូវដែលត្រូវបានបើកការដ្ឋានស្ថាបនានៅពេលនេះមានប្រវែង២៦៧ម៉ែត្រគឺកំណាត់ផ្លូវលេខ៦៥៦មានប្រវែង១៧៨ម៉ែត្រទទឹង៨ម៉ែត្រ និងកំណាត់ផ្លូវលេខ១៩២មានប្រវែង៨៩ម៉ែត្រទទឹង៧ម៉ែត្រ គ្រោងចំណាយថវិកាចំនួន១៣០.៧២៣.២០០រៀលក្នុងនោះថវិកាវិភាជន៍របស់រដ្ឋាភិបាលចំនួន១១៨.៨២៥.១០០រៀល និងប្រាក់បដិភាគរបស់ប្រជាពលរដ្ឋ១០ភាគរយចំនួន១១.៨៩៨.១០០រៀល។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ថា ថ្ងៃនេះសង្កាត់ទឹកល្អក់ទី៣បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន២ខ្សែជាគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០១២។នេះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនមានការអភិវឌ្ឍយ៉ាងខ្លាំង។ នៅក្នុងរាជធានីភ្នំពេញ ហេដ្ឋារចនាសម្ព័ន្ធបានរីកចម្រើនគួរកត់សម្គាល់ដោយយើងមានស្ពានអាកាស៧មករា ហើយនៅពេលខាងមុខនឹងមានស្ពានអាកាសស្ទឹងមានជ័យដែលសមិទ្ធផលទាំងនេះបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។
លោកពេជ្រ កែវមុនី បានឱ្យដឹងទៀតថា ហេតុអ្វីបានជាការអភិវឌ្ឍផ្លូវចាំបាច់មានប្រាក់បដិភាគចូលរួមពីប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា ព្រោះនេះជាសមិទ្ធផលរបស់យើងទាំងអស់គ្នា។ លោកអភិបាលរងក៏បានណែនាំដល់ក្រុមហ៊ុនត្រូវស្ថាបនាផ្លូវនេះទៅតាមបទដ្ឋានបច្ចេកទេស ហើយប្រជាពលរដ្ឋត្រូវចូលរួមសហការធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវនេះដំណើរការទៅដោយរលូននិងមានគុណភាព ៕


ចែករំលែកព័តមាននេះ