ក្រុមប្រឹក្សាកីឡាប្រដាល់ពិភពលោក WBCបាននិយាយថា ខ្លួននឹងបណ្តេញចេញបុគ្គលឬក៏អង្គការណាដែលចូលទៅជាប់ពាក់ព័ន្ធនឹងការប្រកួតរវាងដេវីដ ហេនិងឌីរ៉េក ស៊ីសូរ៉ា ។ទោះជាយ៉ាងណា មកដល់ពេលនេះគេឃើញមានស្ថាប័នប្រដាល់២រួចទៅហើយដែលលូកដៃនៅក្នុងការប្រកួតនោះគឺអង្គការប្រដាល់ពិភព លោក(WBO)និងសមាគមប្រដាល់ពិភពលោក (WBA)។
ចំណែកក្រុមប្រឹក្សាត្រួតពិនិត្យកីឡាប្រដាល់អង់គ្លេសហៅកាត់ BBBCបានគម្រាមរួចជាស្រេចហើយថាខ្លួននឹងដកហូតអាជ្ញាប័ណ្ណពីបុគ្គលណាម្នាក់ដែលចូលខ្លួនជាប់ពាក់ព័ន្ធទៅក្នុងការខ្នះខ្នែងឱ្យមានការប្រកួតរវាងដេវីដ ហេនិងស៊ីសូរ៉ា ។លោក ចូស ស៊ូឡេមែនប្រធាន WBCបានថ្លែងថា៖«យើងនឹងមិនលើកលែងទោសឱ្យអំពើអាប់ឱនបែបនេះរបស់ស៊ីសូរ៉ាទេ។ កីឡាករម្នាក់នេះមិនយល់ពីអ្វីដែលជាអំពើល្អនោះទេ»។
ចំណែកលោក ប៉ាកូ វ៉ាលកាសេលប្រធានស្ថាប័ន WBOបញ្ជាក់ថា ស្ថាប័នលោកត្រូវតែដើរទៅមុខ ហើយអនុម័តឱ្យមានការប្រកួតនេះពីព្រោះ សហព័ន្ធប្រដាល់លុចហ្សំបួ(LBF)គឺជាសមាជិករបស់ WBO។ លោកបានបន្ថែមថា៖«បញ្ហាគឺកើតឡើងរវាង LBFនិង BBBCឯណោះទេ គឺមិនមែនរវាង LBFនិង WBOនោះទេ»។ ការប្រកួតរវាងដេវីដ ហេនិងឌីរ៉េក ស៊ីសូរ៉ាថ្ងៃ១៤កក្កដាខាងមុខគឺដើម្បីដណ្តើមយកខ្សែក្រវាត់អន្តរជាតិស្ថាប័ន WBOនិងខែក្រវាត់អន្តរទ្វីបស្ថាប័ន WBA។
បើទោះជាពុំមានការយល់ព្រមពីក្រុមប្រឹក្សាប្រដាល់ពិភពលោក WBCនិងក្រុមប្រឹក្សាប្រដាល់អង់គ្លេសក៏ដោយ ប៉ុន្តែសម្រាប់ទស្សនិកជន នេះគឺជាការប្រកួតមួយដែលពួកគេចង់ឃើញបំផុត។ ជាក់ស្តែងក្នុងពេលថ្មីៗនេះមានសំបុត្រជាង២ម៉ឺនច្បាប់ត្រូវបានលក់ដាច់អស់។ លោក Frank Warrenអ្នករៀបចំការប្រកួតរបស់កីឡាករឌីរ៉េក ស៊ីសូរ៉ាបាននិយាយថា មានសំបុត្រទស្សនាការប្រកួតរវាងកីឡាកររបស់ខ្លួននិងដេវីដ ហេប្រមាណជាង២ម៉ឺនច្បាប់ត្រូវបានលក់ដាច់អស់។
ថ្លែងប្រាប់វិទ្យុ BBC លោកWarrenបានបញ្ជាក់ថា ៖«យើងបានលក់ដាច់អស់សំបុត្រជាង២ម៉ឺនច្បាប់។ ទីកន្លែងប្រកួតរបស់យើងអាចដាក់អ្នកទស្សនាបានចំនួន៤ម៉ឺននាក់។ ខ្ញុំជឿថា ការចាប់អារម្មណ៍នេះកើតមានក្រោយពីពួកគេមានជម្លោះនឹងគ្នាក្នុងពេលកន្លងមក»។ នេះអាចចាត់ទុកថា ជាលើកដំបូងដែលកីឡាករអង់គ្លេសប្រកួតនៅលើទឹកដីខ្លួនក្រោមអាជ្ញាប័ណ្ណប្រទេសដទៃ។ នេះក៏ព្រោះតែពួកគេទាំង២នាក់ត្រូវបានក្រុមប្រឹក្សាកីឡាប្រដាល់អង់គ្លេសដកហូតអាជ្ញាប័ណ្ណបន្ទាប់ពីវាយតប់គ្នានៅក្រៅសង្វៀននៅអាល្លឺម៉ង់។
ស៊ីសូរ៉ាត្រូវបានដកហូតរអាជ្ញាប័ណ្ណប្រកួតក្នុងខែមីនាខណៈដេវីដ ហេមិនមានអាជ្ញាប័ណ្ណក៏ព្រោះតែគេប្រកាសចូលនិវត្តកាលពីឆ្នាំទៅមិញ ។ លោក Warrenបានបន្តថា៖«ខ្ញុំតែងតែយល់ថា នេះគឺជាការប្រកួតមួយដែលបណ្តាអ្នកគាំទ្រវិស័យកីឡាប្រដាល់ចង់ឃើញ។ ស៊ីសូរ៉ាមិនត្រូវបានហាមមិនឱ្យប្រកួតនោះទេ ហើយគ្រប់ៗគ្នាបានមើលរំលងចំណុចនោះ»។ ស៊ីសូរ៉ាបានប្តឹងឧទ្ធរណ៍រួចជាស្រេចហើយប្រឆាំងនឹងការដកហូតអាជ្ញាប័ណ្ណរបស់ខ្លួន ប៉ុន្តែពាក្យបណ្តឹងរបស់គេនោះត្រូវពន្យារពេលជំនុំជម្រះដល់ខែកក្កដា។
លោក Warrenបានប្រាប់វិទ្យុ BBCទៀតថា៖«សវនាការត្រូវបានពន្យារដល់ខែកក្កដា ដូច្នេះស៊ីសូរ៉ានឹងត្រូវស្ថិតនៅក្រៅសង្វៀនរយៈពេល៦ខែ ហើយប្រសិនជាគេជាកីឡាករបាល់ទាត់វិញគឺស្មើនឹងការអវត្តមាន២៤ប្រកួត ។ ស៊ីសូរ៉ាបានបាត់បង់ទឹកប្រាក់តម្លៃខ្លួនអស់ពាក់កណ្តាលពោលចាប់តាំងពីការប្រកួតជាមួយវីតាលី ឃ្លីតស្កូមក»។
លោកបានសង្កត់ធ្ងន់ថា៖«ទោះជាយ៉ាងណា នេះគឺជាការប្រកួតដែលធំជាងគេបង្អស់ប្រចាំឆ្នាំ។ វាជាការប្រកួតដែលត្រឹមត្រូវតាមច្បាប់ ហើយវានឹងដំណើរការទៅមុខតាមគម្រោង »។ ការជួបប្រកួតគ្នារវាងដេវីដ ហេនិងឌីរ៉េក ស៊ីសូរ៉ាគឺអាចចាត់ទុកថាជាការប្រកួតក្នុងប្រភេទទម្ងន់ធ្ងន់ដ៏ធំបំផុតលើកទី២នៅក្នុងប្រទេសអង់គ្លេសបន្ទាប់ពីការជួបគ្នាលើកទី១រវាងឡេណុក ឡេវីសនិងហ្វ្រែង ប្រ៊ូណូកាលពីឆ្នាំ១៩៩៣ ។
សូមបញ្ជាក់ថា ដេវីដ ហេមានឯតទគ្គកម្មប្រកួត២៧លើក ក្នុងនោះឈ្នះ២៥លើកចាញ់២ ធ្លាប់ផ្តួលដៃគូឱ្យសន្លប់ចំនួន ២៣លើក។ ចំណែកស៊ីសូរ៉ាវិញធ្លាប់ប្រកួត ១៨លើក ឈ្នះ១៥លើកចាញ់៣ មិនដែលស្មើ និងធ្លាប់ឈ្នះដោយផ្តួលដៃគូឱ្យសន្លប់បានចំនួន៩លើក ៕
ចែករំលែកព័តមាននេះ