Jason Dufnerបានក្លាយជាម្ចាស់ពានកម្មវិធី HP Byron Nelson Championshipរបស់សមាគម PGA Tour ដែលមានទឹកប្រាក់រង្វាន់សរុប ៦លាននិង៥សែនដុល្លារអាមេរិកបន្ទាប់ពីយកឈ្នះជុំផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២០ ឧសភា ។នៅលើទីលានវាយកូនហ្គោល TPC Four Seasons Resortស្ថិតក្នុងទីក្រុង Irvingរដ្ឋតិចសាស់សហរដ្ឋអាមេរិក Jason Dufnerធ្វើបានសម្រេចនូវការវាយ putting យកពិន្ទុបឺឌីរយៈចម្ងាយ២៥ហ៊្វូតក្នុងឡូចុងក្រោយយកឈ្នះពានជើងឯកជាមួយគម្លាតពិន្ទុ ១សត់។
កីឡាករអាមេរិករូបនេះបញ្ចប់ជុំផ្តាច់ព្រ័ត្រធ្វើបានពិន្ទុ ៣អាន់ឌ័រ ៦៧ សរុបលទ្ធផលទាំង៤ជុំគឺ ១១អាន់ឌ័រ ២៦៩ទទួលបានពានរបស់សមាគម PGA Tour ជាលើកដំបូង ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Jason Dufnerបានបញ្ជាក់ថា៖«មានកីឡាករជាច្រើនដែលអាចធ្វើបានពិន្ទុជាច្រើនសត់ តែខ្ញុំសំណាងជាងគេដោយឱកាសល្អបានហុចឱ្យនៅឡូទី១៨។ ការវាយ puttលើកនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អក្រៃលែង។ ខ្ញុំពិតជាមិនចង់ឱ្យមានវគ្គ playoffទេ»។ Dicky Prideបញ្ចប់ការប្រកួតស្ថិតនៅចំណាត់ថ្នាក់លេខ២ក្រោយពីធ្វើបានពិន្ទុ ៣អាន់ឌ័រ៦៧បន្ថែមទៀត។ ក្រោយពីធ្វើបានពិន្ទុ៣បឺឌីបន្តបន្ទាប់គ្នា រូបគេត្រូវវាយកូនបាល់ចេញពីកន្លែងមានទឹកនៅឡូទី១៨ និងបន្ទាប់មកវាយ puttបានសម្រេចនៅឡូដែលមាន១០ប៉ា។ Dicky Prideពុំធ្លាប់បានយកឈ្នះពានជើងឯកណាមួយទេ ពោលគឺចាប់តាំងពីរូបគេបានឈ្នះជើងឯក PGAនៅឆ្នាំ១៩៩៤នាទីក្រុង Memphisក្នុងនាមជាកីឡាករជើងថ្មីម្នាក់។ បន្ទាប់ពីជាប់លេខ២ក្នុងកម្មវិធីនេះ Prideបានបញ្ជាក់ថា៖«វាពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់។ ការលេងរបស់ខ្ញុំពិតជាបានរឹងមាំល្អណាស់ពេញមួយសប្តាហ៍នេះ។ ការមានទំនុកចិត្តខ្លាំងលើខ្លួនឯង ធ្វើឱ្យខ្ញុំអាចប្រកួតបានក្នុងកម្រិតនេះ»។
ចំណែកកីឡាករអូស្ត្រាលី Marc Leishman បញ្ចប់៤ជុំប្រកួតធ្វើបានលទ្ធផលសរុប ៩អាន់ឌ័រ ២៧១ស្ថិតនៅចំណាត់ថ្នាក់លេខ៣ស្ទួនជាមួយកីឡាករស៊ុយអែត Jonas Blixt ព្រមទាំងកីឡាករអាមេរិក J.J. Henryនិង Joe Durant។ លើការបែងចែកទឹកប្រាក់រង្វាន់វិញ ម្ចាស់ពានជើងឯក Jason Dufnerទទួលបាន ១លាននិង១៧០ពាន់ដុល្លារអាមេរិក ខណៈDicky Prideទទួលបាន៧០២ពាន់ដុល្លារ។ ចំណែកបណ្តាកីឡាករដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣ស្ទួន៤រូបទទួលបានក្នុងម្នាក់ៗ ៣១២ពាន់ដុល្លារ។
ដោយឡែកការប្រកួតកម្មវិធីមួយរបស់សមាគម LPGA Tourនៅក្រុង Gladstoneរដ្ឋញូវជើស៊ីក្នុងថ្ងៃជាមួយគ្នានោះដែរ ជ័យជម្នះបានទៅលើកីឡាការិនីអេស្ប៉ាញ Azahara Munoz ។
នាងMunozបានក្លាយជាអ្នកលើកពានបន្ទាប់ពីយកឈ្នះកីឡាការិនីតៃវ៉ាន់ Candie Kungក្នុងលទ្ធផល ២&១ ។ សម្រាប់Munozពិតជាមានការរំជួលចិត្តខ្លាំងដ្បិតនេះគឺជាពាន LPGA Tour លើកដំបូងរបស់នាង ។សម្រាប់ការឈ្នះពានជើងឯកលើកនេះ នាងMunozទទួលបានទឹកប្រាក់រង្វាន់ ៣៧៥ពាន់ដុល្លារអាមេរិក ៕


ចែករំលែកព័តមាននេះ