ពលរដ្ឋអាស៊ីនិងអាមេរិកជាច្រើនលាននាក់កាលពីព្រឹកព្រលឹមថ្ងៃទី២១ឧសភាឬល្ងាចថ្ងៃទី២០ឧសភា ពេលថ្ងៃរៀបលិចបាននាំគ្នាមើលសូរ្យគ្រាស(ព្រះចន្ទបាំងព្រះអាទិត្យ) ដោយនៅកន្លែងខ្លះព្រះអាទិត្យត្រូវព្រះចន្ទបាំងជិតសល់តែរង្វង់ពន្លឺដូចចិញ្ចៀនមួយ។
សូរ្យគ្រាសនេះអាចមើលឃើញក្នុងប្រទេសចិននាព្រឹកថ្ងៃទី២១ឧសភាក៏ដូចជានៅតៃវ៉ាន់ និងនៅជប៉ុនដែរ ហើយនៅតិចសាស់មើលឃើញនាវេលាថ្ងៃរៀបលិច ។
ក៏ប៉ុន្តែដោយសារផ្ទៃមេឃមានពពកច្រើនក្នុងផ្នែកមួយយ៉ាងធំនាភាគអាគ្នេយ៍ប្រទេសចិនសូរ្យគ្រាសពុំអាចមើលឃើញច្បាស់ឡើយ ។ នៅក្រុងហុងកុងប្រជាជនជាច្រើនពាន់នាក់ប្រមូលផ្តុំគ្នានៅទល់មុខសមុទ្រឯ VICTORIA HARBOUR ដោយសង្ឃឹមមើលឃើញសូរ្យគ្រាស ក៏ប៉ុន្តែផ្ទៃមេឃមានពពកដេសដាសអាចឱ្យពួកគេមើលឃើញសូរ្យគ្រាសត្រឹមរយៈពេលមិនដល់១នាទីផង ។ ក៏ប៉ុន្តែប្រជាជនប្រមាណជា៣៥លាននាក់នៃតំបន់ក្រុងតូក្យូ និងប្រជាជនប្រមាណជា៨០លាននាក់ក្នុងប្រទេសជប៉ុនទាំងមូល បានមើលឃើញសូរ្យគ្រាសនោះច្បាស់ទោះបីផ្ទៃមេឃមានពពកខ្លះក៏ដោយ ។
នៅក្រុងតូក្យូនាវេលាម៉ោង៧និង៣០នាទីទៅម៉ោង៧និង៣៥នាទីព្រឹក ព្រះចន្ទចាប់ផ្តើមបាំងព្រះអាទិត្យក្រោមក្រសែមើលរបស់មនុស្សម្នាដែលចេញទៅធ្វើការ និងពួកកុមារចេញទៅសាលារៀនដោយពួកគេឈប់មើលបាតុភូតនោះតាមវិថីនានានៃក្រុងតូក្យូ ៕


ចែករំលែកព័តមាននេះ