ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Gesink​ឈ្នះ​​ជើង​​ឯក​​ប្រណាំង​កង់ Tour ​of California​ខណៈ Sagan​ឈ្នះ​​ដំ​ណាក់​​ផ្តាច់​​ព្រ័ត្រ​

14 ឆ្នាំ មុន

កីឡា​ករ​ហូ​​ឡង់​​ Robert Gesink​បាន​ក្លាយ​ជា​​ម្ចាស់​​ពាន​​ជើង​​ឯក​​​​​កម្ម​​វិធី ​​​ Tour of California​​​ក្រោយ​ពី​រូប​គេ​បាន​នាំ​មុខ​លើ​តារាង​ថិរវេលា​សរុប​ក្នុង​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​ដែល​រៀប​ចំ​ធ្វើ​​​​កាល​ពី​ថ្ងៃអា​ទិត្យ​ទី២០​​​ឧស​ភា​ ។ ការ​​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះ​​​​​​បញ្ចប់​នៅ​ទី​ក្រុង Los Angeles​រដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​ស​ហ​រដ្ឋ​អា​មេរិក។

Gesinkដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Rabobank Cycling Team​បាន​យក​ឈ្នះ​ជើង​ឯក​នៃ​កម្ម​វិធី​ប្រ​ណាំង​ដែល​មាន​​ចម្ងាយ​ផ្លូវសរុប ១១៨៤,១​​​​​​​​​គីឡូម៉ែតមាន​៨​ដំ​ណាក់​ដោយ​ប្រើ​អស់​ថិរវេលា​រួម​ ៣០​ម៉ោង ៤២​នា​ទី​និង​៣២​វិ​នា​ទី​ ។ ចំ ណា​ត់​ថ្នាក់​លេខ​២​បាន​ទៅ​លើ​កីឡាករ​អា​មេរិក David Zabriskieរបស់​ក្រុម​ Garmin – Barracudaដែល​បាន​ប្រើ​អស់​ថិរវេលា​រួម​ច្រើន​ជាង Gesink ៤៦​វិ​នា​ទី ។​ ឯ​ចំ​ណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​កីឡាករ​អា​មេរិក​ដដែល​។ Thomas Danielsonដែល​ជា​មិត្ត​រួម​ក្រុម​របស់​David Zabriskieប្រើ​ថិរវេលា​រួ​ម​ច្រើន​​ជាង Gesink ៥៤​វិ​នា​ទី ។​

សម្រាប់​កីឡាករ​វ័យ ២៥​ឆ្នាំ​ Gesink នេះ​គឺ​ជា​ជោគ​ជ័យ​លើក​ទី​១​របស់​គេ​ហើយ​ចាប់​តាំង​​ពី​រូប​គេ​បាន​រង​គ្រោះ​ថ្នាក់​បាក់​ជើង​ក្នុង​ពេល​ហ្វឹក​ហាត់​កាល​ពី​៨​ខែ​មុន ។​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១០​ គេ​បាន​ជួប​រឿង​អ​កុ​សល​ចំ​នួន​២​លើក​បន្ត​បន្ទាប់​គ្នា​នោះ​គឺ​បាក់​ជើង ៤​កំណាត់​និង​ឪពុ​ក​ស្លាប់​។ ក្នុង​ឆ្នាំនោះ Gesinkក៏​បាន​ទៅ​ចូល​រួម​ការ​ប្រ​ណាំង​ Tour de Franceផង​ដែរ​ តែ​គេ​ដណ្តើម​បានត្រឹម​ចំ​ណាត់​ថ្នាក់​លេខ​៥​ប៉ុណ្ណោះ ។​

គេ​បាន​បញ្ជាក់​ថា​៖« នៅ​ពេល​ដែល​អ្នក​មាន​ពេល​វេលា​ល្អ​នឹង​ទទួល​បាន​ជ័យ​ជម្នះ​  នោះ​ជា​គោល​ដៅ​របស់​​យើង​គ្រប់​គ្នា​»។​
ចំណែក​ដំ​ណាក់​ទី​៨​ដែល​ជា​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​ ជ័យ​ជម្នះ​បាន​ទៅ​លើ​កីឡាករ​ស្លូ​វ៉ា​គី Peter Sagan។
Saganដែល​ជិះ​កង់​ឱ្យ​ក្រុម Liquigas-Cannondaleបាន​យកឈ្នះ​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ​៧២​គី​ឡូ​ម៉ែត្រ​ដែល​ការ​ប្រ​ណាំង​ធ្វើ​នៅ​ជុំ​វិញ​ទី​ក្រុង Los Angelesរដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​ស​ហ​រដ្ឋ​អា​មេរិក។​  Saganបាន​បញ្ចប់​ដំ​ណាក់​នេះ​ដោយ​ប្រើ​អស់​ថិរវេលា​១​ម៉ោង​២៧​​​នាទី​និង៣៦​​វិនាទី​យក​ឈ្នះ​កីឡាករ​បែល​ហ្ស៊ិក​ ​ Tom Boonen​ជិះ​ឱ្យ​​ក្រុម​ Omega Pharma-Quickstep​និង​ឈ្នះ​កី​ឡាករ​អា​ល្លឺ​ម៉ង់​ Gerald Ciolek​របស់​ក្រុម Omega Pharma-Quickstepដែល​អ្ន​ក​ទាំង​​២​ប្រើ​ថិរ​វេលាស្មើ​គ្នា​​​​ ។ ​​​Saganបាននិយាយ​ថា​៖«នៅ​​គីឡូ​ម៉ែត្រ​ចុង​ក្រោយ​ក្នុង​ដំ​ណាក់​នេះ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ជា​ពិសេស​នៅ​ផ្លូវ​កាច់​ជ្រុង​ តែ​វាល្អ​វិញ ដែល​យើង​បាន​ជិះ​កាត់​វា​ដល់​៦​លើក​»។

សូម​បញ្ជាក់​ថា​ការ​ប្រណាំងកង់​កម្ម​វិធី Tour of California​ឆ្នាំ​នេះ​មាន៨​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប១១៨៤,១​​គីឡូ​ម៉ែត្រ​។ ការ​ប្រ​ណាំង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៣​ខែ​ឧស​ភា​នៅ​ទី​ក្រុង Santa Rosa។ ដោយ​ឡែក​ដំណាក់​ទី​៨​​​​​​​ដែល​ជា​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​មាន​ចម្ងាយ​ផ្លូវ៧២​​គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំងធ្វើ​ឡើង​​ជុំ​វិញ​​ទី​ក្រុង Los Angelesរដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​ស​ហ​រដ្ឋ​អា​មេរិក ​​៕