ខេត្តប៉ៃលិន ៖ យុវជនឈ្មោះសួរ វណ្ណា អាយុ២០ឆ្នាំ ជាអ្នកចម្ការ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានផឹកថ្នាំពុលបាញ់សម្លាប់ស្មៅប្រភេទទឹកឃ្មុំអស់កន្លះលីត្រប៉ងសម្លាប់ខ្លួន បន្ទាប់ពីខឹងឪពុកហាមមិនឱ្យចេញ ទៅក្រៅដើរលេងផឹកស៊ីពេលយប់ព្រលប់ជាមួយមិត្តភក្តិ ខ្លាចមានគ្រោះថ្នាក់ ម៉្យាងរូបគេមានប្រពន្ធទៅហើយ ។ គ្រាន់តែស្តីឱ្យប៉ុន្មានម៉ាត់ប៉ុណ្ណោះធ្វើឱ្យគេខឹងរត់ទៅទាញយកថ្នាំពុលបាញ់ស្មៅប្រភេទទឹកឃ្មុំ ដែលគ្មានថ្នាំបន្សាប និងពិបាកព្យាបាលផឹកនៅលើផ្ទះរបស់ខ្លួនប៉ងធ្វើអត្តឃាត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៨ ឧសភា ។
ក្រោយពីផឹករួចត្រូវប្រពន្ធឃើញទាន់ក៏ស្រែកប្រាប់ឪពុកម្តាយ បងប្អូនជិតខាងឱ្យជួយដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ គ្រូពេទ្យបានដាក់ទឹកលាងក្រពះជម្រះជាតិពុលឱ្យយុវជននោះបានរួចផុតពីសេចក្តីស្លាប់ ។ ថ្នាំពុលសម្លាប់ស្មៅនោះមានឥទ្ធិពលខ្លាំងណាស់ ពេលគេយកទៅបាញ់ស្មៅរួចក្នុងរយៈពេលមួយអាទិត្យដើមស្មៅតូចធំនៅក្នុងចម្ការនឹងត្រូវស្លោកងាប់តាំងពីចុងរហូតដល់ឫស ។ ចំណែកឯបុរសនោះវិញមានសង្ឃឹមរស់ភាគតិចណាស់ ។
ស្ត្រីជាប្រពន្ធឈ្មោះថន លីតា អាយុ១៨ឆ្នាំ ឱ្យដឹងថា ប្តីរបស់នាងត្រូវឪពុកស្តីប្រដៅ ខណៈមកពីផឹកស្រាជាមួយមិត្តភក្តិដោយមិនជួយធ្វើការងារអ្វីដល់នាងសោះ ។ ជាពិសេសនោះនៅពេលយប់តែងតែដើរស៊ីផឹកពីផ្ទះមួយទៅផ្ទះមួយរហូតដល់យប់ជ្រៅទើបត្រឡប់មកផ្ទះវិញ ។ រូបនាងជាប្រពន្ធមិនហ៊ានស្តីបន្ទោសប្តីឡើយ គ្រាន់តែបារម្ភ និងស្រងូតស្រងាត់ប៉ុណ្ណោះ ។ ឪពុកក្មេករបស់នាងឃើញទាស់ចិត្តពេក ក៏ស្តីឱ្យប្តីរបស់នាងធ្ងន់មាត់បន្តិចដោយនិយាយថា «យកប្រពន្ធមកធ្វើបាបចិត្តដោយមិនគិតធ្វើការរកស៊ីអ្វីសោះ គិតតែពីដើរផឹកស៊ីជាមួយមិត្តភក្តិដែលជាមនុស្សប្រមឹក» ។
ស្ត្រីជាប្រពន្ធបន្តថា បន្ទាប់ពីឪពុកក្មេកនាងស្តីតែប៉ុណ្ណឹង ស្រាប់តែនៅរសៀលថ្ងៃកើតហេតុ ប្តីរបស់នាងឡើងទៅលើផ្ទះទាញយកដបថ្នាំពុលបាញ់ស្មៅផឹកអស់កន្លះលីត្រប៉ងសម្លាប់ខ្លួន ។ ខណៈនោះនាងរត់ឡើងទៅលើផ្ទះឃើញដបទឹកស្មៅបើកគម្រប ហើយឃើញប្តីរបស់ខ្លួនក្អួតចេញមកសុទ្ធតែទឹកថ្នាំពុលបាញ់ស្មៅ ក៏ស្រែកហៅឪពុកម្តាយបងប្អូនឱ្យជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ឥឡូវនេះប្តីរបស់នាងមានសភាពស្រស់បស់គ្រាន់បើឡើងវិញហើយ តែមិនដឹងថាយ៉ាងណាទៅថ្ងៃខាងមុខទេ ៕
ចែករំលែកព័តមាននេះ