ការផ្ទុះយ៉ាងខ្លាំងមួយកើតមានកាលពីថ្ងៃទី២០ ឧសភានៅជាយក្រុងដាម៉ាស់ តែពុំមានអ្នករបួសឡើយដែលការផ្ទុះនេះគឺនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីប្រមុខអ្នកសង្កេតការណ៍អ.ស.ប នៅស៊ីរី ។ បទឈប់បាញ់គ្នាដែលតាមទ្រឹស្តីចូលជាធរមានពីថ្ងៃទី១២ មេសាមកនៅស៊ីរីនៅតែពុំមានការគោរពដោយនាថ្ងៃទី២០ឧសភា មនុស្ស៤៨នាក់ទៀតត្រូវស្លាប់ក្នុងនោះ៣៤នាក់ក្នុងការវាយប្រហារលើមូលដ្ឋានមួយនៃខេត្តហាម៉ា ។
នៅឌូម៉ា ជាយក្រុងដាម៉ាស់ មានការផ្ទុះមួយដែលកងទ័ពស៊ីរីថាបណ្តាលមកពីរ៉ុក្កែតមួយគ្រាប់ធ្លាក់ចម្ងាយប្រមាណជា១០ម៉ែត្រប៉ុណ្ណោះពីប្រមុខអ្នកសង្កេតការណ៍អ.ស.ប ឧត្តមសេនីយ៍ ROBERT MOOD ។ ក៏ប៉ុន្តែឧប្បត្តិហេតុនេះពុំបណ្តាលឱ្យមនុស្សណាម្នាក់ត្រូវរបួសឡើយ ។
អ្នកសង្កេតការណ៍អ.ស.ប ប្រមាណជា២៦០នាក់ នាពេលនេះស្ថិតក្នុងប្រទេសស៊ីរី ដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នាដែលនៅបន្តរំលោភបំពាន ៕
ចែករំលែកព័តមាននេះ