លោករដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីរ៉ង់ Shamseddin Hosseini ថ្លែងថា តម្លៃប្រេងអន្តរជាតិ នឹង កើនឡើងក្រោមការដាក់ទណ្ឌកម្មប្រទេសជាប់ឈូងសមុទ្រពែក្សឱ្យបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ តម្លៃប្រេងអាចកើនឡើងដល់១៦០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើតំបន់អឺរ៉ុបធ្វើតាមការហាមប្រាមការដឹកទំនិញតាមផ្លូវទឹករបស់ប្រទេសអីុរ៉ង់នៅថ្ងៃ១ កក្កដា ។ ក្រុមប្រទេស G-៨បានជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ដើម្បីពិភាក្សាគ្នាលើការគ្រប់គ្រងមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។
លោក Hosseini បន្តថា យើងត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់ពេលយើងនិយាយពីចំណូលនិងការដាក់ទណ្ឌកម្មប្រេង ដើម្បីប្រឆាំងការលក់ប្រេងេចញនោះ ហើយអ្នកណាទទួលជោគជ័យ អ្នកណាបរាជ័យ តាមពិតទៅវាពិតជាមានការលំបាក ប៉ុន្តែមិនត្រឹមតែសម្រាប់ប្រទេសអីុរ៉ង់ទេ ហើយយើងគ្រប់គ្នាធានាថា វានឹងធ្វើឱ្យតម្លៃប្រេងអន្តរជាតិឡើងថ្លៃ ។ ប្រទេសរបស់លោកបានអត់ទ្រាំនឹងការដាក់ទណ្ឌកម្មអស់រយៈពេល៣៣ឆ្នាំមកហើយ នេះពិតជាបានបង្ហាញថា សេដ្ឋកិច្ច កម្លាំងសេដ្ឋកិច្ចរបស់ប្រទេសអីុរ៉ង់ តាមផ្លូវនេះអាចឈរនឹងបានចំពោះការដាក់ទណ្ឌកម្មអស់ទាំងនោះ ។
ថ្នាក់ដឹកនាំនៃក្រុមប្រទេសG-៨និយាយថា ពួកគេអំពាវនាវឱ្យទីភ្នាក់ងារប្រេងអន្តរជាតិចាត់វិធានការជាក់លាក់ណាមួយដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ប្រេងដើម្បីឆ្លើយតបនឹងការរាំងស្ទះពេលប្រេងរបស់ប្រទេសអីុរ៉ង់គ្មានអ្នកទិញ ។ ក្រុមប្រទេសទាំង៨រួមមាន សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង អីុតាលី ជប៉ុន និងរុស្ស៊ី ពួកគេប្រហែលជាបើកការវាយប្រហារលើប្រទេសអីុរ៉ង់ ដើម្បីការពារសាធារណៈរដ្ឋអ៊ិស្លាមមួយនេះ កុំឱ្យធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ប្រទេសអ៊ីរ៉ង់ និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប្រើការក្នុងគោលដៅសន្តិភាពស្របតាមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ ។
ដោយសារមានក្តីបារម្ភពីជម្លោះដែលអាចកើតមានឡើងនៅឈូងសមុទ្រពែក្ស បានជំរុញឱ្យអត្រាតម្លៃប្រេងក្នុងមួយបារ៉ែលឡើងដល់១១០ដុល្លារក្នុងខែកុម្ភៈ។ តែតម្លៃប្រេងបានធ្លាក់ចុះ១២ភាគរយក្នុងខែមីនា មកត្រឹមតែ៩២,៥ដុល្លារ ក្នុងមួយបារ៉ែល ដោយសារការព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកមានសន្ទុះយឺតយ៉ាវ ៕
ចែករំលែកព័តមាននេះ