ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​សា​រ៉ា​ប៉ូ​វ៉ា​ឈ្នះ​ជើង​ឯក​តឺ​ន្នីស Internazionali BNL d’Italia​ជា​លើក​ទី​2

14 ឆ្នាំ មុន

​​ម៉ា​​រី​​យ៉ា សា​រ៉ា​​ប៉ូ​​វ៉ា​​​បាន​​សម្តែង​​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធ​ី Internazionali BNL d’Italia២​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​។ ជ័យ​ជម្នះ​លើក​ទី​២​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​នាង​បំបាក់​កីឡាការិនី​ជើង​ខ្លាំង​របស់​ចិន​លី​ណា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​៤-៦,៦-៤​និង​៧-៦​ ។​ ការ​ប្រ​កួត​ក្នុង​វគ្គ​នេះ​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​រ៉ូម​ ប្រ​ទេស​អុី​តា​លី​កាល​ពី​ថ្ងៃ​​ទី​២០​ខែ​ឧស​ភា ។​

សម្រាប់​សារ៉ា​ប៉ូ​វ៉ា​ដែល​ជា​កីឡាការិនី​លំ​ដាប់​ទី​២​ពិភពលោក​ នេះ​គឺ​ពាន​ជើង​ឯក​លើក​ទី​២៦​ហើយ​នៅ​ក្នុង​អា​ជីព​របស់​ខ្លួន​។ ការ​ប្រ​កួត​នេះ​ផ្អាក​អស់​ជាង​២​ម៉ោង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​។
​នាង​បាន​ថ្លែង​ថា​៖«នេះ​ជា​ការ​មួយ​មិន​ល្អ​។​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​អាច​គ្រប់​គ្រង​វា​បាន​ទេ​។ ដូច្នេះ​លើក​នេះ​ពិត​ជា​គ្មាន​អ្នក​ចាញ់​ទេ​»។

កាល​ពី​ប្រ​កួត​ក្នុង​ក្រប​ខណ្ឌធំ French Openឆ្នាំ​២០១១ សារ៉ា​ប៉ូ​វ៉ា​បានចាញ់​ក្រោម​ថ្វី​ដៃ​នាង​លី​ណា​ធ្លាក់​ចេញ​ពី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ទាំង​ពីរ​នាក់​មិន​ដែល​បាន​ជួប​ប្រ​កួត​ជា​មួយ​គ្នា​ឡើយ​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គេ​បាន​ជួប​គ្នា​ ហើយ​ជ័យ​ជម្នះ​លើក​នេះ​ក៏​ជា​ការ​សង​សឹក​មួយ​ផង​ដែរ​សម្រាប់​សារ៉ា​ប៉ូ​វ៉ា​។ ដោយ​ឡែក​សម្រាប់​ការ​ប្រ​កួត​នៅ​លើ​ទី​លាន​ដី​ឥដ្ឋ​វិញ​ នេះ​គឺ​ជា​ពាន​លើក​ទី​២​ហើយ​។

កាល​ពី​ខែ​មេសា​កន្លង​មក កីឡាការិនី​រុស្ស៊ី​រូបនេះ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ប្រ​កួត​លើ​ទី​លាន​ដី​ឥដ្ឋ​លើក​ទី​១​របស់​ខ្លួន​នៅ​ទី​ក្រុង Stuttgart​​​ប្រ​ទេស​អា​ល្លឺ​ម៉ង់​។ ចំណែក​លទ្ធ​ផល​នៃ​ការ​ប្រ​កួត​ផ្នែក​បុ​រស​វិញ​រវាង​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណាដាល់​និង​កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ាក់​ យ៉ូ​កូ​វិច​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ខណៈ​មាន​ការ​ពន្យា​រពេល​ការ​ប្រ​កួត​របស់​ពួក​គេ​បន្ទាប់​ពី​រំ​ខាន​ដោយ​ភ្លៀង​ ។

នេះ​ជា​ការ​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ទី​៣២​ហើយ​រវាង​ណា​ដាល់​និង​យ៉ូ​កូ​វិច​។​ ក្នុង​ចំនួន​នៃ​ការ​ជួប​គ្នា​ទាំង​អស់​នេះ ណា​ដាល់​ទទួល​បាន​លទ្ធផល​ល្អ​ជាង​យ៉ូ​កូវិច​គឺ ១៧​ទល់នឹង​ ១៤​៕