ប្រវត្តិនៃកីឡាបាល់ទាត់បានចាប់ផ្តើមនៅតំបន់ហេមដេន ប្រទេសស្កុតលែន ហេតុដូច្នេះប្រជាជនស្កុតលែន កំពុងទទួលឱកាសដ៏វិសេស ក្នុងការទស្សនាគ្រាប់បាល់ ដ៏ចំណាស់បំផុតនៅលើពិភពលោក ។ គ្រាប់បាល់នោះបានផលិតចេញពីស្បែកគោ និងប្លោកនោមជ្រូក ត្រូវគេប្រទះឃើញនៅខាងក្រោយជញ្ជាំងឈើនៃបន្ទប់ផ្ទុំរបស់ព្រះរាជិនីក្នុងប្រាសាទ«ស្ទ័រលីង»ដែលបានសាងសង់ក្នុងអំឡុងឆ្នាំ១៥៤០ ។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ប្រមាណថាបាល់នេះអាចមានអាយុចាស់ជាងនេះ ។
លោកម៉ៃឃើល ម៉េកហ្គីនណេស នាយកផ្នែកបុរាណវិទ្យារបស់សារមន្ទីរស្មីត នៅទីក្រុងស្ទ័រលីង បញ្ជាក់ថា«មានគ្រាប់បាល់ចំនួន៤គ្រាប់ ត្រូវបានទិញដាក់តាំងបង្ហាញ ក្នុងទីកន្លែងនេះ ដោយព្រះអង្គម្ចាស់ជេមទី៤ ក្នុងឆ្នាំ១៤៩០ ។ ដូច្នេះ វាអាចជាបាល់មួយក្នុងចំណោមបាល់ទាំងអស់ ដែលផលិតក្នុងពេលដ៏យូរលង់ ។ ក្រៅពីនេះវាធ្លាប់ត្រូវបានយកទៅថ្វាយជាល្បែងលេងដល់ព្រះរាជិនី មែររី នៃប្រទេសស្កុតលែន ខណៈពេលដែលទ្រង់នៅជាយុវវ័យ » ។
អ្នកជំនាញផ្នែកប្រវត្តិវិទ្យាបញ្ជាក់ថា ព្រះរាជិនីមែររី នៃប្រទេសស្កុតលែន ក្នុងអំឡុងពេលនៅវ័យកុមារពេញព្រះទ័យលេងបាល់ទាត់និងវាយកូនហ្គោល។ កំណត់ត្រាជីវប្រវត្តិប្រចាំថ្ងៃរបស់ព្រះអង្គម្ចាស់ និងលោកម៉េកហ្គីនណេស បញ្ជាក់ថា ទីតាំងដែលត្រូវប្រទះឃើញបាល់នេះ មានការពាក់ព័ន្ធនឹងករណីខាងលើ ។
ហេតុផលទាំងនេះ គ្រាប់បាល់ដែលចាស់នៅលើពិភពលោក គឺជាវត្ថុបុរាណដ៏មានតម្លៃ ត្រូវរក្សាទុកយ៉ាងល្អក្នុងសារមន្ទីរ ដោយតាំងបង្ហាញក្នុងទូកញ្ចក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុងសប្តាហ៍កន្លងមកបណ្តាអ្នកគាំទ្របាល់ទាត់ឱកាសបានស្ទាប និងថតរូបជាមួយបាល់នោះ ទោះបីជាមន្ត្រីក្នុងសារមន្ទីរទទួលស្គាល់ថា ការបើកឱកាសបែបនេះនឹងប្រថុយប្រថានការខូចខាតក៏ដោយ ប៉ុន្តែលោកម៉េកហ្គីនណេស បញ្ជាក់ថា«ទំនិញសុទ្ធសឹងតែមានការប្រថុយប្រថានដូចគ្នាទាំងអស់ »។
នាយកផ្នែកបុរាណវិទ្យា បញ្ជាក់ថា«បាល់ទាត់មួយគ្រាប់នេះនៅមានសភាពល្អ ដូច្នេះដរាបណាមានមនុស្សទៅប៉ះពាល់ដោយប្រើស្រោមដៃ មានន័យថា អាចជួយកាត់បន្ថយភាពប្រថុយប្រថានការខូចបង់បានមួយកម្រិត » ៕
ចែករំលែកព័តមាននេះ