ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ក​រអ៊ី​​តា​លី Rabottini​ឈ្នះ​ដំណាក់​ទី​15​ប្រណាំង​កង់ ​Tour ​of​ Italy

14 ឆ្នាំ មុន

Matteo Rabottini​ទទួល​​បាន​​ក្តី​​រីក​​រាយ​​ជា​​លើក​​ដំ​បូង​​នៅ​​ក្នុង​​អា​ជីព​ក៏​ដូច​ជា​ក្នុង​រដូវ​កាល​ក្រោយ​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​១៥​​ប្រ​ណាំង​កង់​​កម្ម​វិធី Tour of Italyឬ​​ ​Giro d’Italia​​​​​​​កាល​ពីថ្ងៃ​អា​​ទិត្យ​​​ទី​២០​​​​​​​​​​ខែ​សភា​​ ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​​នេះ​បញ្ចប់​នៅ​ទី​ក្រុង​ Lecco/Pian dei Resinelli​ប្រ​ទេស​អ៊ីតា​លី ​ ។

Rabottini​ដែល​ជិះ​កង់​ឱ្យ​​ក្រុម ​Farnese Vini – Selle Italiaបាន​យក​ឈ្នះ​ដំណាក់​​មាន​ចម្ងាយផ្លូវ​១៧២​គី​ឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង ​Busto Arsizio​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Lecco/Pian dei Resinelli​​​ប្រ​ទេស​អុីតា​លី​ដោយ​​ប្រើ​អស់​​ថិរវេលា៥​ម៉ោង​១៥​នាទី​និង​៣០​​​​វិនាទី​យក​ឈ្នះ​កីឡាករ​មក​ពី​អេស្ប៉ាញ​Joaquim Rodriguez Oliver ជិះ​ឱ្យ​ក្រុម​ Katusha Team​ដែល​ប្រើ​ថិរ​វេលា​ស្មើ​គ្នា​និង​ឈ្នះ​​កីឡាករ​អេស្ប៉ាញ​ម្នាក់​ទៀតAlberto Losada Alguacil​​របស់​​ក្រុម​ Katusha Teamដែល​​​ប្រើ​ថិរវេលា​ច្រើន​ជាង​ ២៣​វិ​នា​ទី​​។​

ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​ Rabottini​បញ្ជាក់​ដោយ​ក្តី​រីក​រាយ​ថា​៖«ឈ្នះ​ការ​ប្រជែង​គ្នា​លើ​កំ​ណាត់​ផ្លូវ​ឡើង​ទួល​គឺ​ជា​រឿង​មិន​គួរឱ្យ​​ជឿ​។ ​នៅ​ពេល​ដែល​កីឡាករ​ Rodriguezតាម​ប្រ​កិត​ក្រោយ​ខ្ញុំុ ៗ​បាន​បាត់​បង់​អស់​នូវ​ក្តី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះ​ តែ​ខ្ញុំ​បាន​បង្អាក់​ការរុល​ទៅ​មុខ​របស់​គេ​ជា​មួយ​នឹង​បច្ចេក​ទេស​ដ៏​ល្អ​។ ដូច​ជា​កី​ឡាករ​ផ្សេង​ទៀត​ដែរ ខ្ញុំ​មក​ប្រ​ណាំង​នៅ​ទី​នេះ​ដោយ​សង្ឃឹម​ថា​យក​ឈ្នះ​យ៉ាង​ហោច​ណាស់​មួយ​ដ​ំ​ណាក់​។ ពេល​ខ្ញុំ​ធ្វើ​បាន​ហើយ​ នេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ជី​វិត​របស់​ខ្ញុំ​ »​។​
ទោះ​ជា​យ៉ាង​នេះ​ក្តី ជ័យ​ជម្នះ​លើក​នេះ​មិន​ទាន់​អាច​ជួយ​​ឱ្យ​​​កីឡាករ​ Rabottini​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប​បាន​ទេ​ដ្បិត​កីឡាករអេស្ប៉ាញ​​ Joaquim Rodriguez  ដែល​បញ្ចប់​ដំ​ណាក់​ក្នុង​លំ​ដាប់​ទី​២​​នោះ​សន្សំ​ពេល​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​ក្លាយ​ជា​អ្នក​​គ្រង​អាវ​កាក់​​​ពណ​៌​លឿង​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​គេ​។​

បន្ទាប់​ពី​​បញ្ចប់​​ការ​ប្រណាំង​អស់​១៥​​ដំណាក់​មក​នេះ​ Rodriguezប្រើ​​​​ថិរវេលា​សរុប​តិច​ជាង​គេ​បំផុត​គឺ​៦៥​​​​​​ម៉ោង១១​នា​ទី​និង៧​​វិនាទី​នាំ​មុខ​កីឡាករកា​ណា​ដា​​​ Ryder Hesjedalរបស់​ក្រុម Garmin – Barracudaដែ​ល​ប្រើ​ថិរវេលា​ច្រើន​ជាង៣០​​វិ​នា​ទី​។ ឯកីឡាករម្ចាស់​ផ្ទះIvan Bassoជិះ​ឱ្យ​ក្រុម Liquigas-Cannondale​ស្ថិត​នៅ​លំ​ដាប់​ទី​៣​បន្ទាប់​ពី​​បាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង​Rodriguez ១នា​ទី​និង​២២​​​​វិ​នា​ទី​​ ។

ការ​ប្រណាំងកម្ម​វិធី Tour of Italyឬ​ ​Giro d’Italia​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៤៧៦​គី​ឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំណាក់​ទី​១៦​​​​ដែល​ជា​ដំ​ណាក់​បន្ត​​មាន​ចម្ងាយ​ផ្លូវ១៧៤​​​​​​​​​គី​ឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំងចាប់​ចេញ​ដំណើរ​ពី​ទី​ក្រុង Limone sul Garda​ទៅ​កាន់​ទី​ក្រុង Falzes/Pfalzenប្រ​ទេស​អុីតា​លី ៕