កីឡាករអេស្ប៉ាញចច ឡូរេនហ្សូបានសម្តែងក្តីត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីខ្លួនបានយកឈ្នះជើងឯកនៃការប្រណាំងម៉ូតូជីភីកម្មវិធី French MotoGP Grand Prix នៅទីលានប្រណាំង Le Mansប្រទេសបារាំងកាលពីថ្ងៃអាទិត្យទី២០ខែឧសភា ព្រមទាំងបាននាំមុខគេនៅលើតារាងជើងឯកពិភពលោក។
ឡូរេនហ្សូដែលជាអ្នកបើកបរឱ្យក្រុមយ៉ាម៉ាហាបានយកឈ្នះការប្រណាំងមាន២៨ជុំក្នុងថិរវេលា៤៩នាទីនាទីនិង៣៩.៧៤៣វិនាទីប្រជែងយកឈ្នះកីឡាករអ៊ីតាលីវ៉ាឡឹនទីណូ រ៉ូស៊ីរបស់ក្រុមឌូកាទីដែលបានបញ្ចប់ការប្រណាំងក្នុងថិរវេលា៤៩នាទីនិង៤៩.៦៤៨វិនាទីយឺតជាងកីឡាករឡូរេនហ្សូ ។ ចំណាត់ថ្នាក់ទី៣បានទៅលើកីឡាករជើងខ្លាំងមកពីប្រទេសអូស្ត្រាលី ខាស៊ី ស្តូន័រ។ ស្តូន័រដែលជាអ្នកបើកបរឱ្យក្រុមហុងដាបញ្ចប់ការប្រណាំងក្នុងថិរវេលា ៤៩នាទីនិង៥១.០៤១វិនាទីនាំមុខកីឡាករអេស្ប៉ាញដានី ប៉េដ្រូហ្សា។ ប៉េដ្រូហ្សាដែលបើកបរឱ្យក្រុមហុងដាបានបញ្ចប់ការប្រណាំងក្នុងថិរវេលា៥០នាទីនិង០៩.១០៤វិនាទី។
កីឡាករអុីតាលីអ៊ែនឌ្រា ដូវីហ្ស៊ីយ៉ូសូដែលបើកបរឱ្យក្រុម Tec 3 Yamahaបានប្រើអស់ថិរវេលា៥០នាទីនិង៣៩.៥០២វិនាទីស្ថិតក្នុងចំណាត់ថ្នាក់លេខ៧នាំមុខដោយកីឡាករអាល្លឺម៉ង់Stefan Bradlរបស់ក្រុមហុងដានិងកីឡាករអាមេរិកនីកគី ហេដឹនរបស់ក្រុមឌូកាទីដែលបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់លេខ៥និងលេខ៦។ តាមពីក្រោយរូបគេគឺកីឡាករអង់គ្លេស Cal Crutchlowរបស់ក្រុមយ៉ាម៉ាហាដែលបញ្ចប់ការប្រណាំងក្នុងថិរវេលា៥០នាទីនិង ៤៤.៨៩៥វិនាទី។
កីឡាករជើងខ្លាំងមកពីអេស្ប៉ាញ Hector Barberaបើកបរឱ្យក្រុម Pramac Ducatiបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់លំដាប់ទី៩។កីឡាកររូបនេះបានប្រើអស់ថិរវេលា៥០នាទីនិង៤៧.៥៨៩វិនាទីយឺតជាងកីឡាករឡូរេនហ្សូ១នាទីនិង ៧.៨៤៦វិនាទី។
ថ្លែងបន្ទាប់ពីទទួលបានជោគជ័យ កីឡាករវ័យ២៥ឆ្នាំឡូរេនហ្សូបានបញ្ជាក់ថា៖«សម្រាប់ខ្ញុំ ការប្រណាំងក្នុងថ្ងៃនេះដំណើរការទៅល្អខ្លាំងណាស់។ បន្ទាប់ពីបាននាំមុខ ស្តូន័រតាមប្រកិតពីក្រោយខ្ញុំ តែបន្តិចក្រោយមក គេក៏ស្ថិតនៅដាច់ឆ្ងាយទៅវិញ។ ពេលនោះអារម្មណ៍ខ្ញុំបានធូរស្បើយ ហើយឆ្លងចូលដល់ទីព្រ័ត្រក្នុងភាពកក់ក្តៅ។ ខ្ញុំទទួលស្គាល់ថា បញ្ហាតែមួយគត់របស់ខ្ញុំគឺមានអារម្មណ៍មិនសូវល្អនៅពេលនាំមុខដាច់តែឯង»។
សម្រាប់ឡូរេនហ្សូ ជ័យជម្នះលើកនេះគឺជាលើកទី២ក្នុងរដូវកាលនិងជាលើកទី១៩ក្នុងអាជីពនៃការប្រណាំងម៉ូតូប្រភេទ Grand Prix ។បន្ទាប់ពីបញ្ចប់ការប្រណាំងលើកនេះ នៅលើតារាងជើងឯកពិភពលោក ឡូរេនហ្សូស្ថិតនៅលំដាប់លើគេមាន៩០ពិន្ទុ។ ខាស៊ី ស្តូន័រស្ថិតនៅលំដាប់ទី២មាន៨២ពិន្ទុនាំមុខខាស៊ី ស្តូន័រដែលសន្សំបាន៦៥ពិន្ទុស្ថិតនៅលំដាប់ទី៣ ៕
ចែករំលែកព័តមាននេះ