Andrey Amadorទទួលបានក្តីរីករាយជាលើកដំបូងនៅក្នុងអាជីពក៏ដូចជាក្នុងរដូវកាលក្រោយពីបានយកឈ្នះដំណាក់ទី១៤ប្រណាំងកង់កម្មវិធី Tour of Italyឬ Giro d’Italiaកាលពីថ្ងៃសៅរ៍ទី១៩ខែឧសភា ។ ការប្រណាំងក្នុងដំណាក់នេះបានបញ្ចប់នៅទីក្រុង Cerviniaប្រទេសអ៊ីតាលី ។
Amadorដែលជិះកង់ឱ្យក្រុម Movistar Teamបានយកឈ្នះដំណាក់មានចម្ងាយផ្លូវ២០៥គីឡូម៉ែត្រចេញដំណើរពីទីក្រុង Cherasco ឆ្ពោះទៅកាន់ទីក្រុង Cerviniaប្រទេសអ៊ីតាលីដោយប្រើអស់ថិរវេលា៥ម៉ោង៣៣នាទីនិង៣៦វិនាទីយកឈ្នះកីឡាករមកពីសាធារណរដ្ឋឆែក Jan Bartaជិះឱ្យក្រុម Team NetAppដែលប្រើថិរវេលាស្មើគ្នានិងឈ្នះកីឡាករអ៊ីតាលី Alessandro De Marchiរបស់ក្រុម Androni Giocattoliដែលប្រើថិរវេលាច្រើនជាង ២វិនាទី។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Amadorបញ្ជាក់ដោយក្តីរីករាយថា៖«វាហាក់ដូចជាស្ថិតនៅក្នុងសុបិនដែលបានយកឈ្នះមួយ
ដំណាក់។ ហើយអ្វីដែលកាន់តែពិសេសនោះគឺថា នេះជាដំណាក់ដែលជិះឡើងទីទួល។ ខ្ញុំមានមោទនភាពជាខ្លាំង។ លទ្ធផលនេះបង្ហាញថា ប្រសិនជាយើងប្រឹងប្រែង នោះយើងនឹងទទួលបានផលល្អ។ ឆ្នាំនេះខ្ញុំខិតខំខ្លាំងណាស់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការប្រណាំងថ្ងៃនេះពិតជាវែងឆ្ងាយ ហើយការលំបាកពិតជាមានច្រើន។ ខ្ញុំបានព្យាយាមប្រើប្រាស់អស់នូវអ្វីដែលខ្លួនមាន ហើយខ្ញុំពិតជាសប្បាយចិត្តរកអ្វីផ្ទឹមគ្មានចំពោះជ័យជម្នះលើកនេះ »។
ជ័យជម្នះលើកនេះមិនទាន់អាចជួយឱ្យកីឡាករ Amadorនាំមុខនៅលើតារាងថិរវេលាសរុបបានទេ ដ្បិតកីឡាករកាណាដា Ryder Hesjedal ដែលបញ្ចប់ដំណាក់ក្នុងលំដាប់ទី៤នោះសន្សំពេលវេលាបានយ៉ាងល្អបំផុតក្លាយជាអ្នកគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំមុខគេ។
ឆ្លងកាត់ការប្រណាំងអស់១៤ដំណាក់មកនេះ Hesjedalប្រើថិរវេលាសរុបតិចជាងគេបំផុតគឺ៥៩ម៉ោង៥៥នាទីនិង២៨វិនាទីនាំមុខកីឡាករអេស្ប៉ាញ Joaquim Rodriguez Oliverរបស់ក្រុម Katusha Teamដែលប្រើថិរវេលាច្រើនជាង៩វិនាទី។ឯកីឡាករម្ចាស់ផ្ទះPaolo Tiralongo ជិះឱ្យក្រុម Astana Pro Teamស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាងHesjedal ៤១វិនាទី ។
ការប្រណាំងកម្មវិធី Tour of Italyឬ Giro d’Italiaឆ្នាំនេះមាន២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៤៧៦គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី១៥ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៧២គីឡូម៉ែត្រដោយការប្រណាំងចាប់ចេញដំណើរពីទីក្រុង Busto Arsizioទៅកាន់ទីក្រុង Lecco/Pian dei Resinelliប្រទេសអ៊ីតាលី ៕
ចែករំលែកព័តមាននេះ