បន្ទាប់ពីរង់ចាំអស់រយៈពេល៥៧ឆ្នាំ ក្លឹបតោខៀវ Chelsea បានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្ររបស់ខ្លួន គឺបានយកឈ្នះក្លឹប Bayern ដោយលទ្ធផល 4-3 នៃការស៊ុតបាល់ទាត់ប៉េណាល់ទីកាត់សេចក្តីចុងក្រោយ បន្ទាប់ពីលេងបន្ថែមម៉ោង១៥នាទី២ដងបានត្រឹមតែស្មើ 1-1។
នេះគឺជាការលើកពានយូហ្វាឆេមពានលីកលើកទី១សម្រាប់ក្លឹបតោខៀវ Chelsea ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពីកីឡាករវីរបុរសដ្រកបាស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីគ្រាប់ចុងក្រោយ ។
នៅក្នុងដំណើរការប្រកួតតង់ទី១ ទោះបីក្រុមម្ចាស់ផ្ទះ Bayern មានប្រៀបទាំងការវាយលុក និងការព្យាយាមស៊ុតបាល់បញ្ចូលទីយ៉ាងណាក៏ដោយ ក៏ក្លឹបខកចិត្តនៅប៊ុនដេស្លីហ្គាមួយនេះមិនអាចស៊ុតបាល់បញ្ចូលទីមកលើក្លឹប Chelsea បានទេធ្វើឱ្យចប់ការប្រកួតតង់ទី១ ក្លឹបទាំងពីរទទួលបានលទ្ធផលស្មើ 0-0 ។
ចូលមកដល់តង់ទី២ ការវាយបករបស់ក្រុមម្ចាស់ផ្ទះគឺ មិនបង្អង់ឡើយ ពោលគឺលេងមុខទី របស់ Chelsea តែមិនអាចបំបែកខ្សែការពារបាន ជាពិសេសអ្នកចាំទីដ៏ល្អ P Cech ដែលបានជួយសង្រោះបាល់បានជាញឹកញាប់ ។ ទោះជាយ៉ាងណាក្តី ការព្យាយាមម្តងហើយម្តងទៀតពិតជាទទួលបានជោគជ័យមែន ចូលមកដល់នាទីទី៨៣ កីឡាករ Muller តែតបាល់បញ្ចូលទីបាន១គ្រាប់ បន្ទាប់ពីមានការបញ្ជូនបាល់បញ្ចូលដ៏ល្អពីកីឡាករ Kroos ធ្វើឱ្យអ្នកគាំទ្រក្លឹប Bayern ហ៊ោកញ្ចៀវយ៉ាងខ្លាំងពេញពហុកីឡដ្ឋាន ។
ចូលមកដល់នាទីទី៨៨ ២នាទីមុនបញ្ចប់ការប្រកួតកីឡាករដ្រកបា តែតបាល់បាន១គ្រាប់តាមយកស្មើធ្វើឱ្យចប់ការប្រកួត៩០នាទី លទ្ធផលស្មើ 1-1 ។ ការប្រកួតបានអូសបន្លាយមកដល់ការបន្ថែមម៉ោង១៥នាទី២ដង តែលទ្ធផលនៅតែស្មើ 1-1 ដដែលធ្វើឱ្យការប្រកួតឈានដល់កាត់សេចក្តីស៊ុតបាល់ប៉េណាល់ទី៥គ្រាប់ ។ លទ្ធផលនៅក្នុងការស៊ុតបាល់ប៉េណាល់ទីក្រុម Chelsea បានយកឈ្នះ Bayern ដោយលទ្ធផល 4-3 មានឱកាសលើកពានយូហ្វាឆេមពានលីកលើកទី១ របស់គេ ចំណែកឯក្រុម Bayern បានត្រឹមតែសម្រក់ទឹកភ្នែកក្នុងពហុកីឡដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ