កីឡាករអាមេរិក David Zabriskieបានកាត់ផ្តាច់ជ័យជម្នះ៣ដំណាក់បន្តបន្ទាប់គ្នារបស់កីឡាករស្លូវ៉ាគី Peter Saganក្រោយពីរូបគេយកឈ្នះដំណាក់ទី៥កាលពីថ្ងៃទី១៧ឧសភា ។ ការប្រណាំងក្នុងដំណាក់ទី៥នេះធ្វើនៅជុំវិញទីក្រុង Bakersfield រដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។
Zabriskieដែលជាអ្នកជិះកង់ឱ្យក្រុមGarmin-Barracudaបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ២៩,៧គីឡូម៉ែត្រដោយការប្រណាំងធ្វើនៅជុំវិញទីក្រុង Bakersfield រដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។ Zabriskieបានបញ្ចប់ដំណាក់នេះដោយប្រើអស់ថិរវេលា៣៥នាទីនិង៥៩វិនាទីយកឈ្នះកីឡាករអាល្លឺម៉ង់ Jens Voigtជិះឱ្យក្រុម RadioShack-Nissanដែលប្រើថិរវេលាច្រើនជាង២៣និងឈ្នះកីឡាករមិត្តរួមជាតិ Tejay Van Garderenរបស់ក្រុម BMC Racing Teamដែលប្រើថិរវេលាច្រើនជាង ៣៤វិនាទីនា ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះកីឡាករវ័យ៣៣ឆ្នាំ Zabriskie បញ្ជាក់ថា៖«វាខិតចូលកាន់តែជិតទៅនឹងជម្រើសក្នុងក្រុមអូឡាំពិកទីក្រុងឡុង។ ខ្ញុំចង់ធ្វើឱ្យបានល្អបំផុត។ ខ្ញុំធ្លាប់មកទីនេះម្តងកាលពីខែកុម្ភៈកន្លងមក»។ ជ័យជម្នះក្នុងដំណាក់នេះពិតជាមានន័យបំផុតសម្រាប់Zabriskieដ្បិតវាបានជួយឱ្យរូបគេនាំមុខនៅលើតារាងថិរវេលាសរុបបានទៀតផង។
បន្ទាប់ពីបញ្ចប់៥ដំណាក់មកនេះ Zabriskieប្រើអស់ថិរវេលាតិចជាងគេគឺ២០ម៉ោង ២៩នាទីនិង៣១វិនាទីស្ថិតនៅលំដាប់លើគេនិងគ្រងអាវកាក់ពណ៌លឿង។ ស្ថិតនៅលំដាប់ទី២គឺកីឡាករម្ចាស់ផ្ទះអាមេរិកដដែល។ Tejay Van Garderenដែលជិះកង់ឱ្យក្រុម BMC Racing Teamប្រើថិរវលាច្រើនជាង Zabriskie ៣៤វិនាទី។ ចំណែកកីឡាករហូឡង់ Robert Gesinkស្ថិតនៅលំដាប់ទី៣បន្ទាប់ពីប្រើពេលច្រេើនជាង Zabriskie ៣៩វិនាទី។ Zabriskie បាននិយាយថា ៖«វាពិតជារឿងល្អប្រពៃខ្លាំងណាស់ដែលបានគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំមុខគេ។ ការស្វែងយល់ដឹងពីលក្ខណៈពិសេសរបស់កីឡាករផ្សេងៗ ខ្ញុំគិតថាវាមានប្រយោជន៍ដល់ចំណាត់ថ្នាក់របស់យើង »។
ការប្រណាំងកង់កម្មវិធី Tour of Californiaឆ្នាំនេះមាន៨ដំណាក់និងមានចម្ងាយផ្លូវសរុប១១៨៤,១គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី៦ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៨៦,៣គីឡូម៉ែត្រដោយការប្រណាំងចេញដំណើរពីទីក្រុង Palmdaleឆ្ពោះទៅកាន់ទីក្រុង Big Bear Lake សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ