ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខា​ស៊ី ស្តូ​​ន័រ​​គ្រោង​​​លា​​ឈប់​​ពី​​អា​​ជីព​​ប្រ​ណាំង​ម៉ូតូ​​​នៅ​​ដំ​ណាច់​​រដូវ​​កាល​​នេះ​

14 ឆ្នាំ មុន

ជើង​​ឯក​​ប្រ​ណាំង​​ម៉ូ​តូ​ Grand Prix​ពិភព​​លោក​​សញ្ជាតិ​​អូ​​ស្ត្រា​​លី​​ខា​​ស៊ី ស្តូ​ន័រ​បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ខណៈ​កាល​ពី​ថ្ងៃ​ទី​១៧​ឧស​ភា​គេ​បាន​ប្រ​កាស​ថា នឹង​លា​ឈប់​ពី​ការ​ប្រ​ណាំង​នៅ​ឆ្នាំ​ដំ​ណាច់​នេះ​ដោយ​មូល​ហេតុ​គ្រួ​សារ​។ ស្ថិត​នៅ​ក្នុង​វ័យ​២៦​ឆ្នាំ ស្តូ​ន័រ​បាន​យក​ឈ្នះ​ជើង​ឯក​ការ​ប្រ​ណាំង​ចំនួន​៣៥លើក​ក្នុង​អា​ជីព​ហើយ​បច្ចុប្បន្ន​កំពុង​នាំ​មុខ​នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ឯក​២លើក​ក្នុង​ឆ្នាំ​នេះ​។ សេចក្តី​ប្រ​កាស​របស់​គេ​បាន​កើត​មាន​ឡើង​អំឡុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​មុន​ការ​ប្រ​ណាំង​ French Grand Prixនៅ​ប្រ​ទេស​    បា​រាំង​ថ្ងៃ​ទី​​​២០ ឧសភា ។

​កីឡាករ​ក្រុម​ហុង​ដា​រូបនេះ​បាន​និយាយ​ថា​៖«បន្ទាប់​ពី​គិត​អស់​រយៈ​ពេល​យ៉ាង​យូរ​ ព្រម​ទាំង​ពិភាក្ស​ាជាច្រើន​លើក​ជា​មួយ​ក្រុម​គ្រួ​សាររួច​មក ខ្ញុំ​បាន​សម្រេចចិត្ត​លា​ឈប់​ការ​ប្រ​ណាំង​នៅ​ចុង​រដូវ​កាល​នេះ​តែ​ម្តង​។ ក្រោយ​ពី​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់​សម​តាម​បំណង​ខ្លួន​ឯង​ ខ្ញុំ​​ក៏​លែងមាន​មហិច្ឆតា​ចង់​បន្ត​ការ​ប្រ​ណាំង​ទៀត​ទេ​ ហើយ​ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ​ដែល​ត្រូវ​លា​    ឈប់​»។
ស្តូន័រ​ដែល​ជាជើង​ឯក​ពិភពលោក​ក្នុង​ឆ្នាំ​២០០៧​ផង​នោះ​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ក្មេង​ម្នាក់​កាល​ពី​ខែ​កុម្ភៈ​ដើមឆ្នាំ​នេះ ​ពោល​គឺ​បន្ទាប់​ពី​ភរិ​យា​របស់​គេ​នាង អា​ឌ្រី​យ៉ា​ណាកើត​បាន​កូន​ស្រី​ម្នាក់​។ ក្នុង​ពេល​ជា​មួយ​គ្នានោះ​គេ​បាន​ទាត់​ចោល​ការ​និយាយ​ដែល​ថា មាន​ប្រ​ពន្ធ​នឹង​ធ្វើ​ឱ្យ​ការ​ប្រ​ណាំង​របស់​គេ​ធ្លាក់​ចុះ​។

​ស្តូ​ន័រ​បាន​និយាយ​ថា​៖«គេ​និយាយ​ឱ្យ​ខ្ញុំ​ថា នៅ​ពេល​ដែល​ខ្ញុំ​រៀប​ការ​ នោះ​ការ​ប្រ​ណាំង​របស់​ខ្ញុំ​នឹង​ធ្លាក់​ចុះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​ដំ​បូង​ដែល​ខ្ញុំ​រៀប​ការ​នោះ​ ខ្ញុំ​បែរ​ជា​ឈ្នះ​ជើង​ឯក​ពិភពលោក​ទៅ​វិញ​។​ នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា មាន​កូន​ ខ្ញុំ​ក៏​បាន​យក​ឈ្នះ​ជើង​ឯក​ពិភពលោក​ម្តង​ទៀត​។ ទស្ស​នៈ​ខ្ញុំ​ផ្ទាល់​មិន​គិត​ថា មាន​កូន​ឬ​ប្រ​ពន្ធ​ធ្វើ​ឱ្យ​ការ​ប្រ​ណាំង​ធ្លាក់​ចុះ​ទេ​»។ ស្តូ​ន័រ​បាន​ចូល​រួម​ប្រ​ណាំង​ម៉ូ​តូ Grand Prix ក្នុង​ឆ្នាំ​២០០៦​ដោយ​ពេល​នោះ​គេ​បើក​បរ​ឱ្យ​ក្រុម​ហុង​ដា ។ តែ​ក្នុង​ឆ្នាំ​២០០៧​ គេ​បាន​ផ្លាស់​មក​ក្រុម​ Ducatiហើយ​បាន​យក​ឈ្នះ​ជើង​ឯក​ពិភពលោក​ក្នុង​ឆ្នាំនោះ​។ ក្រៅ​ពី​ជើង​ឯក​ពិភពលោក ​គេ​នៅ​បាន​យក​ឈ្នះ​ជើង​ឯក​ក្នុង​៩​កម្ម​វិធី​ប្រ​ណាំង​ផ្សេង​ទៀត​។ ឆ្នាំ​ទៅ​មិញ គេ​បាន​ផ្លាស់​មក​ក្រុម​ហុង​ដា​វិញ ហើយ​ដណ្តើម​បាន​ជើង​ឯក​ពិភពលោក​ជា​លើក​ទី​២​បូក​រួម​នឹង​ជើង​ឯក​៩​កម្ម​វិធី​ផ្សេង​ទៀត​ផង​ដែរ​។

​ទាក់​ទិន​នឹង​ការ​ប្រ​កាស​លា​ឈប់​នេះ ក្រុម​ហុង​ដា​បញ្ជាក់​ថា​៖«ស្តូ​ន័រ​និយាយ​ថា ២០១២​គឺ​ជាឆ្នាំ​ចុង​ក្រោយ​របស់​គេ​។ សង្ឃឹម​ថា​នៅ​ឆ្នាំ​នេះ​គេ​នឹង​ធ្វើ​បាន​លទ្ធផល​ល្អ​ដូចជា​លើក​មុន​ៗ​  ទៀត »៕