អត្រាមរណៈរបស់ស្ត្រីជាមាតាក្នុងប្រទេសវៀតណាមមានចំនួន៧៥នាក់ក្នុងការផ្តល់កំណើតកូនចំនួន១០០.០០០នាក់ ខ្ពស់ជាង៥ដងធៀបជាមួយប្រទេសអភិវឌ្ឍន៍ ។ គ្រូពេទ្យក្រុងហូជីមិញត្រូវបានកោះហៅប្រជុំបន្ទាប់ពីមានស្ត្រីស្លាប់ក្នុងពេលសម្រាលកូនចំនួន៦នាក់ក្នុងអំឡុងថ្ងៃ១៩ មេសា ដល់ថ្ងៃទី៦ ឧសភា នេះបើតាមសារព័ត៌មាន Dan Tri ផ្សព្វផ្សាយ ។លោកគ្រូពេទ្យ Tran Ngoc Hai មកពីមន្ទីរពេទ្យ Tu Du និយាយថា ការសម្រាលកូនធ្វើឱ្យស្រ្តីជាមាតាស្លាប់ច្រើនក្នុងប្រទេសវៀតណាម ។
ចំណែកលោកគ្រូពេទ្យ Vu Thi Nhung ប្រធានសមាគមសម្ភពក្រុងហូជីមិញបានបន្ទោសពីកម្រិតគ្រោះថ្នាក់នៃការធ្វេសប្រហែសរបស់ស្រ្តីមានផ្ទៃពោះ ក្នុងអំឡុងពេលសម្រាលកូន ។ មានស្ត្រីជាច្រើនមិនបានមកពិនិត្យក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីឱ្យគ្រូពេទ្យរកសញ្ញាមិនប្រក្រតីសម្រាប់ដោះស្រាយពេលសម្រាលកូននោះទេ ។ បន្ថែមលើសពីនេះមានស្ត្រីជាច្រើនគិតថាពួកគេមានជំងឺផ្តាសាយ ប៉ុន្តែការពិតពួកគេឆ្លងបាក់តេរី ។
គ្រូពេទ្យនិយាយថា មន្ទីរពេទ្យវៀតណាមនា ពេលថ្មីៗនេះ បានស្ថិតនៅក្រោមសម្ពាធស្របពេលមានស្ត្រីកាន់តែច្រើនជ្រើសរើសការសម្រាលកូនដោយវិធីវះកាត់ចាប់តាំងពីពួកគេគិតថា វិធីនោះមានគ្រោះថ្នាក់តិចតួចជាងការផ្តល់កំណើតតាមបែបធម្មជាតិ ។
ក្នុងប្រទេសវៀតណាម ស្ត្រីសម្រាលកូនស្លាប់៤១ភាគរយ គឺបណ្តាលមកពីធ្លាក់ឈាមច្រើនពេក ស្លាប់ដោយសារប្រកាច់២១,៣ភាគរយ ស្លាប់ដោយសារឆ្លងរោគ១៦,៦ភាគរយ និងស្លាប់ដោយប្រការផ្សេងៗ ១១,៥ភាគរយ ៕
ចែករំលែកព័តមាននេះ