ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កញ្ជ្រឹល​អាច​បង្ក​ឱ្យ​មាន​ផល​វិបាក​ដល់​កូន​របស់​លោក​អ្នក

14 ឆ្នាំ មុន

ជំងឺ​កញ្ជ្រឹល​ គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ឆ្លង​តាមរយៈ​ទឹក​មាត់ ហើយ​ជំងឺ​នេះ​តែង​តែ​កើត​​ចំពោះ​កុមារ​​ដែល​មាន​អាយុ​ចម្លោះ​ពី​៦​ខែ​ទៅ​១០​​ឆ្នាំ ។ ជំងឺ​នេះ​ក៏​អាច​កើត​មាន​នៅ​លើ​មនុស្ស​ពេញ​វ័យ​បាន​​ផង​ដែរ​ ប្រសិន​បើ​លោក​អ្នក​មិន​​​ធ្លាប់​​កើត​ជំងឺ​កញ្ជ្រឹល​នេះពី​មុន​មក​​ ឬ​​​អ្នកដែល​​គ្មាន​ប្រព័ន្ធ​​ការ​ពារ​ប្រឆាំង​ជា​មួយ​នឹង​មេ​រោគ​កញ្ជ្រឹល​ ។

លោក​វេជ្ជ​បណ្ឌិត ហុង សុខឃាង ឯក​ទេស​ផ្នែក​ជំងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ជំងឺ​កញ្ជ្រឹល​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ឆ្លង​តាម​រយៈ​ទឹក​មាត់​​ ដោយ​ការ​និយាយ​ទាក់​ទង​គ្នា​ពី​កុមារ​ម្នាក់​ទៅ​កុមារ​ម្នាក់​ទៀត​ ឬក៏ឆ្លង​​តាម​​រយៈ​ការ​ប៉ះ​ពាល់​អ្នក​ជំងឺ​ ។ ជំងឺនេះ​បង្ក​ឡើង​ដោយ​វីរុស​ម្យា៉ង​ដែល​បង្ក​​​ទៅ​ជា​គ្រុន​ក្តៅ​លើ​កុមារ ដែល​មាន​សីតុណ្ហ​ភាព​​ពី​៣៩​ទៅ​៤០​អង្សាសេ ហើយ​ការ​ក្តៅខ្លួន​​ខ្លាំង​​បែ​ប​នេះ​អាច​បណ្តាល​ឱ្យ​កុមារ​ប្រកាច់ ។

ជា​មួយ​គ្នា​នេះ​វាក៏​​អាច​មាន​រោគ​សញ្ញា​លាយ​ឡ​ំ​ផ្សេង​ទៀត​ដូចជា ក្អក ​កណ្តាស់​ ហៀរ​សម្បោរ ភ្នែក​ឡើង​ក្រហម បន្ទប់​មក​មាន​អាការ​ក្តៅ​ខ្លួ​ន​ខ្លាំង​ ហើយ​ក៏​លេច​ចេញ​ស្នាម​កន្តួល​ក្រហម​នៅ​លើ​ស្បែក​ដែល​ពី​ដំបូង​មាន​លេច​ចេញ​នៅ​លើ​ថ្ងាស​​ និង​ផ្នែក​ខាង​ក្រោយ​ត្រចៀក​ បន្ទាប់​មក​ស្នាម​កន្តួល​ក្រហម​នេះ​​វារាល​ដាល​ពេញ​ខ្លួនរហូត​ទៅ​ដល់​ចុង​ដៃ​ចុង​ជើង​ ស្នាម​កន្តួល​ទាំង​នេះ​ក៏​បាន​បាត់​​វិញ​​នៅ​ពេល​​ជំងឺ​កញ្ជ្រឹល​នេះ​មាន​សភាព​ធូរ​ស្បើយ​ ​។

លោក​វេជ្ជ​បណ្ឌិត​ បាន​បន្ថែម​ទៀត​ថា ជា​ទូ​ទៅ​ជំងឺ​កញ្ជ្រឹល​​​ភាគ​ច្រើន​មិន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​នោះ​ទេ វា​​អាច​ជា​សះ​ស្បើយ​​ទៅ​វិញ​ដោយ​គ្មាន​បន្សល់​ផល​វិបាក​អ្វី​ទាំង​អស់ ។ ​ប៉ុន្តែ​មាន​មួយ​ចំនួន​តូច​អាច​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ដូច​ជា អាច​កើត​មាន​ជំងឺ​រលាក​សួត ដែល​ជួន​កាល​​​ធ្វើ​ឱ្យ​មាន​​បញ្ហា​​ធ្ងន់​ធ្ងររហូត​​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​​បង្ក​ឱ្យ​ទៅ​ជា​​រលាក​ខួរ​ក្បាល ដោយ​សារ​មេ​រោគ​កញ្ជ្រឹលនេះ​ផង​ដែរ​​ ប៉ុន្តែ​​មាន​តិច​តួច​បំផុត ។ ​​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​ខួរ​ក្បាល​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កញ្ជ្រឹល​នេះ​​អាច​មាន​រហូត​ទៅ​ដល់​១០​ភាគ​រយ​ ​ ​ពេល​ខ្លះ​ជំងឺ​នេះ​ក៏​អាច​បន្សល់​ទុក​ជា​ផល​វិបាក​ដូច​ជា ពិការ​ភ្នែក ថ្លង់ វៀច​មាត់​ជា​ដើម ។ ក្រៅ​ពី​នេះ​​អាច​មាន​រលាក​ក្រដាស​ត្រចៀក រលាក​ផ្លូវ​ដង្ហើម​​ ។

លោក​វេជ្ជ​បណ្ឌិត​ បន្ថែម​ទៀ​ត​ថា ចំពោះ​ជំងឺ​កញ្ជ្រឹល​នេះ​ ប្រសិន​បើ​កើត​ក្នុង​ករណី​ធម្ម​តា​នោះ​ការ​ព្យា​បាល​អាច​ព្យាបាល​​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន​​ដោយ​គ្រាន់​តែ​ផ្តល់​ថ្នាំ​បញ្ចុះ​កម្តៅ​ដល់​កូន​​របស់​លោក​អ្នក​នៅ​ក្នុង​កម្រិត​ត្រឹម​ត្រូវ​ទៅ​តាម​អាយុ​ និង​ទម្ងន់​ ប៉ុន្តែ​ក៏​ត្រូវ​ទទួល​​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​ផង​ដែរ ​​​​ចៀស​វាង​​ការ​ប្រើ​ប្រាស់​ថ្នាំ​ដោយ​គ្មាន​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​​។ ជា​ពិសេស​សម្រាប់​​លោក​អ្ន​ក​ដែល​ជាឪពុក​ម្តាយ​គួរតែ​ធ្វើ​ការ​តាម​ដាន​រាល់​សកម្ម​ភាព​ កម្តៅ​កូនរបស់​លោក​ឱ្យ​បាន​ទៀត​ទាត់​ ត្រូវ​ឱ្យ​កុមារ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ប្រសិន​បើ​ខ្វះ​ជាតិ​ទឹក ​ត្រូវ​ផ្តល់​វិតាមីន​ A ដើម្បី​កាត់​បន្ថយ​អាត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កញ្ជ្រឹល​នេះ ។

ជាង​នេះ​ទៅ​ទៀត​ប្រើសិន​បើ​​កូន​របស់​លោក​អ្នក​មាន​អាការ​ក្តៅខ្លួន​ខ្លាំង​ ឬ​ក៏​មាន​អាការលាប់​កញ្ជ្រឹល​ឡើង​វិញ​នោះ​ ​​គួរតែ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់​ ដើម្បី​ចៀស​វាងកើត​​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ ដែល​អាច​ឈាន​ទៅ​ដល់​ពិការ​​ឬ​ក៏​បាត់​បង់អាយុ​​ជីវិត ។ ជាង​នេះ​ទៅ​ទៀត​នោះ​នៅ​ពេល​ទារ​ក​កើត​​មក​ភ្លាម​លោក​អ្នក​​ត្រូវ​​នាំ​ពួក​គេ​ទៅ​តែ​ចាក់​​​​វ៉ាក់​សាំង​ការ​​ពារ​ជំងឺ​កញ្ជ្រឹលកុំ​បី​ខាន៕​