ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ytting Bak​ឈ្នះ​ដំណាក់​ទី​១២​ប្រណាំង​កង់ Tour of Italy​នៅ​​អ៊ី​តា​​លី​

14 ឆ្នាំ មុន

កីឡា​ករ​ដា​​ណឺ​​ម៉ាក​ Lars Ytting Bak​​ទទួល​​បាន​​ក្តី​​រីក​​រាយ​​ជា​លើក​ដំ​បូង​ក្នុង​កម្ម​វិធី Tour of Italyឬ​​ ​Giro d’Italia​​ក្រោយ​ពីរូប​គេ​​យក​ឈ្នះ​ដំ​ណាក់​ទី​១២​​​​កាល​ពីថ្ងៃ​ពុធ​ទី​១៧​​​​​​​​ខែ​សភា​​ ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​​នេះ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Sestri Levante​ប្រ​ទេស​អ៊ីតា​លី ​ ។

Ytting Bak​ដែល​ជិះ​កង់​ឱ្យ​​ក្រុម ​Lotto Belisol Team​បាន​យក​ឈ្នះ​ដំណាក់​​មាន​ចម្ងាយផ្លូវ​១៥៧​​​​​​គី​ឡូ​ម៉ែត​ចេញ​ដំណើរ​ពី​ទី​ក្រុង ​Seravezza​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Sestri Levante​ប្រ​ទេស​អ៊ីតា​លី​ដោយ​ប្រើ​អស់​​ថិរវេលា៣ម៉ោង​៥៨​នាទី​និង​៥​៥​​​វិនាទី​យក​ឈ្នះ​កីឡាករ​បា​រាំង​​​​​ ​Sandy Casarជិះ​ឱ្យ​ក្រុម​ FDJ-Big Mat​និង​ឈ្នះ​​កីឡាករ​​​កូ​ស្តា​រី​កា ​Andrey Amador Bakkazakovaរបស់​​ក្រុម​ Movistar Team​ដែល​អ្នក​ទាំង​២​ប្រើ​ថិរវេលា​ច្រើន​ជាងYtting Bak​ ១១វិ​នា​ទី​ស្មើ​ៗគ្នា​​។​

ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​ Ytting Bak​បញ្ជាក់​ថា​៖«នេះ​ជា​ជ័យ​ជម្នះលើក​ទី​១​របស់​ខ្ញុំ​​។ អាច​យក​ឈ្នះ​មួយ​ដំ​ណាក់​នៃ Tour of Italy​គឺ​ជា​រឿង​ដ៏​ល្អ​បំ​ផុត​សម្រាប់​រូប​ខ្ញុំ​ ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​យកឈ្នះនៅ​ក្នុង​ដំ​ណាក់​នេះ​»។ ទោះ​ជា​យ៉ាង​ណាក្តី​​​ជ័យ​ជម្នះ​លើក​នេះ​មិន​ទាន់​អាច​ជួយ​​ឱ្យ​​​កីឡាករ​ Ytting Bak​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប​បាន​ទេ​ដ្បិត​កីឡាករ​អេស្ប៉ាញ ​Joaquim Rodriguez ដែល​បញ្ចប់​ដំ​ណាក់​ក្នុង​លំ​ដាប់​ទី​២៩​​នោះ​សន្សំ​ពេល​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​បន្ត​គ្រង​អាវ​កាកា់​ពណ​៌​លឿង​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​គេ​ជា​ដដែល ។​

ឆ្លង​កាត់​ការ​ប្រណាំង​អស់​១២​ដំណាក់​មក​នេះ​ Rodriguez​​ប្រើ​​​​ថិរវេលា​សរុប​តិច​ជាង​គេ​បំផុត​គឺ​៥១​​​​​ម៉ោង១៩​នា​ទី​និង៨​វិនាទី​នាំ​មុខ​កីឡាករកា​ណា​ដា​ Ryder Hesjedal​​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង១៧​​​វិ​នា​ទី​។ ឯកីឡាករ​​បា​រាំង Sandy Casar ដែល​ជិះ​ឱ្យ​ក្រុម FDJ-Big Mat​ស្ថិត​នៅ​លំ​ដាប់​ទី​៣​បន្ទាប់​ពី​​បាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង​Rodriguez​​ ២៦​​​វិ​នា​ទី​​ ។សម្រាប់​កីឡាករ​វ័យ​៣៣​ឆ្នាំ Rodriguez​នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​រូប​គេ​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប​៣​ដំ​ណាក់​បន្ត​បន្ទាប់​គ្នា​ ។​

​ការ​ប្រណាំងកម្ម​វិធី Tour of Italyឬ​ ​Giro d’Italia​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៤៧៦​គី​ឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំណាក់​ទី​១៣​​​ដែល​ជា​ដំ​ណាក់​បន្ត​​មាន​ចម្ងាយ​ផ្លូវ១២១​​​​​​​គី​ឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំងចាប់​ចេញ​ដំណើរ​ពី​ទី​ក្រុង Savonaទៅ​កាន់​ទី​ក្រុង Cervereប្រ​ទេស​អ៊ីតា​លី ៕