កីឡាករស្លូវ៉ាគី Peter Saganបានធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបខ្លាំងឡើងខណៈរូបគេបានបន្តយកឈ្នះការប្រណាំងកម្មវិធី Tour of California ៤ដំណាក់ជាប់ៗគ្នា។ ការប្រណាំងក្នុងដំណាក់ទី៤នេះត្រូវបានបញ្ចប់នៅទីក្រុង Clovisសហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី១៦ខែឧសភា។
Saganដែលជាអ្នកជិះកង់ឱ្យក្រុមLiquigas-Cannondaleបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ២០៩,៦គីឡូម៉ែត្រដោយការប្រណាំងចេញដំណើរពីទីក្រុង Sonoraឆ្ពោះទៅកាន់ទីក្រុង Clovisរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។ Saganបានបញ្ចប់ដំណាក់នេះដោយប្រើអស់ថិរវេលា៥ម៉ោង១៨នាទីនិង៨វិនាទីយកឈ្នះកីឡាករអូស្ត្រាលី Heinrich Hausslerជិះឱ្យក្រុមGarmin- Barracudaនិងឈ្នះកីឡាករអូស្ត្រាលីម្នាក់ទៀត Michael Matthewsរបស់ក្រុម Rabobank Cycling Teamដែលទាំង២នាក់បានប្រើថិរវេលាច្រើនជាងកីឡាករ Saganស្មើៗគ្នា ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះកីឡាករវ័យ២២ឆ្នាំ Saganបានបញ្ជាក់ថា៖«ខ្ញុំមិនបានរំពឹងថា អាចយកឈ្នះមួយដំណាក់ទៀតបែបនេះទេ។ ក្រោយពីឆ្លងផុតទីទួលចុងក្រោយ មិត្តរួមក្រុមខ្ញុំម្នាក់បានប្រាប់ខ្ញុំថា យើងឈ្នះមួយដំណាក់ទៀតហើយក្នុងថ្ងៃនេះ។ ពួកយើងពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់មិត្តរួមក្រុមទាំងអស់ដែលបានខ្នះខ្នែងជួយជ្រោមជ្រែងខ្ញុំឱ្យទទួលបានជោគជ័យក្នុងថ្ងៃ នេះ»។
ជ័យជម្នះក្នុងដំណាក់នេះពិតជាមានន័យដូចជាដំណាក់លើកមុនផងដែរ ដ្បិតវាបានជួយឱ្យរូបគេរក្សាបាននូវការនាំមុខនៅលើតារាងថិរវេលាសរុប។ បន្ទាប់ពីបញ្ចប់៤ដំណាក់មកនេះ Saganប្រើអស់ថិរវេលាតិចជាងគេគឺ១៩ម៉ោង ៥២នាទីនិង៥២វិនាទីស្ថិតនៅលំដាប់លើគេនិងគ្រងអាវកាក់ពណ៌លឿង។ ស្ថិតនៅលំដាប់ទី២គឺកីឡាករអូស្ត្រាលី Heinrich Hausslerដែលបានប្រើថិរវលាច្រើនជាង១៦វិនាទី។ ចំណែកកីឡាករអាមេរិក Jeffry Louderស្ថិតនៅលំដាប់ទី៣បន្ទាប់ពីប្រើពេលច្រេើនជាង Sagan ៣៤វិនាទី។
ការប្រណាំងកង់កម្មវិធី Tour of Californiaឆ្នាំនេះមាន៨ដំណាក់និងមានចម្ងាយផ្លូវសរុប១១៨៤,១គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី៥ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ២៩,៧គីឡូម៉ែត្រដោយការប្រណាំងធ្វើនៅជុំវិញទីក្រុង Bakersfield រដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ