ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Peterson​៖ ខ្ញុំ​នៅ​តែ​ជា​ជើង​​ឯក​​ស្ថា​ប័ន WBA​និង​ IBF​ទោះ​ជា​​បរា​ជ័យ​ធ្វើ​ពិសោធ​ក្តី​

14 ឆ្នាំ មុន

កីឡា​ករ​​ប្រ​ដាល់​​អា​​មេ​រិក​ Lamont Peterson​បាន​​ទាត់​​ចោល​​ការ​​អំ​ពាវ​​នាវ​របស់​អា​មៀ ខាន់​ដែល​ថាសូម​ឱ្យ​រូប​គេ​បោះ​បង់​ខ្សែ​ក្រវាត់​​ស្ថាប័ន​ WBAនិង IBFចោល​។ ការ​អំ​ពាវ​នាវ​បែប​នេះ​របស់​​អា​មៀ ខាន់​បាន​កើត​មាន​ឡើង​បន្ទាប់​ Petersonបរា​ជ័យ​នៅ​ក្នុង​ការ​ធ្វើ​ពិសោធ​រក​សារ​ធាតុ​ញៀន​ក្នុង​ពេល​ថ្មី​ៗ​នេះក្តី ​។

Petersonនិង​អា​មៀ ខាន់​គ្រោង​នឹង​ជួប​ប្រ​កួត​គ្នា​ជា​លើក​ទី​២​នៅ​ថ្ងៃ​ទី​១៩​ឧស​ភា​ ប៉ុន្តែ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ក្រោយ​ពី​Peterson​បរា​ជ័យ​ក្នុង​ពេល​ធ្វើ​ពិសោធរក​សារ​ធាតុ​ញៀន​មុន​ការ​ប្រ​កួត​។ Peterson​អះ​អាង​ថា គេ​​ប្រើសារ​ធាតុ Testosterone​ក្នុង​មូល​ហេតុ​វេជ្ជ​សាស្ត្រ​ ហើយ​គេ​សង្ឃឹម​ថា សវ​នា​ការ​មួយ​នឹង​ផ្តល់​ជា​ភស្តុ​តាង​ថា​ រូប​គេ​គ្មាន​បំ​ណង​លួច​បន្លំ​ទេ​។

​ថ្លែង​ប្រាប់​វិទ្យុ​ BBC កីឡាករ ស្បែក​ខ្មៅ​រូបនេះ​​​​បញ្ជាក់​ថា ៖«សូម​ទុក​ឱ្យ​គណៈ​កម្ម​ការ​ជា​អ្នក​សម្រេច​។ ដរាប​ណា​នៅ​មិន​ទាន់​មាន​ការ​សម្រេចអ្វី​មួយ​ពី​គណៈ​កម្ម​ការ​នោះ​​ទេ​ ខ្ញុំ​​នៅ​តែ​ជា​​ជើង​ឯក​»។ គណៈ​កម្មការ​កីឡា​រដ្ឋ​នេ​វ៉ា​ដា​គ្រោង​នឹង​បើក​កិច្ច​ប្រ​ជុំ​មួយ​ដើម្បី​ពិ​​ភាក្សា​លើករណី​កីឡាករ Petersonនៅ​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ ​។​

កីឡាករ​ស្បែក​ខ្មៅ​ Peterson ​អះ​អាង​ទៀត​ថា ខ្លួន​ប្រើ​ប្រាស់​ថ្នាំ​នោះ​ទៅ​តាម​វេជ្ជ​បញ្ជា​របស់​វេជ្ជ​បណ្ឌិត​ ហើយ​ពិត​ជា​មិន​បាន​ដឹង​ថា ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ​ធ្វើ​ឱ្យ​គេធ្លាក់​ពេល​ធ្វើ​ពិសោធ​ប្រ​កួត​ទេ​។ គេ​​បន្ត​ថា​៖«ប្រ​សិន​ជា​របៀប​ដែល​ខ្ញុំ​ធ្វើ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ទឹក​នោម​ តើ​ខ្ញុំ​អាច​និយាយ​អ្វី​បាន​ទៀត​ ខ្ញុំ​បាន​ធ្វើ​ឱ្យ​មាន​កំ​ហុស​មួយ​។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​នៅ​ពេល​នេះ​គឺ​ ការ​សូម​ទោស​ចំពោះ​​បណ្តា​អ្នក​គាំ​ទ្រ​។​  តែ​ខ្ញុំ​យល់​ថា មិន​ត្រូវ​នោះ​ទេ​ដែល​មនុស្ស​មួយ​ចំនួន​និយាយ​ថា ខ្ញុំ​បាន​ព្យាយាម​លួច​បន្លំ​នោះ»។

គេ​បាន​បន្ថែម​ថា​៖«ខ្ញុំ​មិន​ដែល​មាន​គំនិត​ចង់​លួច​បន្លំ​ឡើយ​។ ខ្ញុំ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​នៅ​ពេល​ដឹង​ថា​កីឡាករ​ណា​ម្នាក់​លួច​បន្លំ តែ​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ពាក្យ​សម្តី​តែ​ម្ខាង​របស់​ខ្ញុំ​ប៉ុណ្ណោះ​»។Petersonធ្លាប់​ប្រ​កួត​បាន​ចំនួន ៣២លើក​ ក្នុង​នោះ​ឈ្នះ​៣០​លើក ចាញ់​១ ស្មើ​១​ ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​១៥​លើក ៕