ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ដឺ​រ័រ​ឈាន​ចូល​ជុំ​ទី​៣​ប្រកួត​តឺន្នីស Internazionali BNL d’Italia​នៅ​អ៊ី​តា​លី

14 ឆ្នាំ មុន

កីឡា​ករ​​លំ​ដាប់​​ទី​​២​​ពិភព​លោក​​​សញ្ជាតិ​​ស្វ៊ីស​​​រ៉ូ​​ជើ ហ្វេ​ដឺរ័រ​​កាល​ពី​ថ្ងៃពុធ​​ទី​១៦​​ឧស​ភា​បាន​យក​ឈ្នះ​កីឡាករ​អា​ហ្សង់​ទីន​ Carlos Berlocq​ក្នុង​លទ្ធផល២​សិត​ទល់​នឹង​សូន្យ​​​ ៦-៣​និង​៦-៤​​​ឆ្លង​ផុត​ជុំ​ទី​២​កម្ម​វិធី​ Internazionali BNL d’Italia​ដោយ​ក្តី​រីក​រាយ​។ ការ​ប្រ​កួត​ក្នុង​ជុំ​ទី​២​នេះ​​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​រ៉ូម ប្រ​ទេស​អ៊ីតា​លី​ ។​

ហ្វេ​ដឺ​រ័រ​​​ដែល​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​នេះ​ក្នុង​ឆ្នាំ​២០០៣​និង​២០០៦​​នោះ​បាន​យក​ឈ្នះ​ការ​ប្រ​កួត​លើក​នេះ​យ៉ាង​ងាយ​ស្រួល​។ ក្នុង​ពេល​ប្រ​កួត​គេ​មិន​បាន​ផ្តល់ឱ​កាស​ឱ្យ​កីឡាករ​ Berlocqវាយ​បក​បាន​ទេ​។ ពេល​នេះ ហ្វេ​ដឺរ័រ ​កំពុង​តែ​ព្យាយាម​ដណ្តើម​យក​ពាន​ជើង​ឯក​នៅ​ទី​នេះ​ជា​លើក​ទី​១​ឱ្យ​ខាង​តែ​បាន​។

ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ គេ​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឆ្លង​ផុត​ជុំ​នេះ​។ ខ្ញុំ​បាន​ឆ្លង​ផុត​ជុំ​ទី​១​ដោយ​មិន​បាច់​ប្រ​កួត​។ នោះ​ជា​សំ​ណាង​មួយ​។ យើង​នៅ​មាន​កម្ម​វិធី​ប្រ​កួត​ជា​ច្រើន​ទៀត​។ ដូច្នេះ​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​ជ័យ​ជម្នះ​ក្នុង​កម្ម​វិធី​លើក​ក្រោយ​»។

នៅ​ជុំ​បន្ទាប់​ហ្វេដឺរ័រ​នឹង​ជួប​ប្រ​កួត​ជា​កី​ឡាករ​អេស្ប៉ាញ​​ Juan Carlos Ferreroដែល​ជា​ជើង​ឯក​កម្ម​វិធី​នេះ​កាល​ពី​១១​ឆ្នាំ​មុន​។​
Stanislas Wawrinkaកីឡាករ​មិត្ត​រួម​ជាតិ​របស់​ហ្វេដឺរ័រ​ក៏​បាន​ឡើង​ទៅ​ជុំ​ទី​៣​ផង​ដែរ​បន្ទាប់​ពី​គេ​យក​ឈ្នះ​កីឡាករស៊ែ​ប៊ី​ Janko Tipsarevicក្នុង​លទ្ធផល​៦-៣​និង​៦-១ ខណៈ​កីឡាករ​អុីតា​លី​ Andreas Seppiបាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​មិត្ត​រួម​ជាតិ​ខ្លួន​ហ៊ោ​កញ្ជ្រៀ​វ​ក្រោយ​ពី​ខ្លួន​បាន​បំ​បាក់​កីឡាករ​អា​មេរិក John Isnerក្នុង​លទ្ធផល​២-៦,៧-៦​និង​៧-៥ ។​

Tomas Berdychដែល​ជា​ដៃ​គូ​ប្រ​កួត​ដ៏​ស្វិត​ស្វាញ​របស់​ហ្វេដឺរ័រ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ Madrid Open​ក៏​បាន​ឡើង​ទៅ​ជុំ​បន្ត​ផ​ង​ដែរ​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​ប៉ូ​ឡូញ​ Lukas Kubot ក្នុង​លទ្ធផល​៦-៤​និង​៦-១ ។​
​នៅ​ពេល​មុន​នេះ កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក ណូ​វ៉ាក់ យ៉ូ​កូ​វិច​ក៏​បាន​ឡើង​ទៅ​ជុំ​ទី​៣​ផង​​ដែរ​ក្រោយ​ពី​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​អូ​ស្ត្រា​លី Bernard Tomicក្នុង​លទ្ធផល​៦-៣​និង​៦-៣​។

ឯ​លទ្ធផល​នៃ​ការ​ប្រ​កួត​គូ​ផ្សេង​ទៀត​មាន​ដូ​ច​ជា កីឡាករ​អេស្ប៉ាញ David Ferrerយក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​ Fernando Verdasco ក្នុង​លទ្ធផល​ ៦-៣​និង​៧-៦​ ខណៈ​កីឡាករ​បា​រាំង​Jo-Wilfried Tsongaយក​ឈ្នះ​កីឡាករ​ Viktor Troickiក្នុង​លទ្ធផល ៦-៣​និង​៦-២​។ កីឡាករអា​ហ្សង់​ទីន Juan Monacoយក​ឈ្នះ​កីឡាករឆែក​ Radek Stepanក្នុង​លទ្ធផល ៦-៤​និង​៦-២ ​ខណៈ​កីឡាករ​អេស្ប៉ាញ Marcel Granollersយក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​Fabio Fogniniក្នុង​លទ្ធផល ៦-៣​និង​៦-៤។
ចំណែក​លទ្ធផល​នៃ​ការ​ប្រ​កួត​ផ្នែក​នា​រី​វិញ កីឡាការិនី​ការ​ពា​រ​ជើង​ឯក​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​ប្រើ​ពេល​អស់​ជិត​២​ម៉ោង​១៥​នា​ទី​ទើប​អាច​យក​ឈ្នះ​កីឡាការិនី​អា​មេរិក Christina McHaleក្នុង​លទ្ធផល​៧-៥​និង​៧-៥​។ សម្រប​ពេល​ជា​មួយ​គ្នានោះ​ដែរ កីឡាការិនី​ឆែក​ប៉េត្រា គ្វី​តូ​វ៉ា​បាន​យក​ឈ្នះ​បាន​យក​ឈ្នះ​កីឡាការិនី​រុស្ស៊ី​ Anastasia Pavlyuchenkovaក្នុង​លទ្ធផល​៧-៥​និង​៦-៤​។

កីឡាការិនី​ប៉ូ​ឡូញ​ Agnieszka Radwanska ត្រូវ​បាន​បំ​បាក់​ដោយ​កីឡាការិនី​ឆែក​ Petra Cetkovskaក្នុង​លទ្ធផល ៦-៤,៤-៦​និង​៦-១​។ ឯ​នាង​កា​រ៉ូ​លីន វ៉ូ​នី​អា​កគី​ក៏​មាន​វាស ​នា​ដូច​ជា​នាង​Radwanska​ដែរ ​ខណៈ​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​អេស្ប៉ាញ Anabel Medina Garriguesក្នុង​លទ្ធផល៦-៤​និង​៤-០ ។​

កីឡាការិនី​អា​មេរិក​ស៊េរី​ណា វីលៀម​ដែល​ទើប​តែ​បាន​ឈ្នះ​ពាន​ជើង​ឯក Madrid Open​សប្តាហ៍​កន្លង​ទៅ​ក៏​បាន​ចូល​រួម​ក្តី​រីក​រាយ​នឹង​ជ័យ​ជម្នះ​របស់​ខ្លួន​ផង​ដែរ​។ នាង​បាន​យក​ឈ្នះ​កីឡាការិនីរុស្ស៊ី Nadia Petrovaក្នុង​លទ្ធផល​៤-៦​,៦-២​និង​៦-៣​ស្រប​ពេល​ដែល​កីឡាការិនី​អូ​ស្ត្រា​លី​សាម៉ាន់​ថា ស្តូ​សួ​បំ​បាក់​កីឡាការិនី​អុីតា​លី Sara Erraniក្នុង​លទ្ធផល ៦-៣​និង​៧-៥ ៕