យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ប្រទេសចិននិងជប៉ុនបានរៀបចំធ្វើកាលពីថ្ងៃទី១៦ឧសភា នូវការពិគ្រោះពិភាក្សាគ្នាកម្រិតខ្ពស់លើកដំបូងស្តីពីកិច្ចការសមុទ្រនៅទីក្រុងហង់ហ្ស៊ូ ទីប្រជុំជនខេត្តហ្សេយ៉ាង ។បណ្តាអ្នកទទួលខុសត្រូវនៃក្រសួងការបរទេសនិងក្រសួងការពារប្រទេសរបស់ប្រទេសទាំង២ ព្រមទាំងរបស់នាយកដ្ឋានកិច្ចការសមុទ្រ និងនាយកដ្ឋានដែលទាក់ទិនដទៃៗទៀតបានចូលរួមក្នុងកិច្ចប្រជុំរយៈពេល១ថ្ងៃនោះ ។
យោងតាមសេចក្តីប្រកាសសារព័ត៌មានមួយរបស់ក្រសួងការបរទេសចិនថា ភាគីទាំង២បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាផ្សេងៗដែលទាក់ទិនដល់ទំនាក់ទំនងសមុទ្រទ្វេភាគីនិងកិច្ចសហប្រតិបត្តិការសមុទ្រ ។ ប្រភពដដែលនោះឱ្យដឹងទៀតថា ប្រទេសទាំង២បានព្រមព្រៀងគ្នាប្រើប្រាស់យន្តការនៃការចរចាធ្វើជាគោលដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នាលើបញ្ហាសមុទ្រ ការយោគយល់គ្នានិងទំនុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការហើយដោះស្រាយជម្លោះនិងបញ្ហាទាក់ទិនទាំងឡាយដោយសមស្រប ។
ចិនក៏សំដែងផងដែរពីជំហររបស់ខ្លួនលើបញ្ហាកោះ DIAOYU ដែលមានជម្លោះជាមួយជប៉ុនក្នុងឱកាសនៃកិច្ចប្រជុំនោះ ។ ភាគីទាំង២បានព្រមព្រៀងគ្នាថាកិច្ចប្រជុំពិភាក្សាកម្រិតខ្ពស់លើកទី២ស្តីពីកិច្ចការសមុទ្រ នឹងប្រព្រឹត្តទៅនាឆមាសទី២នៃឆ្នាំ២០១២នេះ នៅជប៉ុន ៕
ចែករំលែកព័តមាននេះ