កីឡាករអ៊ីតាលី Roberto Ferrariបានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រក្នុងស្រុកទទួលបានក្តីរីករាយជាថ្មីទៀតក្រោយពីរូបគេយកឈ្នះដំណាក់ទី១១ប្រណាំងកង់កម្មវិធី Tour of Italyឬ Giro d’Italiaនៅទឹកដីកំណើតរបស់ខ្លួនកាលពីថ្ងៃទី១៦ខែសភា។ ការប្រណាំងក្នុងដំណាក់នេះត្រូវបានបញ្ចប់នៅទីក្រុង Montecatini Termeខេត្ត Pistoia ។
Ferrariដែលជិះកង់ឱ្យក្រុម Katusha Teamបានយកឈ្នះដំណាក់មានចម្ងាយផ្លូវ២៤៣គីឡូម៉ែតចេញដំណើរពីទីក្រុង Assisiឆ្ពោះទៅកាន់ទីក្រុង Montecatini Termeប្រទេសអុីតាលីដោយប្រើអស់ថិរវេលា៦ម៉ោង៤៩នាទីនិង៥វិនាទីយកឈ្នះកីឡាករមិត្តរួមជាតិ Francesco Chicchជិះឱ្យក្រុមOmega Pharma-Quickstepនិងឈ្នះកីឡាករលីទុយអានី Tomas Vaitkusរបស់ក្រុម Orica GreenEdge Cycling Teamដែលអ្នកទាំង២ប្រើថិរវេលាច្រើនជាងស្មើៗគ្នា។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Ferrari បញ្ជាក់ថា៖«នេះជាជ័យជម្នះដែលធ្វើឱ្យចងចាំពេញមួយជីវិត។ អាចយកឈ្នះមួយដំណាក់នៃ Tour of Italyគឺជារឿងដ៏ល្អបំផុតសម្រាប់កីឡាករអុីតាលី ។ នេះជាការតបស្នងនូវអ្វីដែលបានកើងឡើងពីដំណាក់ដំបូងៗ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានយកឈ្នះកីឡាករអង់គ្លេស Mark Cavedish។ គេពិតជាមិនជឿថា ខ្ញុំអាចធ្វើបាននោះទេ»។
ទោះជាយ៉ាងណាជ័យជម្នះលើកនេះមិនទាន់អាចជួយឱ្យកីឡាករ Ferrariនាំមុខនៅលើតារាងថិរវេលាសរុបបានទេដ្បិតកីឡាករអេស្ប៉ាញ Joaquim Rodriguez ដែលបញ្ចប់ដំណាក់ក្នុងលំដាប់ទី៤៣នោះសន្សំពេលវេលាបានយ៉ាងល្អបំផុតបន្តគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំមុខគេជាដដែល ។
ឆ្លងកាត់ការប្រណាំងអស់១១ដំណាក់មកនេះ Rodriguezប្រើថិរវេលាសរុបតិចជាងគេបំផុតគឺ៤៧ម៉ោង១៦នាទីនិង៣៩វិនាទីនាំមុខកីឡាករកាណាដា Ryder Hesjedalដែលប្រើថិរវេលាច្រើនជាង១៧វិនាទី។ ឯកីឡាករម្ចាស់ផ្ទះ Paolo Tiralongoស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាង៣២វិនាទី ។
សម្រាប់កីឡាករវ័យ៣៣ឆ្នាំ Rodriguezនេះគឺជាលើកទី១ហើយដែលរូបគេនាំមុខនៅលើតារាងថិរវេលាសរុប២ដំណាក់បន្តបន្ទាប់គ្នា ។
ការប្រណាំងកម្មវិធី Tour of Italyឬ Giro d’Italiaឆ្នាំនេះមាន២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៤៧៦គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី១២ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៥៧គីឡូម៉ែត្រដោយការប្រណាំងចាប់ចេញដំណើរពីទីក្រុង Seravezzaទៅកាន់ទីក្រុង Sestri Levanteប្រទេសអុីតាលី ៕
ចែករំលែកព័តមាននេះ