ទោះបីមានការលំបាកនានាលើមធ្យោបាយដើម្បីទាញអឺរ៉ុបឱ្យចាកផុតពីវិបតិ្តបំណុលបច្ចុប្បន្នក្តីក៏មេដឹកនាំអាល្លឺម៉ង់និងបារាំងបានសន្យាធ្វើការខិតខំប្រឹងប្រែងរួមដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅទ្វីបនោះ ក្នុងឱកាសនៃការជួបគ្នាដំបូងកាលពីថ្ងៃទី១៥ឧសភា។
ក្នុងឱកាសនៃសន្និសីទសារព័ត៌មានរួមមួយលោកស្រីអេនហ្សឺលីណា ម័រកែល អធិការបតីអាល្លឺម៉ង់អះអាងថា យើងចែករំលែកការទទួលខុសត្រូវគ្នាសម្រាប់ឱ្យមានការអភិវឌ្ឍន៍ដ៏ល្អមួយនៅអឺរ៉ុបហើយខ្ញុំយល់ថា យើងនឹងរកឃើញដំណោះស្រាយទាំងឡាយសម្រាប់បណ្តាបញ្ហាដែលកើតមានក្នុងស្មារតីរួមដូចគ្នា ។
ទស្សនកិច្ចនេះរបស់ប្រធានាធិបតីថ្មី បារាំងលោកហ្វ្រង់ស្វ័រហូឡង់ នៅអាល្លឺម៉ង់ ក្រោយធ្វើសច្ចាប្រណិធានរួចភ្លាមជួបឧប្បត្តិហេតុដោយសាររន្ទះដែលបង្ខំឱ្យយន្តហោះដែលលោកហូឡង់ជិះវិលមកចុះចត នៅព្រលានយន្តហោះយោធាVILLACOUBLAY និងក្នុងខណៈមានការបង្កើនសម្ពាធរបស់អន្តរជាតិជុំវិញការចាកចេញជាយថាហេតុរបស់ក្រិចពីតំបន់អឺរ៉ូ ។លោកស្រីម័រកែល គូសបញ្ជាក់ថា យើងចង់ឱ្យក្រិចស្ថិតក្នុងតំបន់អឺរ៉ូ ។ លោកស្រីបន្តថា អាល្លឺម៉ង់និងបារាំងបានត្រៀមសិក្សាពីលទ្ធភាពជួយឱ្យក្រិចមានកំណើនសេដ្ឋកិច្ចឡើងវិញបើក្រិចត្រូវការ ។
លោកហូឡង់មានប្រសាសន៍ថា លោកយល់ស្របតាមមតិរបស់លោកស្រីម័រកែល ដោយអះអាងថា ខ្ញុំគិតដូចលោកស្រីម័រកែលដែរឱ្យក្រិចស្ថិតក្នុងតំបន់អឺរ៉ូ ។ លោកបន្តថាត្រៀមដាក់អ្វីគ្រប់យ៉ាងលើតុក្នុងឱកាសនៃកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំសហភាពអឺរ៉ុបនាថ្ងៃទី១៣ ឧសភាខាងមុខនេះនៅក្រុងព្រុចសែល ៕
ចែករំលែកព័តមាននេះ