ដោយលើកឡើងពីការបាត់បង់អាជីព អតីតអគ្គនាយក IMF លោក DOMINIQUE STRAUSS KAHN បានធ្វើការប្តឹងតបវិញប្រឆាំងនារីបម្រើការបន្ទប់សណ្ឋាគារនាង NAFISSATOU DIALLO ដែលចោទប្រកាន់លោកពីបទចាប់រំលោភរួមភេទនៅក្រុងញូវយ៉ក ទាមទារសំណងដល់ទៅ១លានដុល្លារ ដោយសារការថ្លែងចោទប្រកាន់រូបលោកបែបនេះ ។
ក្នុងឯកសារមួយចុះថ្ងៃទី១៤ឧសភា ហើយចេញផ្សាយកាលពីថ្ងៃទី១៥ឧសភា លោក STRAUSS KAHN បានប្តឹងពីបទរដ្ឋប្បវេណីចំពោះតុលាការទីក្រុង BRONX ប្រឆាំងនឹងនាង DIALLO ពីបទថានាងមានចេតនាធ្វើការចោទប្រកាន់លោកទាំងបំពានថាចាប់រំលោភ កាលពីថ្ងៃទី១៤ឧសភា ឆ្នាំ២០១១ នៅក្រុងញូវយ៉ក ។
ការចេញផ្សាយឯកសារមាន១៧ទំព័រនេះ ធ្វើឡើងក្នុងពេលដែលប្រធានាធិបតីថ្មីបារាំងលោកហ្វ្រង់ស្វ័រ ហូឡង់ ស្បថចូលកាន់តំណែង។ អតីតអគ្គនាយកIMFរូបនោះបានចោទប្រកាន់នាង DIALLOថា ប្តឹងមួលបង្កាច់លោក និងបង្ខូចកេរ្ត៍លោក ។ លោកប្តឹងនាងថាបង្កឱ្យលោកជាប់ឃុំឃាំងនិងធ្វើឱ្យលោកមានការឈឺចាប់ខាងផ្លូវចិត្ត ។ ចំពោះរឿងនេះលោកទាមទារឱ្យចេញសងការខូចខាតសព្វយ៉ាងក្នុងទឹកប្រាក់យ៉ាងតិច១លានដុល្លារ ៕
ចែករំលែកព័តមាននេះ