ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ស្លូ​​វ៉ា​​គី Sagan​ឈ្នះ​ដំណាក់​ទី​​៣​​ប្រណាំង​កង់ ​Tour ​of ​California

14 ឆ្នាំ មុន

កីឡា​ករ​ស្លូ​​វ៉ា​​គី​​ Peter Sagan​បាន​ធ្វើ​​ឱ្យ​​អ្នក​​គាំ​​ទ្រ​​រំ​​ភើប​​ជា​​ខ្លាំង​​​បន្ទាប់​​ពី​​រូប​​គេ​​យ​ក​​ឈ្នះ​​ការ​​ប្រ​ណាំង​​កម្ម​វិធី Tour of California​ ៣​ដំ​ណាក់​ជាប់​ៗគ្នា​​។ ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​ទី​៣​នេះ​​បាន​បញ្ចប់​នៅ​ទី​ក្រុង Livermoreសហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​ទី​១៥​​ឧស​ភា​​។

Saganដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Liquigas-Cannondaleបាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​១៨៥​,៥​​គីឡូម៉ែត្រ​ដោយ​ការ​​ប្រ​ណាំង​ចេញ​ដំ​ណើរ​ពី​ទី​ក្រុង San Joseឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Livermore​​​សហ​រដ្ឋ​អា​មេរិក​។ ​Saganបាន​បញ្ចប់​ដំ​ណាក់​នេះ​ដោយ​ប្រើ​អស់​ថិរវេលា​​៤​ម៉ោង​៥០​​​នាទី​និង៤៩​​​​វិនាទី​យក​ឈ្នះ​កីឡាករ​អូ​ស្ត្រា​លី Heinrich Hausslerជិះ​ឱ្យ​​ក្រុម​Garmin-Barracuda​និង​ឈ្នះ​កីឡាករបែល​ហ្ស៊ិក​​ Tom Boonen​របស់​ក្រុម ​Omega Pharma-Quickstepដែល​ទាំង​២​នាក់​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​កីឡាករ Saganស្មើ​ៗគ្នា​ ។ ​​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​កីឡាករ​​វ័យ​២២​ឆ្នាំ​ Sagan​បញ្ជាក់​ថា​៖«ជ័យ​ជម្នះ​លើក​នេះ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​រំ​ភើប​ខ្លាំង​ណាស់​។ ខ្ញុំ​សប្បាយ​ចិត្ត​រក​អ្វី​ផ្ទឹម​ដែល​បាន​ឈ្នះ​ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះ​។ សូម​ថ្លែង​អំ​ណរ​គុណ​ដល់​មិត្ត​រួម​ក្រុម​ទាំង​ឡាយ​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ដល់​ខ្ញុំ​។ ទោះ​​ជា​យ៉ាង​ណាក្តីការ​ប្រ​ណាំង​នេះ​ពិត​ជា​ពិ​បាក​ខ្លាំង​ដ្បិត​វា​​មាន​ការ​ជិះ​ឡើង​ភ្នំ​ក្នុង​ចម្ងាយ​ផ្លូវ  ​វែង​»។ ​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​នេះ​ពិត​ជា​មានន័យ​ខ្លាំង​ណាស់​ដ្បិត​វា​បាន​ជួយ​ឱ្យ​រូប​គេ​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប​ទៀត​ផង​។

បន្ទាប់​ពី​បញ្ចប់​៣​ដំ​ណាក់​មក​នេះ Sagan​ប្រើ​អស់​ថិរ​វេលា​តិច​ជាង​គេ​គឺ​១៤​ម៉ោង ៣៤នា​ទី​និង​៥៤​វិ​នា​ទី​​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​និង​គ្រង​អាវ​កាក់​ពណ៌​លឿង​។ ​ស្ថិត​នៅ​លំ​ដាប់​ទី​២​គឺ​កីឡាករ​អូ​ស្ត្រា​លី ​ Heinrich Hausslerដែល​បាន​ប្រើ​ថិរវលា​​ច្រើន​ជាង​១២​វិ​នា​ទី​។ ចំណែក​កី​ឡាករ​អា​មេរិក​​ Jeffry Louder​ស្ថិត​នៅ​លំ​ដាប់​ទី​៣​បន្ទាប់​ពី​​​​ប្រើ​ពេល​ច្រេើន​ជាង​ Sagan ​២៤​​​វិ​នា​ទី​។ ការ​ប្រណាំង​កង់​កម្ម​វិធី Tour of California​ឆ្នាំ​នេះ​មាន៨​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប១១៨៤,១​​គីឡូ​ម៉ែត្រ​។

ដោយ​ឡែក​ដំណាក់​ទី​៤​​​​ដែល​ជា​ដំ​ណាក់​បន្ត​​មាន​ចម្ងាយ​ផ្លូវ២០៩,៦​​​​គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំងចាប់​ចេញ​ដំណើរ​ពី​ទី​ក្រុង ​Sonoraទៅ​កាន់​ទី​ក្រុង​ Clovisរដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​សហ​រដ្ឋ​អា​មេរិក ​​៕