ការវាយប្រហារដោយគ្រឿងផ្ទុះមួយនៅទីក្រុងបូហ្គោតារដ្ឋធានីកូឡុំប៊ី បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៥នាក់និងរបួស១៧នាក់ក្នុងនោះមានអតីតរដ្ឋមន្ត្រីមហាផ្ទៃលោកហ្វ័រណាន់ដូឡុនដូណូផងកាលពីថ្ងៃទី១៥ឧសភា ។
ការវាយប្រហារនេះកើតមានក្នុងសង្កាត់ហិរញ្ញវត្ថុមួយនៃក្រុងបូហ្គោតា ។ ប្រធានាធិបតីកូឡុំប៊ី លោកហ្សង់ម៉ានុយអែលសាន់តូស គូសបញ្ជាក់ថា លោកឡុនដូណា ជាគោលដៅនៃការវាយប្រហារនោះ ហើយលោកត្រូវរបួសត្រង់ទ្រូងដោយសារអំបែងគ្រាប់តែស្ថានភាពរបស់លោកនៅនឹង ។
ថ្លែងពីវិមានប្រធានាធិបតីលោកសាន់តូស ប្រកាសថា ការវាយប្រហារធ្វើឡើងសំដៅសម្លាប់លោកឡុនដូណូ តែលោកគ្រាន់តែរបួសអាចគេចផុតពីការស្លាប់ ។ការផ្ទុះគ្រាប់បែកដ៏ខ្លាំងនោះកើតមាននាវេលាម៉ោង១១ម៉ោងក្នុងស្រុកតាមវិថីសំខាន់នាភាគខាងជើងរដ្ឋធានីញ៉ាំងឱ្យមានការជ្រួលច្របល់ក្នុងសង្កាត់ពាណិជ្ជកម្មនោះដែលសំបូរដោយហាងទំនិញ ។
ការផ្ទុះដែលបំផ្លាញរថយន្ត២០គ្រឿង កើតចេញពីរថយន្តកាំមីញ៉ុងធុនតូចមួយគ្រឿង ។ អ្នកទទួលខុសត្រូវម្នាក់នៃកាកបាទក្រហមកូឡុំប៊ី និយាយថា ការផ្ទុះបណ្តាលឱ្យស្លាប់មនុស្ស៥នាក់ ហើយ១៧នាក់ទៀតត្រូវរបួស ៕
ចែករំលែកព័តមាននេះ