រាជធានីភ្នំពេញ ៖ រថយន្តហាយឡែនឌ័រ ដែលបើក ដោយយុវជនម្នាក់ជ្រុលបុកម៉ូតូ២គ្រឿងជាបន្តបន្ទាប់ ហើយរេចង្កូតទៅបុករបាំងថ្មចែកផ្លូវបណ្តាលឱ្យប៉ើង១៤កង់លើដងមហាវិថីព្រះមុនីវង្ស មុខភោជនីយដ្ឋានស៊ាវស៊ាវ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៥ ឧសភា ២០១២។ រថយន្តព្យាយាមបើកគេចបានប្រហែលជាង១០០ម៉ែត្រ ទើបឈប់ទុកចោលដោយសារកង់មុខ និងកង់ក្រោយបែកអស់៣មិនអាចទៅមុខរួច ។
សាក្សីនិយាយឱ្យសមត្ថកិច្ចដឹងថា រថយន្តនោះបើកយ៉ាងលឿនតាមមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅទិសខាងជើង លុះដល់កែងផ្លូវលេខ២០៨ ក្បែរភោជនីយដ្ឋានស៊ាវស៊ាវ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ស្រាប់តែបុកម៉ូតូសង់កូរ៉េ ពីក្រោយបណ្តាលឱ្យអ្នកបើកម៉ូតូប៉ើងរួចធ្លាក់សន្លប់ ។ បន្ទាប់មករថយន្តបន្ថែមល្បឿនបើកទៅមុខទៀតបណ្តាលឱ្យបុកម៉ូតូមួយគ្រឿងទៀត និងរេចង្កូតបុករបាំងថ្មចែកផ្លូវប៉ើងអស់១៤កង់ ។ ភ្លាមនោះរថយន្តដាក់លេខថយក្រោយព្យាយាមបើកគេច លុះបានប្រហែល១០០ម៉ែត្រ ទើបឈប់ដោយសារបែកកង់មុខក្រោយអស់៣ ។ នៅពេលរថយន្តហាយឡែនឌ័រ ឈប់នោះគេឃើញយុវជនប្រុសស្រី៥នាក់បើកទ្វារចេញមកខាងក្រៅ ហើយនាំគ្នាគេចខ្លួនបាត់អស់ ។
សមត្ថកិច្ចដែលទៅកន្លែងកើតហេតុឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះរុំ រ៉ែន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល របួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត និងឈ្មោះឆេង ណុប ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា របួសស្រាល ។ក្រោយពីសមត្ថកិច្ចជំនាញវាស់វែងរួចរថយន្តបង្ក និងម៉ូតូ២គ្រឿងត្រូវបញ្ជូនទៅការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ៕



ចែករំលែកព័តមាននេះ