រាជធានីភ្នំពេញ ៖ មនុស្ស៤នាក់រងរបួសធ្ងន់ និងរថយន្តម៉ាកកូរ៉ូឡា រងការខូចខាតយ៉ាងដំណំ ដោយសារអ្នកបើករថយន្តបើករេចង្កូតទៅបុកផ្ទប់ជាមួយដើមឈើ ។ ហេតុការណ៍នេះកើតឡើងនៅតាមមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ឧសភា ២០១២។
មនុស្ស៤នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បានរងរបួស និងសន្លប់ស្តូកស្តឹងបន្ទាប់ពីអ្នកខ្លះលូនចេញផុតពីរថយន្ត និងអ្នកខ្លះទៀតកៀបជាប់នៅក្នុងរថយន្ត ។ ក្នុងចំណោមមនុស្សទាំង៤នាក់ដែលរងរបួស គឺអ្នកបើករថយន្តរបួសស្រាលជាងគេ ដោយសារបានពោងការពារសុវត្ថិភាពជួយទប់ ។
សាក្សីនិយាយថា រថយន្តម៉ាកកូរ៉ូឡា បើកតាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច លុះដល់មុខស្ថានទូតចិនរេចង្កូតប៉ះគ្នាជាមួយរថយន្តផ្សេងដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យអ្នកបើករថយន្តកូរ៉ូឡា ទាញចង្កូតងាកចេញទៅខាងស្តាំដៃជ្រុលទៅបុកដើមអង្កាញ់ ស្រុញខ្លួនទៅណាលែងរួច ។ មនុស្ស៤នាក់ដែលជិះក្នុងរថយន្តរងរបួសទាំងអស់គ្នា ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ ចំណែកឯរថយន្តដែលប៉ះគ្នានោះបើកគេចទៅបាត់ ។
ប៉ូលិសបានទៅពិនិត្យកន្លែងកើតហេតុនិយាយថា អ្នកបើករថយន្តកូរ៉ូឡានោះគឺបើកលឿនខ្លាំងណាស់ ។ ប៉ូលិសបានស្ទូចរថយន្តទៅរក្សាទុកនៅសាលារាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕




ចែករំលែកព័តមាននេះ