ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូរ៉េ​ប្រារព្ធ​​ខួប​កំណើត​25​ឆ្នាំ​ជា​មួយ​ជ័យ​ជម្នះ​ក្នុង​ជុំ​ទី​2​ប្រកួត​តឺន្នីស Internazionali BNL d’Italia

14 ឆ្នាំ មុន

កីឡា​ករ​​លំ​ដាប់​​ទី​​៤​​ពិភព​លោក​​​សញ្ជាតិ​​អង់​​គ្លេស​​អ៊ែន​​ឌី មូ​រ៉េ​​កាល​​ពី​​ថ្ងៃ​​​ទី​​១៥​ឧស​ភា​បាន​យក​ឈ្នះ​កីឡាករ​អា​ហ្សង់​ទីន​ David Nalbandian​ក្នុង​លទ្ធផល​ពិន្ទុ​ ៦-១​,៤-៦​និង​៧-៥​ឆ្លង​ផុត​ជុំ​ទី​២​កម្ម​វិធី​ Internazionali BNL d’Italiaដោយ​ក្តី​រីក​រាយ​។ ជ័យ​ជម្នះ​នៅ​ទី​ក្រុង​រ៉ូម​នេះ​គឺ​ជា​កា​ដូ​ខួប​កំណើត​២៥​ឆ្នាំ​របស់​គេ​ផង​ដែរ ។​

មូ​រ៉េ​ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ​បាន​ឆ្លង​ចូល​ដល់​ត្រឹម​តែ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ​បាន​យក​ឈ្នះ​ការ​ប្រ​កួត​លើក​នេះ​យ៉ាង​ត្រ​ដាប​ត្រ​ដួស​ជា​ពិសេស​ក្នុង​សិត​ទី​​២​ដែល​គេ​បាន​ចាញ់​ពិន្ទុ​ Nalbandian ទាំង​ស្រុង​។ មូ​រ៉េ​បាន​ប្រើ​ពេល​អស់​២​ម៉ោង​និង​៣៧​នា​ទី​ទើប​អាច​បញ្ចប់​​ការ​ប្រ​កួត​បាន​។ សម្រាប់​ពួក​គេ​​ទាំង​ពីរ​នាក់​ វា​ជា​ការ​ជួប​គ្នា​លើក​ដំ​បូង​ហើយ​នៅ​លើ​តារាង​ប្រ​កួត​ដី​ឥដ្ឋ​។

​ថ្លែង​បន្ទាប់​ពី​ឈ្នះ​ការ​ប្រ​កួត​ មូ​រ៉េ​បញ្ជាក់​ថា​៖«ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឈ្នះ​ការ​ប្រ​កួត​លើក​នេះ​។ ជ័យ​ជម្នះ​លើក​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រ​កួត​របស់​ខ្ញុំ​ពីរ​បី​សប្តាហ៍​កន្លង​ទៅ​នេះ​។ វា​ពិត​ជា​មិន​មាន​អា​រម្មណ៍​ល្អ​ នៅ​ពេល​ដែល​យើង​មិន​អាច​វាយ​កូន​បាល់​បាន​ច្រើន​នោះ​។ សង្ឃឹម​ថា ការ​ប្រ​កួត​របស់​ខ្ញុំ​នឹង​ចាប់​ផ្តើម​ល្អ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ »។​

ឯកីឡាករ​ Nalbandian ការ​បរា​ជ័យ​លើក​នេះ​បាន​ធ្វើ​ឱ្យ​គេ​អស់​សង្ឃឹម​ជា​ខ្លាំង​។ កាល​ពី​ឆ្នាំ​២០០៤​ គេ​ធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទី​នេះ​។ កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក ណូ​វ៉ាក់ យ៉ូ​កូ​វិច​ក៏​បាន​ឡើង​ទៅ​ជុំ​ទី​៣​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​ក្រោយ​ពី​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​អូ​ស្ត្រា​លីBernard Tomicក្នុង​លទ្ធផល​៦-៣​និង​៦-៣​។

​ឯ​លទ្ធផល​នៃ​ការ​ប្រ​កួត​គូ​ផ្សេង​ទៀត​មាន​ដូ​ច​ជា កីឡាករ​អេស្ប៉ាញ David Ferrerយក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​ Fernando Verdasco ក្នុង​លទ្ធផល​ ៦-៣​និង​៧-៦​ ខណៈ​កីឡាករ​បា​រាំង​Jo-Wilfried Tsongaយក​ឈ្នះ​កីឡាករ​ Viktor Troickiក្នុង​លទ្ធផល ៦-៣​និង​៦-២​។

ចំណែក​លទ្ធផល​នៃ​ការ​ប្រ​កួត​ផ្នែក​នា​រី​វិញ កីឡាការិនី​ការ​ពា​រ​ជើង​ឯក​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​ប្រើ​ពេល​អស់​ជិត​២​ម៉ោង​១៥​នា​ទី​ទើប​អាច​យក​ឈ្នះ​កីឡាការិនី​អា​មេរិក Christina McHaleក្នុង​លទ្ធផល​៧-៥​និង​៧-៥​។ សម្រប​ពេល​ជា​មួយ​គ្នានោះ​ដែរ កីឡាការិនី​ឆែក​ប៉េត្រា គ្វី​តូ​វ៉ា​បាន​យក​ឈ្នះ​កីឡាការិនី​រុស្ស៊ី​ Anastasia Pavlyuchenkovaក្នុង​លទ្ធផល​៧-៥​និង​៦-៤​។ ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត​៌​មាន AFP  គ្វី​តូ​វ៉ា​បញ្ជាក់​ថា​៖«ខ្ញុំ​ទទួល​ស្គាល់​ថា នៅ​មុន​ការ​ប្រ​កួត​ខ្ញុំ​ភ័យ​បុក​ពោះ​បន្តិច​ដែរ​ដ្បិត​អី​ខ្ញុំ​ធ្លាប់​បរ​ាជ័យ​ក្រោម​ថ្វី​ដៃ​នាង​កាល​ពី​ការ​ជួប​គ្នា​ចុង​ក្រោយ​របស់​ពួក​យើង​។ ខ្ញុំ​មាន​អា​រម្មណ៍​មិន​ល្អ​សោះ តែ​ពេល​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឈ្នះ​ការ​ប្រ​កួត​នេះ​។

ខ្ញុំ​នៅ​ត្រូវ​ការ​ពេល​ច្រើន​ទៀត​ដើម្បី​រៀន​សូត្រ​ពី​បច្ចេក​ទេស​ប្រ​កួត​នៅ​លើ​តារាង​ដី​ឥដ្ឋ​។ យើង​មិន​អាច​ឈរ​នៅ​ចម្ងាយ​២​ម៉ែត្រ​ពីគំ​នូស​ខ្សែ​វាយ​សឺ​វីស​ទេ​»៕