រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុង ពណ៌សមួយគ្រឿង បានបើកធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារកង់ ហើយព្រូរថយន្តម្នាក់រងរបួសបានត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ឧសភា នៅតាមផ្លូងជាតិលេខ៦ ត្រង់ស្ពានទី១០ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌប្ញស្សីកែវ ។
រថយន្តដែលក្រឡាប់នេះ ដឹកម៉ាសីុនបូមទឹក ទុយោ និងស័ង្កសី ពីភ្នំពេញទៅខេត្តក្រចេះ បើកបរដោយឈ្មោះ មុំ វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិប្ញស្សី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ រួមដំណើរដោយព្រូម្នាក់ឈ្មោះ សាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ។ តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តមួយគ្រឿងនេះ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ចេញពីភ្នំពេញក្នុងគោលបំណងទៅខេត្តក្រចេះទាំងយប់ ។ នៅពេលធ្វើដំណើរដល់ចំណុចខាងលើ ស្រាប់តែរថយន្តរេចង្កូតទៅស្តាំ ហើយធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារកង់ឡើងលើ នៅលើផ្លូវដីដែលកំពុងស្ថាបនាកិនបង្ហាប់ ។
តាមអ្នកបើកបររថយន្តឱ្យដឹងថា មូលហេតុដែលក្រឡាប់នេះ ដោយសារតែមានរថយន្តមួយគ្រឿងទៀត ធ្វើដំណើរមកពីមុខ ហើយងាកចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង ប៉ុន្តែតាមមន្ត្រីប៉ូលិសនិយាយថា អ្នកបើកបរស្ថិតនៅក្នុងសភាពស្រវឹង ។ បន្ទាប់ពីក្រឡាប់ ម្ចាស់បានហៅរថយន្តប៉ូលិសចរាចរណ៍ចុះទៅស្ទូចទាំងយប់ តែស្ទូចយកពុំបាន ។ លុះព្រឹកឡើងម្ចាស់បានជួលរថយន្តសន្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ព្រោះពុំបង្កឱ្យអ្នកដំណើររងរបួសឡើយ ៕



ចែករំលែកព័តមាននេះ