កីឡាករអេស្ប៉ាញ Joaquim Rodriguezបានក្លាយជាអ្នកនាំមុខគេនៅលើតារាងថិរវេលាសរុបក្រោយពីបានយកឈ្នះដំណាក់ទី១០ប្រណាំងកង់កម្មវិធី Tour of Italyឬ Giro d’Italiaនៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី១៥ខែសភា ។ ការប្រណាំងក្នុងដំណាក់នេះបញ្ចប់នៅទីក្រុង Assisiប្រទេសអ៊ីតាលី ។
Rodriguezដែលជិះកង់ឱ្យក្រុមKatusha Teamបានយកឈ្នះដំណាក់មានចម្ងាយផ្លូវ១៨៧គីឡូម៉ែតចេញដំណើរពីទីក្រុង Civitavecchiaឆ្ពោះទៅកាន់ទីក្រុង Assisi ប្រទេសអ៊ីតាលីដោយប្រើអស់ថិរវេលា៤ម៉ោង២៥នាទីនិង៥វិនាទីយកឈ្នះកីឡាករប៉ូឡូញ Bartosz Huzarskiជិះឱ្យក្រុមTeam NetAppដែលបានប្រើថិរវេលាច្រើនជាង២វិនាទី និងឈ្នះកីឡាករម្ចាស់ផ្ទះ Giovanni Viscontiរបស់ក្រុម Movistar Teamដែលបានប្រើថិរវេលាច្រើនជាងស្មើជាមួយកីឡាករHuzarski ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Rodriguezបញ្ជាក់ថា៖«នេះជាជ័យជម្នះក្នុងដំណាក់ដ៏សំខាន់មួយ។ ខ្ញុំដឹងថា ជ័យជម្នះលើកនេះជាពិសេសក្នុងដំណាក់ពិតជាសមនឹងរូបខ្ញុំខ្លាំងណាស់។ នៅពេលដែលយើងបញ្ចប់ការប្រណាំងក្នុងលក្ខណៈបែបនេះ វាគឺជាប្រៀបមួយ។ យើងអាចទាញយកផលប្រយោជន៍ពីវាបាន»។ ជ័យជម្នះលើកនេះសម្រាប់កីឡាករRodriguezគឺពិតជាសំខាន់ខ្លាំងណាស់ដ្បិតវាបានជួយឱ្យគេនាំមុខនៅលើតារាងពេលវេលាសរុប។
ឆ្លងកាត់ការប្រណាំងចំនួន១០ដំណាក់មកនេះ Rodriguezប្រើអស់ថិរវេលាសរុបតិចជាងគេបំផុតគឺ៤០ម៉ោង២៧នាទីនិង៣៤វិនាទីនាំមុខកីឡាករកាណាដា Ryder Hesjedalដែលប្រើថិរវេលាច្រើនជាង១៧វិនាទី។ ឯកីឡាករម្ចាស់ផ្ទះ Paolo Tiralongoស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាង៣២វិនាទី ។សម្រាប់កីឡាករវ័យ៣៣ឆ្នាំ Rodriguezនេះគឺជាលើកទី១ហើយដែលរូបគេនាំមុខនៅលើតារាងថិរវេលាសរុប ។
ការប្រណាំងកម្មវិធី Tour of Italyឬ Giro d’Italiaឆ្នាំនេះមាន២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៤៧៦គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី១១ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ២៤៣គីឡូម៉ែត្រដោយការប្រណាំងចាប់ចេញដំណើរពីទីក្រុង Assisiទៅកាន់ទីក្រុង Montecatini Termeប្រទេសអ៊ីតាលី ៕
ចែករំលែកព័តមាននេះ